World Cup 2034៖ អូស្ត្រាលី​បបួល​ឥណ្ឌូណេស៊ី​រៀបចំ ខណៈ​ប្រធាន AFF គាំទ្រ​ផែនការ​មេដឹកនាំ​អាស៊ាន​
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup 2034៖ អូស្ត្រាលី​បបួល​ឥណ្ឌូណេស៊ី​រៀបចំ ខណៈ​ប្រធាន AFF គាំទ្រ​ផែនការ​មេដឹកនាំ​អាស៊ាន​
27, Jun 2019 , 9:19 pm        
រូបភាព
រូបភាពតំណាងពាន World Cup និង​លោក ខៀវ សាម៉េត ប្រធាន AFF ។ រូបថត Reuters និង FFC
រូបភាពតំណាងពាន World Cup និង​លោក ខៀវ សាម៉េត ប្រធាន AFF ។ រូបថត Reuters និង FFC
​អូស្ត្រាលី​កំពុង​ពិចារណា​រួមគ្នា​ជាមួយ​ឥណ្ឌូណេស៊ី​ក្នុងការ​ដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ FIFA World Cup ឆ្នាំ​២០៣៤​។ នេះ​បើតាម​ការអះអាង​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អូស្ត្រាលី (FFA) នៅ​ថ្ងៃទី​២៧ ខែមិថុនា​។

 
​ជុំវិញ​ការស្នើ​ដេញថ្លៃ​នេះ FFA បានបញ្ជាក់​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា​ខ្លួន​បាន​ជួប​ជាមួយ​មន្ត្រី​របស់​សហព័ន្ធ​កីឡាបាល់ទាត់​ឥណ្ឌូណេស៊ី (PSSI) រួចហើយ​នៅឯ​កិច្ចប្រជុំ​អាស៊ាន​លើក​ទី​៣៤ ដែល​ធ្វើឡើង​ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ កាលពី​សប្តាហ៍​មុន​។​
 
«FFA បាន​បញ្ជាក់ថា​ពួកគេ​បានរៀបចំ​កិច្ចពិភាក្សា​ជាមួយ PSSI អំពី​លទ្ធភាព​រួមគ្នា​មួយ​ដើម្បី​ដេញថ្លៃ​រៀបចំ​ការប្រកួត​កីឡាបាល់ទាត់​ពិភពលោក ឆ្នាំ​២០៣៤»​។ នេះ​ជា​សំណេរ​របស់ FFA ដែល​ភ្នាក់ងារ​ព័ត៌មាន Reuters អះអាងថា​ពួកគេ​បាន​ផ្ញើមក​ខ្លួន​តាមរយៈ​សារ​អេឡិចត្រូនិក​។​
 
​ប្រភព​ដដែល​បញ្ជាក់ទៀតថា ការដេញថ្លៃ​រួមគ្នា​រវាង​ឥណ្ឌូណេស៊ី និង​អូស្ត្រាលី​ក៏ត្រូវ​បាន​គេ​យកទៅ​ពិភាក្សា​ផងដែរ​នៅឯ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន (AFFCM) នៅ​ប្រទេស​ឡាវ កាលពី​សប្តាហ៍​មុន​។​
 
​បំណង​របស់​អូស្ត្រាលី​បែបនេះ គឺ​នៅក្រោយ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា បានប្រកាសថា​ប្រទេស​តំបន់​អាស៊ាន​នឹង​រួមគ្នា​ដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡាបាល់ទាត់​ពិភពលោក World Cup ឆ្នាំ​២០៣៤​។ ប្រា​យុទ្ធ លើកឡើង​បែបនេះ​បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៤ នា​ក្រុង​បាងកក​ថ្ងៃទី​២៣ ខែមិថុនា​។​
 
​យ៉ាងណាក៏ដោយ FFA នៅតែ​គោរព និង​ស្វាគមន៍​អំពី​គម្រោង​ដេញថ្លៃ​របស់​ប្រទេស​អាស៊ាន​ដែលមាន​ថៃ​ជា​អ្នក​ផ្តួចផ្តើម​សម្រាប់​ការប្រកួត World Cup ឆ្នាំ​២០៣៤​នេះ​។ FFA ក៏​មិនបាន​បញ្ជាក់​លម្អិត​ថា​កិច្ចចរចារ​រវាង​អូស្ត្រាលី និង​ឥណ្ឌូណេស៊ី​ត្រូវ​នៅ​បន្ត ឬ​បញ្ឈប់​នោះដែរ ដោយ​រង់ចាំ​ការសម្រេច​របស់​ប្រទេស​អាស៊ាន​ជាមុនសិន​។​
​ដោយឡែក​ខាង​ភាគី​ឥណ្ឌូណេស៊ី​ឯណោះ​វិញ តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងប្រទេស​ដោយ​ដកស្រង់​សម្តី​របស់​អគ្គលេខាធិកា​រ PSSI លោក Ratu Tisha អះអាងថា​ឥណ្ឌូណេស៊ី​បានសម្រេច​ចិត្ត​ធ្វើជា​ដៃគូ​ជាមួយ​អូស្ត្រាលី ប្រសិនបើ​ថៃ​ដក​គម្រោង​សម្រាប់​ការដេញថ្លៃ​ឆ្នាំ​២០៣៤​នេះ​វិញ​។​
 
​លោក ខៀវ សា​ម៉េ​ត ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី​-​អាគ្នេយ៍ (AFF) ដែល​សហព័ន្ធ​ចំនួន​១២​ជា​សមាជិក (​អាស៊ាន​១០ រួមជាមួយ​ទី​ម័​រ​ខាងកើត និង​អូស្ត្រាលី​) បានបង្ហាញ​ការគាំទ្រ​ចំពោះ​គម្រោង​ដេញថ្លៃ​រួម​សម្រាប់​ប្រទេស​នៅ​តំបន់​អាស៊ាន​។​
 
​លោក ខៀវ សា​ម៉េ​ត ដែលជា​ជនជាតិខ្មែរ​ដំបូង​បំផុត​ដែល​កាន់តំណែង​ជា​ប្រធាន AFF បាន​បញ្ជាក់ថា​៖ «AFF ស្វាគមន៍​ចំពោះ​ការប្រកាស​របស់​មេដឹកនាំ​នយោបាយ​នៅក្នុង​តំបន់​របស់​យើង​ក្នុងការ​ផ្តួចផ្តើម​ដេញថ្លៃ​រៀបចំ World Cup 2034»​។ លោក​បាន​បន្ថែមថា អាស៊ាន​ដែលមាន​ទំហំ​សេដ្ឋកិច្ច​លំដាប់​ទី​៣​នៅ​អាស៊ី និង​ទី​៧​លើ​ពិភពលោក ដូច្នេះ តំបន់​នេះ មាន​សក្តានុពល​គ្រប់គ្រាន់​ក្នុងការ​រៀបចំ World Cup៕
 

Tag:
 បាល់ទាត់​
  World Cup
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com