អន្តរជាតិ
អ្នកចរចា​អាមេរិក​៖ កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​ចិន​រួច​៩០​ភាគរយ​ហើយ​
27, Jun 2019 , 9:59 pm        
រូបភាព
រដ្ឋមន្ត្រីរតនាគារអាមេរិក Steven Mnuchin ចាប់ដៃឧបនាយករដ្ឋមន្រ្តីចិន លីវ ហឺ ។ រូបភាព AFP
រដ្ឋមន្ត្រីរតនាគារអាមេរិក Steven Mnuchin ចាប់ដៃឧបនាយករដ្ឋមន្រ្តីចិន លីវ ហឺ ។ រូបភាព AFP
​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​ពាណិជ្ជកម្ម​អាមេរិក និង​ចិន​រួចរាល់​៩០​ភាគរយ​ហើយ​។ នេះ​បើតាម​ការប្រកាស​របស់​លោក Steven Mnuchin មន្ត្រីជាន់ខ្ពស់​អាមេរិក​ដែល​ដឹកនាំ​ការចរចា​ជាមួយ​ចិន​។ ការប្រកាស​របស់លោក Mnuchin ធ្វើឡើង​បី​ថ្ងៃមុន​ជំនួប​មេដឹកនាំ​នៅ​ទឹកដី​ជប៉ុន​អំឡុង​កិច្ចប្រជុំ​ប្រទេស​មាន​សេដ្ឋកិច្ច​រីកលូតលាស់​ទាំង​២០ (G20) ។ ប៉ុន្តែ​មន្ត្រី​អាមេរិក​ដដែល​នេះ មិន​និយាយ​ពី​បញ្ហា​១០​ភាគរយ​ដែល​សេសសល់​ឡើយ​។​

 
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍ CNBC រដ្ឋមន្ត្រី​រតនាគារ​អា​មេ​រិ​ក Steven Mnuchin ដែល​តំណាង​អាមេរិក​ក្នុង​ការចរចា​ជាមួយ​ចិន និយាយថា កិច្ចប្រជុំ​ប្រទេស​ឧស្សាហកម្ម​ទាំង​២០ នៅ​ជប៉ុន​នៅ​ចុង​សប្ដាហ៍​នេះ ជា​ជំនួប​ដ៏​សំខាន់បំផុត​មួយ​។ ជំនួប​នេះ នឹង​ប្រមូលផ្ដុំ​មេដឹកនាំ​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ជឿនលឿន​ទាំង​២០​របស់​ពិភពលោក ហើយ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ក៏​នឹង​ជួប​សម​ភាគី​ចិន ស៊ី ជិន​ភីង នៅ​ថ្ងៃ​ចុងក្រោយ​ផង​។​
 
​បើតាម​លោក Mnuchin កិច្ចព្រមព្រៀង​បញ្ចប់សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហាអំណាច​សេដ្ឋកិច្ច​ទីមួយ និង​ទី​ពីរ​របស់​ពិភពលោក ជិត​នឹង​បញ្ចប់​ហើយ​។ មន្ត្រី​អាមេរិក​ដែល​ទទួលបន្ទុក​ការចរចា​រូបនេះ​ប្រាប់​ទូរទស្សន៍ CNBC ថា​៖ «​យើង​បាន​ដើរ​លើផ្លូវ​៩០​ភាគរយ​ហើយ​ដើម្បី​សម្រេចបាន​កិច្ចព្រមព្រៀង​។ ហើយ​ខ្ញុំ​គិតថា ផ្លូវ​គឺមាន​ក្នុងការ​សម្រេច​ឲ្យ​បាន​គោលដៅ​នេះ​។​» ដោយ​សំដៅ​ដល់​ជំនួប​មេដឹកនាំ​នៅ​ជប៉ុន លោក Mnuchin ថា អ្វីដែល​គេច​ង់​ឮ គឺ​ការបន្ត​ការចរចា​។​
 
​ការបញ្ចេញ​ព័ត៌មាន​ខាងលើ​ពី​សំណាក់​មន្ត្រីជាន់ខ្ពស់​ដែល​ចូលរួម​ផ្ទាល់​ក្នុង​ការចរចា ជា​សញ្ញា​ល្អ​មួយ​សម្រាប់​ពិភពលោក​។ ប៉ុន្តែ​លោក Mnuchin មិនបាន​បញ្ជាក់​អ្វី​ពី​បញ្ហា​១០​ភាគរយ​ដែល​មិនទាន់​ឯកភាពគ្នា​នោះឡើយ​។ សំណុំរឿង​សេសសល់ ទំនង​នឹងត្រូវ​លើក​ទៅ​ជជែក​ក្នុងជំនួប​ត្រាំ​-​ស៊ី​នៅ​ថ្ងៃទី​២៩ ខែមិថុនា​ខាងមុខ​។ បើ​មាន​លទ្ធផល​ល្អ មន្ត្រី​ផ្នែក​ចរចា​អាមេរិក និង​ចិន អាច​ជួបគ្នា​ជាថ្មីទៀត​ដើម្បី​ដោះស្រាយ​បញ្ហា​សេសសល់​។​
 
​នៅ​ដើម​សប្ដាហ៍​នេះ លោក Mnuchin និង​តំណាង​ពាណិជ្ជកម្ម​អាមេរិក Robert Lighthizer បាន​ជជែក​តាម​ទូរ​សព្ទ​ជាមួយ​សម​ភាគី​ចិន លីវ ហឺ ក្រោយ​លោក ត្រាំ បាន​សន្ទនា​តាម​ទូរ​សព្ទ​ជាមួយ​លោក ស៊ី ។ តំណាង​ចរចា​អាមេរិក និង​ចិន ក៏បាន​យល់ព្រម​បន្ត​ការចរចា​ជាថ្មីទៀត​។ ជំនួប​មន្ត្រី​ក្រុមការងារ​នេះ​ដែល​បាន​ផ្អាក​តាំងពី​ខែឧសភា​មក អាច​នឹង​ចាប់ផ្ដើម​ឡើងវិញ​នៅពេល​មេដឹកនាំ​ទាំងពីរ​បើកភ្លើង​បៃតង​ឲ្យ​។   
 
​ការជាប់គាំង​ដែល​កើត​តាំងពី​ខែ​៥ មក​នោះ ត្រូវបាន​ភាគី​ទាំងពីរ​រុញ​កំហុស​ដាក់គ្នា​ទៅមក​។ រដ្ឋបាល​លោក ត្រាំ ចោទ​ចិន​ថា មិន​ផ្លាស់ប្ដូរ​ជំហរ​របស់ខ្លួន​ដែល​ធ្លាប់​សន្យា​លើ​សំណុំរឿង​ដូចជា​ការបើកចំហ​ទីផ្សារ​កាន់តែ​ទូលាយ ការការពារ​កម្មសិទ្ធិ​បញ្ញា និង​ការបញ្ឈប់​ការផ្ទេ​ប​ច្ចក​វិទ្យា​ឲ្យ​ក្រុមហ៊ុន​ចិន​ជាដើម​។ ប៉េកាំង​វិញ បាន​ឲ្យ​វា​ស៊ីន​តោន​ទទួលខុស​ព្រោះ​បាន​ប្ដូរ​ការទាមទារ​របស់​ខ្លួន និង​ដាក់​លក្ខខណ្ឌ​ដែល​មិនអាច​ទទួលយកបាន​៕ 
 

Tag:
 អាមេរិក​
  ចិន​
  Steven Mnuchin
© រក្សាសិទ្ធិដោយ thmeythmey.com