កីឡាអន្តរជាតិ
អន្តរជាតិ
World Cup នារី​៖ កាណាដា អាមេរិក រួមជាមួយ​អឺរ៉ុប​៦​ក្រុម​បាន​កៅអី​ទៅ​វគ្គ​១៦​ក្រុម​
17, Jun 2019 , 11:01 am        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​នារី​ទាំង​២៤​ប្រទេស​បានបញ្ចប់​ការប្រកួត​លើក​ទី​ពីរ​តាម​ពូ​ល​នីមួយៗ​ពី A ដល់ F នៃ​ពានរង្វាន់​ពិភពលោក FIFA Women's World Cup ឆ្នាំ​២០១៩ រួចរាល់​ហើយ ដោយ​ក្នុង​នោះគេ​រកឃើញ​ក្រុម​ចំនួន​៨​អាច​ឈានទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ ខណៈ​កៅអី​សម្រាប់​៨​ក្រុម​ទៀត​ត្រូវ​កាត់សេចក្តី​នៅ​ជំនួប​ចុងក្រោយ​។​


 
អត្ថបទទាក់ទង
 
​ម្ចាស់ផ្ទះ​បារាំង អាល្លឺម៉ង់ អ៊ីតាលី អង់គ្លេស ហូ​ឡង់ កាណាដា ស៊ុយអែត និង​ម្ចាស់​ជើងឯក​ចាស់​អាមេរិក សុទ្ធតែ​បាន​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល​រៀងខ្លួន ក្រោយ​ប្រកួត​ឈ្នះ​ទាំង​២​ប្រកួត​។​
​មាន់គក​បារាំង​ទទួលបាន​៦​ពិន្ទុ​នាំ​មុនគេ​ក្នុង​ពូ​ល A ស្របពេល​ដែល​ន័​រ​វែ​ស (៣​ពិន្ទុ​) និង​នី​ហ្សេ​រី​យ៉ា (៣​ពិន្ទុ​) ត្រូវ​ដណ្តើម​គ្នា​យក​លេខ​២​ឬ​លេខ​៣​ល្អ​បំផុត​សម្រាប់​ជំនួប​ចុងក្រោយ ខណៈដែល​កូរ៉េខាងត្បូង​ហាលអាវ​។ ជំនួប​ចុងក្រោយ​កូរ៉េខាងត្បូង​ប៉ះ​ន័​រ​វែ​ស ហើយ​បារាំង​ជួប​នី​ហ្សេ​រី​យ៉ា​។​
 
​ពូ​ល B ឥន្ទ្រី​ដែក​អាល្លឺម៉ង់​មាន​៦​ពិន្ទុ នាំមុខ​អេ​ស្ប៉ា​ញ​និង​ចិន​ដែលមាន​៣​ពិន្ទុ​ដូចគ្នា មានឱកាស​ក្នុងជំនួប​ចុងក្រោយ​ដើម្បី​ដណ្តើមយក​លេខ​២ ឬ​លេខ​៣​ល្អ​បំផុត រីឯ​អា​ហ្រ្វិក​ខាងត្បូង​នៅ​បាត​តារាង​មាន​សូន្យ​ពិន្ទុ​អស់សិទ្ធិ​ទៅ​វគ្គ​បន្ត​។ ជំនួប​ចុងក្រោយ ចិន​ជួប​អេ​ស្ប៉ា​ញ ហើយ អា​ហ្រ្វិក​ខាងត្បូង​ប៉ះ​អាល្លឺម៉ង់​។​
 
​អ៊ីតាលី​នាំមុខគេ​នៅ​ពូ​ល C មាន​៦​ពិន្ទុ តាម​ពីក្រោយ​ដោយ​ប្រេ​ស៊ី​ល និង​អូស្ត្រាលី​មាន​៣​ពិន្ទុ​ដូចគ្នា​សល់​ឱកាស​នៅ​ប្រកួត​ចុងក្រោយ រីឯ​ហ្សា​ម៉ា​អ៊ី​ក​ដែលមាន​សូន្យ​ពិន្ទុ​ត្រូវ​ហាលអាវ​។ ការប្រកួត​លើក​ទី​៣ អ៊ីតាលី​ប៉ះ​ប្រេ​ស៊ី​ល ខណៈ​ហ្សា​ម៉ា​អ៊ី​ក​ជួប​អូស្ត្រាលី​។​
 
​ពូ​ល D តោ​កំណាច​អង់គ្លេស​ឈរ​នៅ​កំពូល​តារាង​មាន​៦​ពិន្ទុ​ពេញ​ពី​ការប្រកួត​២​លើក តាម​ពីក្រោយ​ដោយ​ជប៉ុន​ដែលមាន​៤​ពិន្ទុ និង​អា​ហ្ស​ង់​ទីន​១​ពិន្ទុ ចំណែក​ស្កុ​តឡែ​ន​នៅ​បាត​តារាង​ក្រោយ​បរាជ័យ​ទាំងពីរ​ប្រកួត​ត្រូវ​ត្រឡប់ទៅផ្ទះ​វិញ​។ បើ​ទោះ​អា​ហ្ស​ង់​ទីន​មាន​តែមួយ​ពិន្ទុ​តែ​ពួកគេ​នៅមាន​ឱកាស​ដណ្តើម​ចំណាត់ថ្នាក់​ទី​២​ពី​ជប៉ុន​នៅ​ប្រកួត​ចុងក្រោយ ស្រប​ពេលដែល​ជប៉ុន​ក៏​អាច​ដណ្តើម​តំណែង​កំពូល​តារាង​ពី​អង់គ្លេស​ដូចគ្នា​។ ជំនួប​ចុងក្រោយ​សា​ម៉ូ​រ៉ៃ​ជប៉ុន​តតាំង​ជាមួយ​អង់គ្លេស ខណៈ​ស្កុ​តឡែ​ន​ប៉ះ​អា​ហ្ស​ង់​ទីន​។​
 
​នៅ​ពូ​ល E ឯណោះ​វិញ ហូ​ឡង់ និង​កាណាដា​ចាប់ដៃគ្នា​ទៅ​វគ្គ​១៦​ក្រុម​ក្រោយ​ឈ្នះ​ទាំងពីរ​ប្រកួត​ដូចគ្នា ស្របពេល​កា​មេ​រូ​ន និង​នូ​វែ​ល​សេ​ឡង់​ហាលអាវ​។ ហូ​ឡង់ ត្រូវ​តតាំង​ជាមួយ​កាណាដា​ដើម្បី​តំណែង​កំពូល​តារាង​នៅ​ជំនួប​តាម​ពូ​ល​ចុងក្រោយ រីឯ​កា​មេ​រូ​ន និង​នូ​វែ​ល​សេ​ឡង់​ត្រូវ​លេង​ប​ង្រ្គប់​កិច្ច​។​
 
​ដោយឡែក​ពូ​ល F ក៏​មិន​ខុសពី​ពូ​ល E ដែរ​។ ម្ចាស់​ការពារ​តំណែង​ជើងឯក​ឆ្នាំ​២០១៥ អាមេរិក រួមជាមួយ​ស៊ុយអែត​សុទ្ធ​តែ​បាន​កៅអី​ទៅ​វគ្គ​ខ្វែង​ក្រោយ​ឈ្នះ​ទាំងពីរ​ប្រកួត​ដូចគ្នា​។ ស៊ី​លី និង​ថៃដែល​ជា​ក្រុម​ពី​តំបន់​អាស៊ាន​តែមួយគត់​បាន​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍​នេះត្រូវ​ហាលអាវ ហើយ​ក្រុម​ទាំងពីរ​ក៏ត្រូវ​ប៉ះគ្នា​នៅ​ជំនួប​បង្គ្រប់កិច្ច​ផងដែរ​។ អាមេរិក និង​ស៊ុយអែត​ក៏ត្រូវ​ប្រជែង​គ្នា​ដើម្បី​តំណែង​កំពូល​តារាង​។​
 
​សូមបញ្ជាក់ថា ព្រឹត្តិការណ៍​ដណ្តើមពាន​រង្វាន់​កីឡាបាល់ទាត់​ពិភពលោក​ផ្នែក​នារី​ឆ្នាំ​២០១៩ ដែល​បារាំង​ដឹកនាំ​ធ្វើ​ម្ចាស់ផ្ទះ មាន​ក្រុម​ពី​២៤​ប្រទេស​ចូលរួម និង​ចែកជា​៦​ពូ​ល​។ ក្រុម​លេខ​១ និង​លេខ​២​តាម​ពូ​ល​នីមួយៗ​ទទួលបាន​កៅអី​ទៅ​វគ្គ​បន្ត សរុប​ចំនួន​១២​ក្រុម ខណៈ​៤​ក្រុម​ទៀត ត្រូវ​ជម្រើស​យក​ក្រុម​ដែលមាន​ចំណាត់ថ្នាក់​លេខ​៣​ល្អ​បំផុត​នៃ​ពូ​ល​ទាំង​៦៕

Tag:
 បាល់ទាត់​
  World Cup Women
© រក្សាសិទ្ធិដោយ thmeythmey.com