កីឡាអន្តរជាតិ
អន្តរជាតិ
UN ប្រតិកម្ម​នឹង​គម្លាត​ប្រាក់ចំណូល Messi បើ​ធៀប​នឹង​កីឡាការិនី​ជិត​១៧០០​នាក់​
26, Jun 2019 , 4:11 pm        
រូបភាព
​អង្គការសហប្រជាជាតិ (UN) បាន​ប្រតិកម្ម​ទៅនឹង​ប្រាក់ចំណូល​របស់​កីឡាករ​ឆ្នើម Lionel Messi តែ​ម្នាក់ ដែលមាន​ចំនួន​លើស​ពាក់កណ្តាល​បើ​ធៀប​នឹង​ប្រាក់​ឈ្នួល​របស់​កីឡាការិនី​ចំនួន ១៦៩៣​នាក់​ដែល​កំពុង​ប្រកប​អាជីព​ក្នុង​ក្របខណ្ឌ​លី​គ​កីឡាបាល់ទាត់​កំពូលៗ​បូក​បញ្ចូល​គ្នា​។​


 
​ប្រាក់ចំណូល​ប្រចាំឆ្នាំ​ចំនួន ៨៤​លាន​ដុល្លារ​អាមេរិក​របស់​ខ្សែប្រយុទ្ធ Barcelona និង​សមាជិក​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ ត្រូវបាន UN Women (​ស្ថាប័ន​ស្ថិតក្រោម​ចំណុះ​របស់ UN ដែល​ធ្វើការ​លើ​ស្ត្រី​) លើក​យកទៅ​ប្រៀបធៀប​ដើម្បី​បញ្ជាក់​ពី​គម្លាត​ប្រាក់បៀវត្ស​ដ៏​សែនឆ្ងាយ​រវាង​អ្នកកីឡា​បាល់ទាត់​ទាំង​បុរស​និង​ស្ត្រី​នេះ​។​
 
UN Women បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់​ពួកគេ​ដោយ​បង្ហាញ​ភាពមិន​សប្បាយចិត្ត​ថា​៖« កីឡាករ​បាល់​ទា​ត់បុរ​សម្នាក់​មាន​ប្រាក់​បៀរ​វត្ស​ស្មើនឹង​ពីរដង​របស់​កីឡាការិនី​ដែល​កំពុង​ប្រកប​អាជីប​នៅ​លី​គ​លំដាប់​កំពូល​ទាំង​៧ ជុំវិញ​ពិភពលោក​។ អំឡុងពេល​ប្រកួត World Cup នារី ឆ្នាំ​២០១៩ នៅ​បារាំង UN Women បាន​ចូលរួម​ក្នុងការ​ទាមទារ​ឲ្យ​មាន​ប្រាក់​ឈ្នួល​ស្មើគ្នា​សម្រាប់​ស្ត្រី​ក្នុង​កីឡា​មួយ​នេះ​»​។​
 
 
 
​ប្រាក់ចំណូល​ប្រចាំឆ្នាំ​ចំនួន ៨៤​លាន​ដុល្លារ​អាមេរិក​ដែល Messi រកបាន​ដោយ​បូ​កប​ញ្ជូ​ល​ទាំង​ថ្លៃ​ពលកម្ម​ពី​ក្លិប​យក្ស​អេ​ស្ប៉ា​ញ ប្រាក់រង្វាន់ ការផ្សាយពាណិជ្ជកម្ម និង​ចំណូល​ផ្សេងៗ គឺមាន​ចំនួន​ទ្វេដង​បើ​ធៀប​នឹង​ប្រាក់​ឈ្នួល​របស់​កីឡាការិនី​ល្បីៗ​ចំនួន​១៦៩៣​រូប​បូក​បញ្ចូល​គ្នា​ដែលមាន​ត្រឹម ៤២,៦​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ​។​
 
​គម្លាត​ប្រាក់បៀវត្ស​ដ៏​ច្រើនសន្ធឹក​នេះ​ត្រូវបាន​គេ​ហៅថា​ជាការ​រើសអើង និង​ជា​ប្រធានបទ​ក្តៅគគុក​នា​ការប្រកួត​កីឡាបាល់ទាត់​ពិភពលោក​ផ្នែក​នារី​នៅ​បារាំង ដោយ​ក្នុងនោះ​មាន​កីឡាការិនី​របស់​ក្រុម​ជម្រើសជាតិ​អាមេរិក​ចំនួន ២៨​នាក់​កំពុង​ជាប់​ពាក់ព័ន្ធ​ក្នុង​បណ្តឹង​ជាមួយ​ក្រុម​ជម្រើសជាតិ​របស់​ពួកគេ​លើ​បញ្ហា​ប្រាក់ខែ​នេះ​។​
 
​កាលពីដើម​ខែមិថុនា​ក​ន្ល​ង​ទៅ សហភាព​កីឡាបាល់ទាត់​អូស្ត្រាលី​ក៏​ផ្តើម​យុទ្ធនា​ការទាមទារ​ឲ្យ​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) ផ្តល់ប្រាក់​រង្វាន់​ក្នុងការ​ប្រកួត World Cup ទាំង​ស្ត្រី និង​បុរស​ឲ្យ​បាន​ស្មើគ្នា​ផងដែរ​។​
 
​ក្រុម​ដែល​ឈ្នះ​ជើងឯក Women's FIFA World Cup ឆ្នាំ​២០១៩ នឹង​ទទួលបាន​រង្វាន់​ជា​ទឹកប្រាក់​ចំនួន ៤​លាន​ដុល្លារ​អាមេរិក ខណៈ​ក្រុម​ជម្រើសជាតិ​បារាំង​ផ្នែក​បុរស​ទទួលបាន​ប្រាក់រង្វាន់ ៣៨ លាន​ដុល្លារ​អាមេរិក​ឯណោះ ក្រោយ​ឈ្នះ​ពានរង្វាន់​កីឡាបាល់ទាត់​ពិភពលោក​កាលពី​ឆ្នាំ​២០១៨ នៅ​រុស្ស៊ី​៕
 

Tag:
 បាល់ទាត់​
  ឆ្នើម Lionel Messi ប្រាក់ចំណូល
© រក្សាសិទ្ធិដោយ thmeythmey.com