ជាតិ
​​​ន​យោ​បាយ​ជាតិ​
ស៊ើបអង្កេត​លើក​ទី​ពីរ​៖ សមត្ថកិច្ច នៅតែ​រកឃើញថា លោក ទិ​ត រ៉​ន ស្លាប់​ក្នុង​គុក ព្រោះ​ដួល​ប៉ះ​ក្បាល​
14, Jun 2019 , 5:59 pm        
រូបភាព
សពលោក ទិត រ៉ន ដែលត្រូវបានបញ្ជូនទៅដល់ផ្ទះ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩
សពលោក ទិត រ៉ន ដែលត្រូវបានបញ្ជូនទៅដល់ផ្ទះ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩
ដោយ: ថ្មីៗ
​ក្រោយ​បញ្ចប់​ការស៊ើបអង្កេត គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម បាន​សន្និដ្ឋានថា លោក ទិ​ត រ៉​ន សកម្មជន​នៃ​អតីត​គណបក្សប្រឆាំង ពិតជា​បាន​ស្លាប់​ដោយសារតែ​ដួល​បោក​ក្បាល​ក្នុង​បន្ទប់ទឹក​នៃ​ពន្ធនាគារ​មែន គឺ​មិនមែន​ដោយសារតែ​ការធ្វើ​ទារុណកម្ម​ពី​មន្ត្រី​ពន្ធនាគារ​ដូច​ការចោទប្រកាន់​ឡើយ​។ ការសន្និដ្ឋាន​របស់​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​ប្រឆាំង​ទារុណកម្ម គឺ​ដូចនឹង​ការសន្និដ្ឋាន​របស់​ស្នងការ​ខេត្តកំពង់ចាម​នាពេល​កន្លងមក​។​

 

 
អត្ថបទទាក់ទង


​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម បាន​សេចក្តីថ្លែងការណ៍​មួយ នៅ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩ ស្តីពី​លទ្ធផល​នៃ​ការចុះទៅ​ស៊ើបអង្កេត​របស់ខ្លួន ទៅលើ​មរណភាព​របស់លោក ទិ​ត រ៉​ន សកម្មជន​នៃ​អតីត​គណបក្សប្រឆាំង នៅក្នុង​ពន្ធនាគារ​ខេត្ត​ក​កំពង់ចាម (​ពន្ធនាគារ​វត្ត​ឃ្មួ​ង )​។

គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម អះអាងថា ក្នុងការ​ស៊ើបអង្កេត​នេះ មន្ត្រី​របស់ខ្លួន បាន​ចុះទៅ​សម្ភាស​ម្តាយ​របស់លោក ទិ​ត រ៉​ន ដល់​គេហដ្ឋាន​តែម្តង ព្រមទាំង​បាន​សួរ​មេភូមិ​និង​អ្នកជិតខាង​ផងដែរ​។ លើសពីនេះ មន្ត្រី​របស់​គណៈកម្មាធិកា​រ​ជាតិ​ប្រឆាំង​ទារុណកម្ម បាន​សួរ​អ្នក​ជាប់ឃុំ​ជាមួយ​លោក ទិ​ត រ៉​ន និង បាន​យក​កាមេរ៉ា​សុវត្ថិភាព មក​មើល​ថែមទៀត​។ 
 
​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម រៀបរាប់ថា លោក ទិ​ត រ៉​ន ដែលមាន​លំនៅដ្ឋាន​នៅ​ភូមិ ភូមិ​វត្ត ឃុំ​ទួល​ព្រះ​ឃ្លាំង ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ត្រូវ​សមត្ថកិច្ច​ចាប់បាន នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៩​។ តុលាការ បានចេញ​ដីកា តាំងពី​អំឡុង​ខែកក្កដា ឆ្នាំ​២០១០ មកម្ល៉េះ (​ជិត​១០​ឆ្នាំ​) ដើម្បី​ឲ្យ​សមត្ថកិច្ច​តាម​ចាប់​លោក ទិ​ត រ៉​ន យកទៅដាក់​ពន្ធនាគារ​១​ឆ្នាំ ពីបទ​បង្ក​របួសស្នាម​ដោយ​ចេតនា​។ ប៉ុន្តែ លោក បាន​រត់គេចខ្លួន​។​
 
​ក្រោយ​ចាប់បាន សមត្ថកិច្ច បញ្ជូន​លោក ទិ​ត រ៉​ន ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម នៅ​រសៀល​ថ្ងៃទី​១៦ ខែមេសា​ដដែល​។
 
​រហូតដល់​ព្រឹក​ថ្ងៃទី​១៧​ខែមេសា លោក ទិ​ត រ៉​ន មាន​អាការ​ញ័រ​ខ្លួន ដើរ​មិន​ចង់​រួច និង​ឆ្លេឆ្លា ហើយក៏​បាន​ដើរចូល​ទៅក្នុង​បន្ទប់ទឹក​។ សកម្មភាព​របស់លោក ទិ​ត រ៉​ន ត្រង់​កន្លែង​នេះ ត្រូវបាន​គណៈកម្មាធិកា​រ​ជាតិ​ប្រឆាំង​ទារុណកម្ម អះអាងថា បាន​មើល​កាមេរ៉ា​សុវត្ថិភាព​។ 
 
​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម បន្តថា តាមរយៈ​កាមេរ៉ា​សុវត្ថិភាព មាន​អ្នក​ជាប់ឃុំពីរនាក់ផ្សេងទៀត ដែលមើលទៅដូចជា​ភ័យ​និង​ឆ្លេឆ្លា ហើយ​ក៏បាន​ស្រែកហៅ​ឲ្យ​គេ​ទៅ​ជួយលោក ទិត រ៉ន​។ បន្តិចក្រោយមក ពួកគេ ក៏បាន​នាំគ្នា ទៅ​ជួយ​លើក លោក ទិ​ត រ៉​ន ដែល​ដួល​ក្នុង​បន្ទប់ទឹក​។ 
 
​សាក្សី​ម្នាក់​ឈ្មោះ ម៉េង អេង ដែល​ជាប់ឃុំ​ជាមួយ​លោក ទិ​ត រ៉​ន បាន​ប្រាប់​មន្ត្រី​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម​ថា លោក ទិ​ត រ៉​ន ដួល​ផ្កាប់មុខ​បោក​នឹង​គែម​បង្គន់ ហើយ​លោក និង អ្នក​ជាប់ឃុំ​ម្នាក់ទៀត បាន​ជួយសង្គ្រោះ​បឋម រហូត​លោក ទិ​ត រ៉​ន បានដឹងខ្លួន​វិញ​។ ពេល​ដឹងខ្លួន មន្ត្រីនគរបាល ក៏បានរំ​របួស​ឲ្យ​លោក ទិ​ត រ៉​ន​។ 
 
​ដល់​ល្ងាច​ថ្ងៃទី​១៧ ខែមេសា​ដដែល  សមត្ថកិច្ច ក៏​បញ្ជូន​លោក ទិ​ត រ៉​ន ចេញពី​មន្ទីរឃុំឃាំង​នៃ​ស្នងការ​ខេត្តកំពង់ចាម ទៅកាន់​ពន្ធនាការ​ខេត្តកំពង់ចាម​។ ដោយ​ឃើញ លោក ទិ​ត រ៉​ន មាន​របួស​នៅ​ចុង​ចិញ្ចើម​ខាងស្តាំ មន្ត្រី​ពន្ធនាគារ ក៏​នាំទៅ​កាន់​ប៉ុស្តិ៍​សុខភាព ដើម្បី​តាមដាន​សុខភាព​។ 
 
​នៅ​ថ្ងៃទី​១៨ ខែមេសា អ្នក​ជាប់ឃុំ​១០​នាក់ បានឃើញ​លោក ទិ​ត រ៉​ន ក៏មាន​សភាព​ឆ្លេឆ្លា រត់​ទៅបុក​ទ្វារ និង​ជញ្ជាំង​បន្ទប់ទឹក ហើយ​ពេល​ចេញពី​បន្ទប់ទឹក ក៏មាន​ឮ​សំឡេង​។ ពេលនោះ ពួកគេ បាន​ស្ទុះ​ទៅ​មើល ក៏​ឃើញ​លោក ទិ​ត រ៉​ត ដួល​ផ្ងារ​ក្រោយ​។ គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម អះអាងថា មន្ត្រី​របស់ខ្លួន បានទទួល​ការបំភ្លឺ​បែបនេះ​ពី​អ្នក​ជាប់ឃុំ​ទាំង​១០​នាក់​។
​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម បន្ថែមថា អ្នក​ជាប់ឃុំ​ជាមួយគ្នា បានឃើញ​លោក ទិ​ត រ៉​ន ចេញ​លាមក​និង​ទឹកនោម ក៏បាន​យកទៅ​លាង​សម្អាត ហើយដោយ​ឃើញ​លោក ទិ​ត រ៉​ន កាន់​តែមាន​សភាព​ស្លេក​ទៅៗ ពួកគេ ក៏​ស្រែកហៅ​មន្ត្រី​ពន្ធនាគារ​ឲ្យ​ទៅ​ជួយ ប៉ុន្តែ ជា​អកុសល ពេលនោះ លោក ទិ​ត រ៉​ន បាន​ស្លាប់​ទៅហើយ​។​
 
​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម សរសេរ​ក្នុង​សេចក្តីថ្លែងការណ៍​យ៉ាង​ដូច្នេះ​ថា «​កំណត់ហេតុ​នៃ​ការពិនិត្យ​សាកសព ពី​មន្ត្រីនគរបាល​បច្ចេកទេស មន្ត្រី​ពន្ធនាគារ និង​ព្រះរាជអាជ្ញា​ខេត្តកំពង់ចាម បាន​បញ្ជាក់ថា លោក ទិ​ត រ៉​ន ពិតជា​បាន​ស្លាប់​ដោយ​ដួល​បោក​ទង្គិច​ចំក្បាល​ធ្ងន់ធ្ងរ​ពិតប្រាកដ​មែន​»​។ 
 
​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម ច្រានចោល​ថា លោក ទិ​ត រ៉​ន មិនមែន​ស្លាប់​ដោយសារ​មន្ត្រី​មាន​សមត្ថកិច្ច​ថ្នាក់​ណាមួយ ធ្វើ​ទារុណកម្ម​នោះទេ​។ 
 
​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម បញ្ជាក់ថា តាមរយៈ​ការជួប​សម្ភាស​ជាមួយ​អ្នកជិតខាង មេភូមិ និង​ម្តាយ​របស់លោក ទិ​ត រ៉​ន គឺ​លោក ទិ​ត រ៉​ន ជា​មនុស្ស​ញៀន​ស្រា ដល់​កម្រិត​ដុះ​មេ ដែល​តម្រូវ​ឲ្យ​គាត់​ពិសា​ស្រា​ជា​រៀងរាល់ថ្ងៃ ដែល​នេះ​ជា​មូលហេតុ​ធ្វើ​ឲ្យ​គាត់​បាត់​ភាពម្ចាស់ការ​លើ​ខ្លួនឯង​។  
 
​ការចុះទៅ​ស្រាវជ្រាវ​របស់​គណៈកម្មាធិកា​រ​ជាតិ​ប្រឆាំង​ទារុណកម្ម គឺធ្វើឡើង​បន្ទាប់ពី​ក្រុមគ្រួសារ និង​អ្នកប្រឆាំង​មួយចំនួន ដោយមាន​ទាំង​លោក សមរង្ស៊ី ផងដែរ ដាក់​ការសង្ស័យថា លោក ទិ​ត រ៉​ន បាន​បាត់​បង់ជីវិត ដោយសារតែ​មន្ត្រី​ពន្ធនាគារ​វាយ​ធ្វើបាប​។ 
 
​លោក សម រង្ស៊ី បាន​ហៅ​មរណភាព​របស់លោក ទិ​ត រ៉​ន ថា​ជា​ឃាតកម្ម​នយោបាយ​មួយ​ថ្មី​ទៀត​នៅ​កម្ពុជា​។ លោក បាន​បង្ហោះ​វីដេអូ​ឃ្លី​ប​មួយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក ដែល​បង្ហាញ​ពី​ទិដ្ឋភាព​សព​របស់លោក ទិ​ត រ៉​ន ក្រោយ​បញ្ជូន​ទៅផ្ទះ ដើម្បី​រៀបចំ​ធ្វើបុណ្យ​។ តាមរយៈ​វីដេអូ​នោះ គេ ឃើញ​ស្លាកស្នាម​មួយចំនួន​លើ​សាកសព ដូច​លើ​ភ្នែក​ខាងស្តាំ និង​នៅ​ម្តុំ​កញ្ចឹងក ជាដើម​។ 
 
​លោក អៀម ទិ​ត ដែលជា​ឪពុក​របស់លោក ទិ​ត រ៉​ន អំពាវនាវ ក្នុង​វីដេអូ​នោះ​ថា «​អំពាវនាវ​ទៅ​តុលាការ អង្គការ​ជាតិ​-​អន្តរជាតិ ជាពិសេស​អ្នកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ មេត្តាជួយ​រក​យុត្តិធម៌​ជូន​ខ្ញុំ​ផង​»​។ ពេលនោះ អ្នកស្រី​ស្មី​ត កំពុង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​។​
 
​ចំណែក ក្រសួងការបរទេស​អា​មេ​រិ​ក ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​ផងដែរ ដោយ​ស្នើ​ឲ្យមានការ​ស៊ើបអង្កេត​ឯករាជ្យ​លើ​មរណភាព​របស់លោក ទិ​ត រ៉​ន​។​

​ក្រោយ​ការស្លាប់របស់លោក ទិ​ត រ៉​ន លោក ឯម កុសល ស្នងការ​ខេត្តកំពង់ចាម បានសរសេរ​របាយការណ៍​ជូន​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​។ ក្នុង​របាយការណ៍​នោះ លោក ឯក កុសល ប្រាប់លោក នេ​ត សាវឿន ថា លោក ទិ​ត រ៉​ន ស្លាប់​ដោយសារ​ដួល​ហើយ​ប៉ះទង្គិច​ក្បាល មិនមែន​សមត្ថកិច្ច ធ្វើ​ទារុណកម្មឡើយ៕ 

Tag:
 ទិ​ត រ៉​ន
© រក្សាសិទ្ធិដោយ thmeythmey.com