អន្តរជាតិ
លោក ត្រាំ ព្រមាន​អុីរ៉ង់​៖ អាមេរិក​មិនមែន​ដឹកនាំ​ដោយ​លោក អូ​បា​ម៉ា ទៀតឡើយ​
26, Jun 2019 , 8:39 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​សង្គ្រាមពាក្យសម្ដី​រវាង​អាមេរិក និង​អ៊ីរ៉ង់ កំពុងពុះ​កញ្ជ្រោល​ខ្លាំង ស្របពេល​ភាព​តានតឹង​ក៏​ឡើង​កម្ដៅ​តាម​នឹង​ដែរនោះ​។ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២៥ ខែមិថុនា បាន​គំរាម​ប្រើ​កម្លាំង​ឆ្លើយតប​ដ៏​លើសលប់ បើសិន​អ៊ីរ៉ង់​ហ៊ាន​ប៉ះ​ប្រយោជន៍ ឬ​អាយុជីវិត​ទាហាន​អាមេរិក​នោះ​។ លោក ត្រាំ ក៏​គំរាម​វាយប្រហារ​តំបន់​ខ្លួន​ឲ្យ​រាបស្មើ​ដី​ផងដែរ​។ ជាការ​ព្រមាន​ទៅ​អ៊ីរ៉ង់ លោក ត្រាំ ថា អាមេរិក​អត់​មាន​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ទៀត​ទេ​។​

 
​តាមរយៈ​បណ្ដាញ​សង្គម Twitter ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ផ្ញើ​សារ​គំរាម​អ៊ីរ៉ង់​ជាថ្មីទៀត ខណៈដែល​ការប្រឈមមុខ​រវាង​សត្រូវ​ចាស់​ទាំងពីរ​មិន​ថមថយ​កម្ដៅ​សោះ​។ លោក ត្រាំ គំរាម​វាយបក​លើ​អ៊ីរ៉ង់​ដោយ​កម្លាំង​ខ្លាំងក្លា បើ​អាមេរិក​រង​ការវាយប្រហារ​ណាមួយ​ដែល​ផ្ដើម​អ៊ីរ៉ង់ ឬ​ចលនា​យោធា​ដែល​កូនចៅ​របស់​អ៊ីរ៉ង់​នោះ​។​
 
​បើតាម​លោក ត្រាំ ការ​វាយបក​វិញ​របស់​អាមេរិក អាច​កម្ទេច​ផ្នែក​ខ្លះ​របស់​អ៊ីរ៉ង់​ឲ្យ​រលាយ​សូន្យ​បង់​ផងដែរ​។ ក្នុង​សារ​ដែល​បង្ហោះ​បន្តបន្ទាប់​គ្នា​នៅ​ថ្ងៃទី​២៥ ខែមិថុនា មេដឹកនាំ​អាមេរិក​រូបនេះ​លើកឡើងថា មេដឹកនាំ​អ៊ីរ៉ង់ យល់​តែ​ពី​ភាពខ្លាំង និង​អំណាច​ប៉ុណ្ណោះ​។ លោក​ទំនង​ចង់​មានន័យថា ទីក្រុង​តេ​ហេ​រ៉ង់ មិន​ចង់បាន​ការចរចា​ឡើយ ព្រោះ​បាន​ទាត់ចោល​សំណើ​ចរចា​ម្ដង​ហើយ​ម្ដងទៀត ហើយ​ចង់​ធ្វើសង្គ្រាម​ជាមួយ​វ៉ាស៊ីនតោន​វិញ​។​
 
​ការប្រើ​កម្លាំង​ទ័ព​វាយបក​នេះ ជាស​ម្ដី​គំរាម​របស់​រដ្ឋបាល​លោក ត្រាំ ប៉ុន្តែ​គេ​មិនឃើញ​មាន​ប្រតិបត្តិការ​យោធា​ណា​នៅឡើយ ខណៈ​អ៊ីរ៉ង់​ក៏​ប្រុងប្រយ័ត្ន​មិន​បំពាន​បន្ទាត់​ក្រហម​ដែល​កំណត់ដោយ​អាមេរិក​ឡើយ​។ បន្ទាត់​ក្រហម គឺជា​ការវាយប្រហារ​លើ​យោធា​អាមេរិក ឬ​សម្ព័ន្ធមិត្ត​ដោយ​កម្លាំង​ទ័ព​អ៊ីរ៉ង់​ផ្ទាល់ ឬ​ក្រុម​ជ្រុលនិយម​ដែល​អ៊ីរ៉ង់​គាំទ្រ​។ ការបាញ់​ទម្លាក់​យន្តហោះ​បញ្ជា​ដ្រូ​ន​ថ្មីៗ​នេះ ពុំទាន់​អាច​ចាត់ទុកជា​ការឆ្លង​បន្ទាត់​ក្រហម​ឡើយ​។​
 
​ភាព​តានតឹង​ដែល​កើតឡើង​សព្វថ្ងៃ កើតឡើង​ក្រោយ​អាមេរិក​ដើរចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ និង​ការដាក់ទណ្ឌកម្ម​បន្តបន្ទាប់​លើ​សេដ្ឋកិច្ច និង​ក្បាលម៉ាស៊ីន​ដឹកនាំ​អ៊ីរ៉ង់​ផង​។ ក្នុង​សំណេរ​លើ Twitter លោក ត្រាំ ក៏​និយាយ​ដល់​អតីត​ប្រ​នា​ធា​ធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា និង​អតីត​ប្រមុខ​ការទូត ច​ន ឃែ​រី ដែល​បាន​ចរចា​ជាមួយ​អ៊ីរ៉ង់​រហូត​មាន​កិច្ចព្រមព្រៀង​ប្រវត្តិសាស្ត្រ​។ ដោយ​ចង់បង្ហាញ​ពី​ភាពខុសគ្នា លោក ត្រាំ អះអាងថា គ្មាន​លោក អូ​បា​ម៉ា ទៀតឡើយ​។​
 
​គ្មាន​លោក អូ​បា​ម៉ា ទៀតឡើយ អាច​សារ​ព្រមាន​របស់លោក ត្រាំ ទៅកាន់​មេដឹកនាំ​អ៊ីរ៉ង់​ដែល​អាច​គិតក្នុងចិត្ត​ថា អាមេរិក​ក្រោម​រដ្ឋ​បា​លោក ត្រាំ អាចមាន​ឥរិយាបថ​ទន់ភ្លន់​ខ្លះ​ដូច​លោក អូ​បា​ម៉ា ដែរ​។ លែងមាន​ហើយ​នយោបាយ​ទន់ភ្លន់ តែមាន​នយោបាយ​បង្ហាញ​ភាពខ្លាំង និង​ប្រយោជន៍​អាមេរិក​ប៉ុណ្ណោះ​។​
 
​ក្រៅពី​គំរាម​កម្ទេច​អ៊ីរ៉ង់​ហើយ​នោះ លោក ត្រាំ ក៏​បន្ត​លើកឡើង​ពី​ការរស់នៅ​របស់​ប្រជាជន​អ៊ីរ៉ង់​ដែល​លោក​អះអាងថា ជួប​បញ្ហាលំបាក​ដោយសា​រ​មេដឹកនាំ​សព្វថ្ងៃ​។ ប្រមុខរដ្ឋ​អាមេរិក​រូប​នះ​បញ្ជាក់ថា ប្រជាជន​អ៊ីរ៉ង់​ត្រូវ​រងគ្រោះ​ដោយ​គ្មាន​ហេតុផល​អ្វី​ទាំងអស់ ព្រោះ​មាន​មេដឹកនាំ​ដែល​មិន​ស្គាល់​អ្វី​ទៅជា​រឿង​ល្អៗ និង​ក្ដីមេត្តា ហើយ​ចាយលុយ​តែ​លើ​ភេរវកម្ម​យ៉ាងច្រើន​សន្ធឹក​៕

Tag:
 អាមេរិក​
  អ៊ីរ៉ង់​
  ដូ​ណា​ល់ ត្រាំ​
  បា​រ៉ា​ក់ អូ​បា​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com