ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន ប្រាប់លោក លី សៀនឡុង ថា «ទុកអតីតកាលជារបួសចាស់ចុះ កុំទៅឆ្កឹះ ហើយយើងកាន់ដៃគ្នាទៅមុខ»
23, Jun 2019 , 3:48 pm        
រូបភាព
រូបពីក្រសួងព័ត៌មាន
រូបពីក្រសួងព័ត៌មាន
ពេលទៅប្រជុំកំពូលអាស៊ានលើទី៣៤ នៅប្រទេសថៃ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និង លោក លី សៀនឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី បានឆ្លៀតជួបគ្នាដោយឡែក នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩នេះ។ ការទាស់សម្តីគ្នារវាងមេដឹកនាំទាំងពីរកន្លងមក ត្រូវបានបញ្ចប់ ក្រោមជំនួបនេះ។



នៅចំពោះមុខលោក លី សម្តេច ហ៊ុន សែន មានប្រសាសន៍ថា ជាការយល់សប្តិអាក្រក់មួយភ្លែត ក្នុងទំនាក់ទំនងរវាងកម្ពុជា-សិង្ហបុរី។ ប្រសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តី ត្រូវបានលើកឡើងដោយ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស ដែលបានចូលរួមក្នុងជំនួបនោះដែរ ហើយត្រូវបានក្រសួងព័ត៌មាន ស្រង់យកទៅចុះផ្សាយ។

សម្តេចនាយករដ្ឋមន្ត្រី មានប្រសាសន៍បែបនេះ ទំនងជាចង់សំដៅលើភាពល្អក់កករបន្តិចបន្តួចរវាងកម្ពុជា-សិង្ហបុរី នាពេលថ្មីៗនេះ។ ភាពល្អក់កករនេះ កើតឡើង ពេលលោក លី លើកឡើងថា វៀតណាម ចូលមកឈ្លានពានកម្ពុជា ក្នុងទសវត្ស៨០ ហើយបន្ទាប់មក មន្រ្តីកម្ពុជា ដោយរួមទាំងសម្តេចនាយករដ្ឋមន្រ្តីផងដែរ បានប្រតិកម្មធ្ងន់ៗទៅវិញ។

បើតាមក្រសួងព័ត៌មានដដែល លោក ប្រាក់ សុខុន បានលើកឡើងពីសម្តីរបស់សម្តេចនាយករដ្ឋមន្រ្តី ដែលនិយាយជាមួយលោក លី យ៉ាងដូច្នេះថា «សម្តេចតេជោ ថា ទុកអតីតកាល ជារបួសចាស់ចុះ កុំទៅឆ្កឹះ ហើយយើងមើលទៅមុខ និងចាប់ដៃធ្វើការជាមួយគ្នាតទៅមុខ។ សម្តេចតេជោ មានប្រសាសន៍ទៀតថា ទំនាក់ទំនងនេះ គួរតែបន្តទៅមុខទៀត ហើយបញ្ហាអតីតកាល គឺទទួលស្គាល់ថា វាមានទស្សនៈខុសគ្នា ដែលម្ខាងយល់ផ្សេង ម្ខាងទៀតយល់ផ្សេង ហើយគ្មានអ្នកណាមួយ ដែលអាចទៅកែប្រែការយល់ឃើញរបស់ម្ខាងទៀតបាននោះទេ»។

លោករដ្ឋមន្រ្តីការបរទេស អះអាងថា វា ជារឿងសំខាន់នៅក្នុងជំនួបសំណេះសំណាលរវាងនាយករដ្ឋមន្រ្តីទាំងពីរ។ លោក បញ្ជាក់បែបនេះថា «ប្រមុខរដ្ឋាភិបាលទាំងពីរ សប្បាយចិត្តជាមួយគ្នា ដោយបញ្ជាក់ថា យើងបញ្ចប់បញ្ហានេះ ហើយយើងមកកាន់ដៃគ្នាដើរទៅមុខ»៕

Tag:
 ហ៊ុន សែន
  លី សៀនឡុង
  កម្ពុជា-សិង្ហបុរី
  ទំនាក់ទំនង
© រក្សាសិទ្ធិដោយ thmeythmey.com