អន្តរជាតិ
តុលាការ​ធម្មនុញ្ញ​ឥណ្ឌូណេស៊ី នៅតែ​ឲ្យ​លោក វី​ដូ​ដូ ឈ្នះ​លោក សូ​ប៊ីយ៉ា​ន់​តូ ដដែល​
28, Jun 2019 , 11:38 am        
រូបភាព
លោក ចូកូ វីដូដូ (ឆ្វេង) និងលោក ប្រាបូវ៉ូ សូប៊ីយ៉ាន់តូ (ស្ដាំ) ។ រូបភាព AFP
លោក ចូកូ វីដូដូ (ឆ្វេង) និងលោក ប្រាបូវ៉ូ សូប៊ីយ៉ាន់តូ (ស្ដាំ) ។ រូបភាព AFP
​តុលាការ​ធម្មនុញ្ញ​ឥណ្ឌូណេស៊ី នៅ​ថ្ងៃទី​២៧ ខែមិថុនា បានសម្រេច​ឲ្យ​លោក ចូ​កូ វី​ដូ​ដូ ឈ្នះ​គូប្រជែង​លោក ប្រា​បូ​វ៉ូ សូ​ប៊ីយ៉ា​ន់​តូ ដដែល​។ លោក សូ​ប៊ីយ៉ា​ន់​តូ ដែល​រង​បរាជ័យ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​ខែមេសា បានដាក់​ពាក្យ​ប្ដឹង​ជំទាស់​លទ្ធផល​បោះឆ្នោត​នេះ ក្រោម​ហេតុផល​ថា មាន​ការកេងបន្លំ​ធ្ងន់ធ្ងរ​។ ប៉ុន្តែ​តុលាការ​ធម្មនុញ្ញ​បាន​ទាត់ចោល​អំណះអំណាង​នេះ ឯ​លោក សូ​ប៊ីយ៉ា​ន់​តូ ក៏​ប្រកាស​ទទួលយក​ទាំង​មិន​ពេញចិត្ត​ដែរ​។​

 
​ជ័យជម្នះ​របស់លោក ចូ​កូ វី​ដូ​ដូ ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​ខែមេសា នៅតែ​បានការ​ដដែល​។ ចៅក្រម​៩​នាក់​នៃ​តុលាការ​ធម្មនុញ្ញ​ឥណ្ឌូណេស៊ី បានសម្រេច​ចិត្ត​រក្សាទុក​ជា​បានការ​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​ដែល​ប្រកាស​ក្នុង​ខែឧសភា​ដោយ​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត ដោយ​លោក វី​ដូ​ដូ បាន​ផ្ដួល​លោក ប្រា​បូ​វ៉ូ សូ​ប៊ីយ៉ា​ន់​តូ ដែលជា​គូប្រជែង​ស្រួចស្រាល់​ដោយ​សំឡេង​៥៥,៥​ភាគរយ​ទល់នឹង​៤៤,៥​ភាគរយ​។​
 
​ក្រោយ​ការប្រកាស​លទ្ធផល​បោះឆ្នោត លោក ប្រា​បូ​វ៉ូ ក៏បាន​ដាក់ពាក្យ​បណ្ដឹង​ជំទាស់​លទ្ធផល​ភ្លាម​ដែរ​។ បេក្ខជន​រូបនេះ​អះអាងថា ជ័យជម្នះ​របស់លោក​ត្រូវបាន​គេ​ដណ្ដើមយក​តាមរយៈ​ការកេងបន្លំ​ជា​ប្រព័ន្ធ រៀបចំ​ជាស្រេច និង​មាន​ទ្រង់ទ្រាយ​ធំ​ទៀតផង​។ មេធាវី​លោក សូ​ប៊ីយ៉ា​ន់​តូ ចោទ​លោក វី​ដូ​ដូ ថា ប្រើប្រាស់​ធនធាន​ជាតិ​ដើម្បី​ប្រមូល​សំឡេង​ផ្ទាល់ខ្លួន ហើយ​បាន​បំពាន​ច្បាប់​ធ្វើ​យុទ្ធនាការ​តាមរយៈ​ការចំណាយ​ច្រើន​លើស​ការកំណត់​។​
 
​ប៉ុន្តែ​អំណះអំណាង​នេះ ត្រូវបាន​តុលាការ​ទាត់ចោល ដោយ​លើកឡើងថា លោក សូ​ប៊ីយ៉ា​ន់​តូ គ្មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​បញ្ជាក់​ពី​ការលើកឡើង​របស់ខ្លួន​។ ប្រធាន​អង្គ​ជំនុំ​ជំរំ Anwar Usman ប្រកាសថា បណ្ដឹង​របស់​ដើមចោទ​គ្មាន​មូលដ្ឋាន​តាមផ្លូវ​ច្បាប់​ឡើយ ដូចនេះ​តុលាការ​បដិសេធ​ការទាមទារ​ទាំងស្រុង​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។ ការសម្រេចចិត្ត​នេះ នឹង​បើកផ្លូវ​ការស្បថ​ចូលកាន់​តំណែង​លោក វី​ដូ​ដូ និង​អនុ​ប្រធានាធិបតី​ថ្មី Ma'ruf Amin ។​
 
​លោក សូ​ប៊ីយ៉ា​ន់​តូ បានប្រកាស​ទទួលយក​ការសម្រេចចិត្ត​គួរ​ឲ្យ​ខកចិត្ត​មួយ​នេះ ហើយ​បាន​អំពាវនាវ​ឲ្យ​អ្នកគាំទ្រ​របស់លោក​រក្សា​ភាព​ស្ងៀមស្ងាត់​។ អតីត​ឧ​ត្ត​ម​សេនីយ៍​រូបនេះ និយាយថា លោក​នឹង​អនុវត្តតាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​របស់​ប្រទេស ហើយ​ទទួលយក​ការសម្រេច​របស់​តុលាការ​ធម្មនុញ្ញ​។ លោក វី​ដូ​ដូ វិញ ក៏​ទទួលយក​ការកាត់ក្ដី​នេះដែរ​។ មុន​ចាកចេញ​ទៅកាន់​ជប៉ុន ប្រធានាធិបតី​រូបនេះ​បាន​ទទូច​ឲ្យ​ប្រជាជន​ទាំងអស់​រួបរួមគ្នា​។​
 
​នេះ​ជា​លើក​ទី​ពីរ​ដែល​លោក វី​ដូ​ដូ ផ្ដួល​លោក សូ​ប៊ីយ៉ា​ន់​តូ ។ កាលពី​ឆ្នាំ​២០១៤ លោក វី​ដូ​ដូ ដែល​ត្រូវបាន​ស្គាល់​ជាទូទៅ​ថា ចូ​កូ​វី បាន​ក្លាយជា​ប្រធានាធិបតី​អាណត្តិ​ទីមួយ​ដោយ​យកឈ្នះ​លោក សូ​ប៊ីយ៉ា​ន់​តូ ។ កាលនោះ លោក សូ​ប៊ីយ៉ា​ន់​តូ ក៏​ប្ដឹង​ជំទាស់​លទ្ធផល​ដែរ ប៉ុន្តែ​មិនអាច​កែប្រែ​អ្វី​បានឡើយ ហើយ​លោក ចូ​កូ​វី ក៏​ដឹកនាំ​ប្រទេស​បាន​៥​ឆ្នាំទៅ​៕ 

Tag:
 ឥណ្ឌូណេស៊ី​
  ចូ​កូ វី​ដូ​ដូ​
  ប្រា​បូ​វ៉ូ សូ​ប៊ីយ៉ា​ន់​តូ
© រក្សាសិទ្ធិដោយ thmeythmey.com