«ការបាក់រលំអគារនេះទំនងជាអាចនាំឲ្យមានផលប៉ះពាល់ខ្លះដែរ ចំពោះដំណើរការវិនិយោគ នៅខេត្តព្រះសីហនុ ព្រោះអ្នកវិនិយោគនិងភ្ញៀងទេសចរ អាចមានការព្រួយបារម្ភខ្លះ ក្នុងរយៈពេលមួយ»។ នេះជាការលើកឡើងរបស់លោក យន្ត មីន ដែលរំពឹងថា ការអភិវឌ្ឍនៅខេត្តព្រះសីហនុ នឹងកាន់តែខ្លាំងក្លាថែមទៀត នៅពេលដែលស្ថានការណ៍បាក់អគារនេះ ស្ងប់ស្ងាត់ទៅវិញ នាពេលខាងមុខ។
ហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ បានស្រង់សម្តីលោក យន្ត មីន នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនាឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ខែកក្កដា កាលពីថ្ងៃទី២៧ ខែមិថុនា មុនពេលលោកផ្ទេរតំណែងយ៉ាងដូច្នេះថា៖« ឯកឧត្តម បានបង្ហាញអារម្មណ៍សោកស្តាយបំផុតចំពោះសោកនាដកម្មនៃការបាក់រលំអគារនេះ។ ឯកឧត្តម មានការរំពឹងថាអ្វីៗនឹងប្រសើរឡើងវិញនៅពេលខាងមុខ ហើយខេត្តនេះនឹងកាន់តែរីកចម្រើនថែមទៀត»។
មុនពេលផ្ទេរតំណែងអភិបាលខេត្តនេះ លោក យន្ត មីន ក៏បានផ្តាំផ្ញើជាចុងក្រោយដល់មន្ត្រីខ្លួន ឲ្យយកចិត្តទុកដាក់បំពេញការងារលើចំណុចសំខាន់ៗមួយចំនួនរួមមាន៖ ១. បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ ចរាចរណ៍ ,២.បរិស្ថាន(ការគ្រប់គ្រងសំណល់រឹង /រាវ), ៣.ពិនិត្យភាពស្របច្បាប់របស់ជនបរទេសមករកស៊ី នៅក្រុងព្រះសីហនុ ដើម្បីកុំឲ្យប្រជាជនឃ្នើសចិត្ត, ៤.ត្រូវគ្រប់គ្រងសំណង់ ឲ្យបានម៉ឺងម៉ាត់ស្របតាមច្បាប់ ខណៈមន្ត្រីខ្លះ ហាក់មានការធ្វេសប្រហែសលើបញ្ហាបេះ, ៥.បញ្ហាភាពអនាធិបតេយ្យដីធ្លី ត្រូវតែទប់ស្កាត់ដោះស្រាយឲ្យបាន, ៦.ស្នើរដ្ឋបាលក្រុង លៃលករៀបចំ street food (កន្លែងលក់អាហារតាមចិញ្ចើមផ្លូវឲ្យពលរដ្ឋលក់ដូរពេលយប់),៧.ការងារគ្រប់គ្រង អូរ ប្រឡាយ ត្រូវធ្វើឲ្យបានម៉ឺងម៉ាត់ និងទប់ស្កាត់ការរំលោភបំពាន, ៨.បន្តចុះពិនិត្យការធ្វើអាងប្រព្រឹត្តិកម្មតាមទីតាំងសំណង់ទាំងអស់ឡើងវិញ ,៩.ពង្រឹងសេវាសាធារណៈជូនពលរដ្ឋឲ្យលឿន មានគុណភាព តម្លាភាព និងគណនេយ្យភាព ដើម្បីឲ្យប្រជាជនទុកចិត្តបាន ,១០.យកចិត្តទុកដាក់ក្នុងការងារដោះស្រាយទំនាស់ដីធ្លីជូនប្រជាជន ,១១.ពង្រឹងឯកសាររដ្ឋបាលឲ្យបានត្រឹមត្រូវច្បាស់លាស់ និងចុងក្រោយការអនុវត្តការងារត្រូវយកច្បាប់ជាគោល។
ក្រោយផ្ទុះហេតុការណ៍បាក់រលំអគារ៧ជាន់ភ្លាម លោក យន្ត មីន បានសុំលាលែងចេញពីតំណែងអភិបាលខេត្ត ដើម្បីបង្ហាញពីការទទួលខុសត្រូវ ក៏ដូចជាការសុំទោសចំពោះការដឹកនាំរបស់ខ្លួន។ តំណែងរបស់លោក យន្ត មីន នឹងត្រូវជំនួសវិញ ដោយលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម ដែលត្រូវចូលកាន់តំណែងនៅខេត្តព្រះសីហនុ នៅថ្ងៃទី២៩ មិថុនា។
គួរបញ្ជាក់ថា ឧប្បទ្ទេវហេតុបាក់រលំអគារ នៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីថ្ងៃទី២២ មិថុនា បានបណ្តាលឲ្យមនុស្សស្លាប់២៨នាក់(ស្រី៤នាក់ និងរបួស២៦នាក់ (ស្រី២នាក់)។ មកដល់ពេលនេះ គ្រួសារសពម្នាក់ៗ ទទួលបានថវិកាឧបត្ថម្ភប្រមាណ៩ម៉ឺនដុល្លារ ហើយអ្នករបួស២៤នាក់ ទទួលបានជាង១ម៉ឺនដុល្លារ។ ដោយឡែក អ្នករបួស២នាក់ ដែលត្រូវបានរកឃើញក្រោយគេ ទទួលបានប្រមាណ៣ម៉ឺនដុល្លារ។ ក្នុងហេតុការណ៍នេះ តុលាការខេត្តព្រះសីហនុ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនជាតិជនជាតិចិន៤នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីរលំអគារ៧ជាន់នេះ៕