សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អាស៊ាន ឯកភាពគ្នា​សម្រេច​ឲ្យ​បាន​«​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម RCEP» នៅត្រឹម​ចុងឆ្នាំនេះ​
24, Jun 2019 , 12:24 pm        
រូបភាព
ដោយ:
​នៅ​ទីបំផុត​រដ្ឋ​សមាជិក​របស់​អាស៊ាន បាន​ឯកភាពគ្នា​លើ​ចំណុច​ជាច្រើន​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​«​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់​(RCEP)» ដែល​បាន​ជាប់គាំង​មិន​ទៅមុខ​អស់​រយៈពេល​ល​ច្រើន​ឆ្នាំ​ហើយ​នោះ​។ រដ្ឋ​សមាជិក ថែមទាំង​បាន​បង្ហើប​ពី​ផែនការ​នៃ​ការចង់​បញ្ចប់​ការចរចា​កិច្ចព្រមព្រៀង​នេះ នៅត្រឹម​ចុងឆ្នាំ​នេះ​ទៀតផង​។​

«​តាមរយៈ​កិច្ចប្រជុំ​ពិសេស​ស្តីពី​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់​ជាមួយនឹង​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន រដ្ឋ​សមាជិក​អាស៊ាន បាន​ឯកភាពគ្នា​លើ​សារៈសំខាន់​នៃ​ការបញ្ចប់​ការចរចា​លើ RCEP នៅត្រឹម​ចុងឆ្នាំ​នេះ​»​។ នេះ គឺជា​ការអះអាង​របស់​លោក Chan Chun Sing រដ្ឋមន្ត្រី​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​សិង្ហ​បុរី បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​នៅ​ទីនោះ​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក​។ 

 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ថៃ The Nation ក្នុង​កិច្ចប្រជុំ​ពិសេស​នេះ  រដ្ឋ​សមាជិក​អាស៊ាន បាន​ឯកភាពគ្នា​លើ​ចំណុចរួម​ចំនួន ៧ ជំពូក ក្នុងចំណោម​ជំពូក​សរុប​ទាំង​២០ ពោលគឺ​បេសកកម្ម​បន្ទាប់​សម្រាប់​រដ្ឋ​សមាជិក គឺ​បន្ត​កិច្ចសន្ទនា និង​ការចចារ​លើ​១៣​ជំពូក​សេសសល់ ឲ្យ​បាន​ចប់សព្វគ្រប់​ត្រឹម​បំណាច់​ឆ្នាំ​២០១៩​នេះ​។ 
 
​សូមបញ្ជាក់ថា RCEP  គឺជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ដែល​ផ្តួចផ្តើម​ដោយ​រដ្ឋាភិបាល​ចិន និង​ផ្តើម​ស្នើ​ឡើងជា​ផ្លូវការ​ក្នុង​ឆ្នាំ​២០១២ ក្នុងឱកាស​ដែល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​។ កិច្ចព្រមព្រៀង​ដែលមាន​ទំហំ​ពាណិជ្ជកម្ម​ស្មើនឹង​៣០​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក​បង្កើតឡើង​ដើម្បី​ប្រែក្លាយ​តំបន់​រដ្ឋ​អាស៊ាន និង​ដៃគូ​សន្ទនា​របស់ខ្លួន​ក្លាយជា​តំបន់​ពាណិជ្ជកម្ម​សេរី ។​

 
​ភាគី​នៃ​កិច្ចព្រមព្រៀង​នេះ រាប់បញ្ចូល​សមាជិក​អាស៊ាន​ទាំង​ដប់ និង ដៃគូ​សន្ទនា​ផ្សេងទៀត​រួមមាន​ចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អូស្ត្រាលី និង នូ​វែ​ល​សេ​ឡង់​។ តាមពិតទៅ RCEP គ្រោង​នឹង​បញ្ចប់​ការ​ព្រមព្រៀងគ្នា​តាំងពី​ឆ្នាំ ២០១៥ ប៉ុន្តែ​ត្រូវ​បន្ត​ពន្យារពេល​ជា​បន្តបន្ទាប់ ដោយសារ​សមាជិក​រប​ស់ RCEP មួយចំនួន​នៅ​មិន​ឯកភាព​លើ​ប្រការ​ដែល​ត្រូវ​បញ្ញត្តិ​រួម​៕ 


Tag:
 ថៃ​
  អាស៊ាន​
  RCEP
© រក្សាសិទ្ធិដោយ thmeythmey.com