អន្តរជាតិ
សំណុំរឿង​នុយក្លេអ៊ែរ​៖ លោក ត្រាំ និង​លោក គីម ឯកភាពគ្នា​ចាប់ផ្ដើម​ការចរចា​ឡើងវិញ
01, Jul 2019 , 9:35 am        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងដើរលើដីកូរ៉េខាងជើងជាមួយលោក គីម ជុងអ៊ុន។ រូបភាព AFP
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងដើរលើដីកូរ៉េខាងជើងជាមួយលោក គីម ជុងអ៊ុន។ រូបភាព AFP
​ជា​រឿង​មិន​ធ្លាប់​ពីមុនមក ប្រធានាធិបតី​អាមេរិក បាន​ជួប​ជាមួយ​មេដឹកនាំ​បច្ចាមិត្ត​របស់ខ្លួន​នៅ​កន្លែង​ដែល​ធ្លាប់​ប្រយុទ្ធ​គ្នា​កាលពី​ជាង​៧០​ឆ្នាំមុន​។ លោក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​៣០ ខែមិថុនា បាន​ជួប​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​តំបន់​គ្មាន​យោធា (DMZ) ដែល​ខណ្ឌ​ចែក​ឧបទ្វីប​កូរ៉េ​ជា​ពីរ​។ ក្នុងជំនួប​ដែល​រៀបចំឡើង​ដោយ​ប្រញាប់ប្រញាល់ លោក ត្រាំ និង​លោក គីម ឯកភាពគ្នា​ចាប់ផ្ដើម​ការចរចា​ឡើងវិញ​។​

 
​ត្រឹម​ជាង​៣០​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​បង្ហោះ​សំណើ​អញ្ជើញ​តាម​បណ្ដាញ Twitter ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ក៏បាន​ជួប​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​តំបន់​គ្មាន​យោធា​ដែលជា​រនាំង​ខណ្ឌ​កូរ៉េ​ទាំងពីរ​។ នៅត្រង់​ខ្សែបន្ទាត់​យោធា​ដែល​ពុះ​ចែក​ឧបទ្វីប​កូរ៉េ លោក គីម ប្រា​ប់លោក ត្រាំ ថា លោក​មិនដែល​រំ​ពឺ​ង​ថា នឹង​បាន​ជួបគ្នា​នៅទីនេះ​ឡើយ ហើយ​លោក​ពិតជា​ភ្ញាក់ផ្អើល​នឹង​សំណើ​រៀបចំ​ជំនួប​ទាំង​តាម​បណ្ដាញ Twitter និង​ទាំង​លិខិតផ្លូវការ​នៅពេល​បន្ទាប់​។​
 
​ក្រោយ​ការ​ចាប់ដៃ​ជា​ប្រវត្តិសាស្ត្រ និង​ការ​ឈានចូល​ទឹកដី​កូរ៉េខាងជើង លោក ត្រាំ ក៏​អញ្ជើញលោក គីម ឆ្លង​ខ្សែបន្ទាត់​ចូល​ទឹកដី​កូរ៉េខាងត្បូង​ដើម្បី​ចរចា​។ ទៅដល់​កូរ៉េខាងត្បូង លោក ត្រាំ និង​លោក គីម ក៏​ត្រូវបាន​ស្វាគមន៍​ដោយ​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន ប៉ុន្តែ​លោក មូ​ន គ្មាន​វត្តមាន​ក្នុងជំនួប​ជាង​៤០​នាទី​រវាង​លោក ត្រាំ និង​លោក គីម ឡើយ​។ ក្រោយ​ការចរចា​ជា​លក្ខណៈ​ឯកជន មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង បាន​យល់ព្រម​ការចរចា​ដើម្បី​រំសាយ​នុយក្លេអ៊ែរ​ឡើងវិញ​។​
 
​លោក ត្រាំ និយាយ​ក្រោយ​ជំនួប​ថា លោក មាន​ជំនួប​ដ៏​ល្អ​ជាមួយ​លោក គីម តែ​ត្រូវ​រង់ចាំ​មើល​សិន​ថា នឹង​មានរឿង​កើតឡើង​នៅពេល​ក្រោយ ប៉ុន្តែ​ល្បឿន​នៃ​ការរំសាយ​នុយក្លេអ៊ែរ មិនមែនជា​បញ្ហា​ឡើយ​។ លោក​បន្ថែមថា ភាគី​ទាំងពីរ នឹង​រៀបចំ​ក្រុមការងារ​មួយ​ដើម្បី​បន្ត​ការចរចា​នេះ សំដៅ​លុបបំបាត់​នុយក្លេអ៊ែរ​រប​ស់​កូរ៉េខាងជើង​។ រដ្ឋមន្ត្រីការបរទេស​អាមេរិក មៃ ប៉ុ​ម​ប៉េ​អូ លើកឡើង​មុន​ចាកចេញ​ទៅកាន់​អាមេរិក​វិញ ថា ការចរចា​ថ្នាក់​ក្រុមការងារ​អាច​ចាប់ផ្ដើម​នៅ​ពាក់កណ្ដាល​ខែកក្កដា​នេះ​។​
 
​សម្រាប់​អាមេរិក ក្រុមការងារ​នេះ នឹង​ដឹកនាំ​ដោយ​តំណាង​ពិសេស Stephen Biegun ដែល​ធ្លាប់​ដឹកនាំ​ការចរចា​ជាច្រើន​ស្រេច​ទៅហើយ​។ ឯ​កូរ៉េខាងជើង​វិញ ទំនង​ដឹកនាំ​ដោយ​អនុរដ្ឋមន្ត្រី​ការបរទេស​លោកស្រី ឆេ ស៊ុន​ហ៊ី ដែល​ធ្លាប់​ចូលរួម​ក្នុង​ដំណើការ​ចរចា​ជាមួយ​អាមេរិក​នាពេល​កន្លងមក​។ ប្រធាន​ប្រតិភូ​កូរ៉េខាងជើង​អំឡុង​ជំនួប​មេដឹកនាំ​នៅ​វៀតណាម​ដែល​បរាជ័យ គឺ​លោក គីម យុក​ឈុ​ល ទំនង​ស្ថិតក្នុង​ការដាក់ពិន័យ​នៅឡើយ​។​

​រំកិល​ភ្នំ​ដើម្បី​ជួបគ្នា​
 
​ជំនួប​ពីរដង​មុន​រវាង​លោក ត្រាំ និង​លោក គីម ត្រូវបាន​រៀបចំ​យ៉ាង​ដិតដល់​បំផុត​លុះដល់​វិនាទី​ចុងក្រោយ​តែម្ដង ប៉ុន្តែ​ការជួប​មុខ​លើក​ទី​បី​នេះ ត្រូវបាន​រៀបចំ​ដោយ​ដោយ​គ្មាន​ការគិត​ទុក​មុន​ច្រើន​ឡើយ​។ បើ​មើល​តាម​វីដេអូ​ដែល​ផ្សាយ​ផ្ទាល់​នោះ គេ​នឹង​ឃើញ​ការ​សកម្មភាព​ឥត​សណ្ដាប់ធ្នាប់​ជាច្រើន និង​សំឡេង​ស្រែក​រញ៉េរញ៉ៃ ពិសេស​នោះ លោក ត្រាំ និង​លោក គីម បែរជា​ត្រូវ​និយាយ​ទៅកាន់​អ្នកសារព័ត៌មាន​នៅក្រៅ​អាគារ​ទៅវិញ ទោះជា​មេដឹកនាំ​ទាំងពីរ​ជួបគ្នា​ក្នុង​បន្ទប់​បិទទ្វារ​ក្ដី​។​
 
​ប្រធានាធិបតី​អាមេរិក​និយាយថា ភាគី​ទាំងពីរ​ត្រូវ​រំកិល​ភ្នំ​ដើម្បី​រៀបចំ​ជំនួប​នេះ​។ តាមពិតទៅ លោក ត្រាំ ទទួលស្គាល់ថា វា​ជា​រឿង​លំបាក​មួយ​ដែល​ត្រូវ​រៀបចំ​កិច្ចប្រជុំ​ភ្លាមៗ​បែបនេះ ពិសេស​សម្រាប់​លោក គីម ដែល​ចាំបាច់​ត្រូវការ​ការពារ​យ៉ាង​ម៉ត់ចត់​បំផុត​នោះ​។ តាម​សេចក្ដីរាយការណ៍​ខ្លះ អ្នកនាំពាក្យ​លោក ត្រាំ ថ្មី បាន​រងរបួស​ដោយ​ការ​ប្រជ្រៀត​គ្នា​រវាង​អ្នកសារព័ត៌មាន​ជាច្រើន និង​អង្គរក្ស​កូរ៉េខាងជើង​របស់លោក គីម ។  
 
​លោក ត្រាំ អញ្ជើញលោក គីម ទៅ​វ៉ាស៊ីនតោន ឯ​លោក គីម ហៅ​លោក ត្រាំ ទៅ​ព្យុងយ៉ាង​
 
​នា​ជំនួប​ក្នុងភូមិ​ប៉ាន់​មុន​ជុម​នៃ​តំបន់​គ្មាន​យោធា លោក ត្រាំ ក៏បាន​អញ្ជើញលោក គីម ទៅ​ទស្សនកិច្ច​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​។ បើតាម​លោក ត្រាំ ទស្សនកិច្ច​នេះ នឹង​រៀបចំឡើង​នៅពេល​សមរម្យ​ណាមួយ​។ ចំណែក​លោក គីម វិញ ក៏បាន​អញ្ជើញលោក ត្រាំ ឲ្យ​ធ្វើ​ទស្សនកិច្ច​នៅ​កូរ៉េខាងជើង​ដែរ​។ មេដឹកនាំ​កូរ៉េខាងជើង​រូបនេះ​បញ្ជាក់ថា វា​ជា​កិត្តិយស​ដ៏​ធំ​មួយ បើ​លោក ត្រាំ ទៅកាន់​រដ្ឋធានី​ព្យុង​យ៉ាងនោះ​។ ដូច​លោក គីម ដែរ លោក ត្រាំ ថា ទស្សនកិច្ច​នឹង​កើតឡើង​នៅពេល​វេលា​ត្រឹមត្រូវ​។​
 
​សូមបញ្ជាក់ថា ទោះ​មិនទាន់​ទៅដល់​ព្យុងយ៉ាង​មែន លោក ត្រាំ បាន​ក្លាយជា​ប្រធានាធិបតី​អាមេរិក​ទីមួយ​ដែល​ជាន់​ទឹកដី​កូរ៉េខាងជើង​ទៅហើយ​។ ពេល​ចាប់​នៅឯ​តំបន់​សន្តិសុខ​រួម (JSA) លោក គីម ក៏​អញ្ជើញលោក ត្រាំ ឲ្យ​ឆ្លងកាត់​បេតុង​ដែល​ខណ្ឌ​ចែ​ល​កូរ៉េ​ជា​ពីរ ហើយ​លោក ត្រាំ ក៏​យល់ព្រម រួច​ដើរចូល​ទឹកដី​កូរ៉េខាងជើង​ប្រមាណ​ម្ភៃ​ជំហាន មុននឹង​ត្រឡប់​ចូល​ទឹកដី​កូរ៉េខាងត្បូង​វិញ​៕ 
 

Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  ដូ​ណា​ល់ ត្រាំ​
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com