អន្តរជាតិ
ក្រោយ​ផ្អាក​ច្រើន​ទសវត្សរ៍ ជប៉ុន​ចាប់ផ្ដើម​នេសាទ​ត្រី​បា​ឡែ​ន​ឡើងវិញ ទោះ​រង​ការរិះគន់​
01, Jul 2019 , 8:59 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​នៅ​ថ្ងៃទី​១ ខែកក្កដា​នេះ ជប៉ុន បានចាប់ផ្ដើម​ការនេសាទ​ត្រី​បា​ឡែ​ន​ឡើងវិញ បន្ទាប់ពី​អាក់ខាន​បី​ទសវត្សរ៍​កន្លងទៅ​។ ការ​ប្រមាញ់​ត្រី​បា​ឡែ​ន ជា​ប្រពៃណី​របស់​ជប៉ុន ប៉ុន្តែ​រង​ការរិះគន់​ខ្លាំង ដ្បិត​បាន​គំរាមកំហែង​ខ្លាំង​ដល់​ពូជ​សត្វ​សមុទ្រ​មួយ​ប្រភេទ​នេះ​។ ជប៉ុន បាន​ដកខ្លួន​ពី​គណៈកម្មការ​ត្រី​បា​ឡែ​ន​អន្តរជាតិ ដែល​ទទួលបន្ទុក​កិច្ចការ​អភិរក្ស​ត្រី​បា​ឡែ​ន ដែល​ធ្វើ​ឲ្យ​មានការ​រិះគន់​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ ពិសេស​សកម្មជន​ការពារ​តែម្ដង​។​

 
​កប៉ាល់​នេសាទ​ចំនួន​៥ បាន​ចាក​ចេញពី​កំពង់ផែ Kushiro នៅ​ភាគ​ខាងជើង​ជប៉ុន ក្នុង​គោលដៅ​នេសាទ​ត្រី​បា​ឡែ​ន​។ ក្រោយ​ផ្អាក​សកម្មភាព​បី​ទសវត្សរ៍​កន្លងមក ជប៉ុន បានអនុញ្ញាត​ឲ្យ​នេសាទ​ត្រី​ទម្ងន់​ធ្ងន់​មួយ​នេះ​ជា​លក្ខណៈ​ពាណិជ្ជកម្ម​ឡើងវិញ​។ ជាមួយនឹង​ការ​បន្លឺ​សំ​ឡែ​ង​លាន់​រំពង កប៉ាល់​នេសាទ​ធំៗ​ទាំងនោះ នឹងធ្វើ​ដំណើរ​ទៅ​ឆ្ងាយ​ពី​ដែនសមុទ្រ​របស់​ជប៉ុន ដើម្បី​តាម​ប្រមាញ់​ត្រី​បា​ឡែ​ន​ជាថ្មីទៀត​។ 
 
​ការចាប់ផ្ដើម​នេសាទ​ត្រី​សមុទ្រ​មួយ​នេះ ធ្វើឡើង​ក្រោយ​ជប៉ុន​ដកខ្លួន​ចេញពី​គណៈកម្មការ​ត្រី​បា​ឡែ​ន​អន្តរជាតិ (IWC) ដែលជា​សមាជិក​តាំងពី​ឆ្នាំ​១៩៥១ មក​។ ចាប់ពី​ឆ្នាំ​១៩៨៨ ជប៉ុន​ក៏​ផ្អាក​ការធ្វើ​នេសាទ​ត្រី​បា​ឡែ​ន​នេះ​ជា​លក្ខណៈ​ពាណិជ្ជកម្ម​តែម្ដង​។ ប៉ុន្តែ​ជប៉ុន បាន​ដកខ្លួន​ចេញពី​គណៈកម្មការ​នេះ​ផ្លូវការ​នៅ​ថ្ងៃទី​៣០ ខែមិថុនា​ម្សិលមិញ ហើយ​នៅ​ថ្ងៃទី​១ ខែកក្កដា​នេះ ក៏​ចាប់ផ្ដើម​នេសាទ​ត្រី​បា​ឡែ​ន​បែប​ពាណិជ្ជកម្ម​ឡើងវិញ​តែម្ដង​។​
 
​នេះ​ជា​លើកទីមួយ​ដែល​ជប៉ុន​ដកខ្លួន​ចេញពី​អង្គការ​អន្តរជាតិ​ក្រោយ​ចប់​សង្គ្រាម​មក​។ ការដកខ្លួន​នេះ រង​ការរិះគន់​ពី​សកម្មជន​ការពារ​ត្រី​បា​ឡែ​ន និង​ប្រទេស​ដែល​ប្រឆាំង​ការនេសាទ​ផងដែរ​។ ប៉ុន្តែ​សហគមន៍​អ្នកនេសាទ​ត្រី​បា​ឡែ​ន​នៅ​ជប៉ុន​វិញ កំពុង​សប្បាយ​ចិត្តខ្លាំង​។ ប្រធាន​សមាគម​នេសាទ​ត្រី​បា​ឡែ​ន​តូច​ជប៉ុន Yoshifumi Kai បានបង្ហាញ​ក្ដី​រីករាយ​ដែល​អាច​នេសាទ​ត្រី​បា​ឡែ​ន​ឡើងវិញ ដែលជា​ប្រពៃណី​ជប៉ុន​ជាង​៤០០​ឆ្នាំ​មកហើយ​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP អង្គភាព​នេសាទ​ជប៉ុន​បានប្រកាសថា ខ្លួន​ដាក់​គោលដៅ​ប្រមាញ់​ត្រី​បា​ឡែ​ន​ចំនួន​២២៧​ក្បាល​សម្រាប់​រយៈពេល​នេះ​ទៅដល់​ចុងខែ​ធ្នូ​ខាងមុខ ហើយ​កំណត់​ចំនួន​ជាក់លាក់​សម្រាប់​ប្រភេទ​ត្រី​បា​ឡែ​ន​ដែល​ត្រូវ​ប្រមាញ់​។ 
 
​ការ​ប្រមាញ់​ត្រី​បា​ឡែ​ន​នេះ ជា​សំណុំរឿង​ប្រទាំង​ប្រទើស​ផ្នែក​ការទូត​មួយ​រវាង​ជប៉ុន និង​ប្រទេស​ជាច្រើន​ទៀត​។ ក្រុង​តូ​ក្យូ ដែល​បាន​តស៊ូ​មតិ​រឿង​នេសាទ​ត្រី​បា​ឡែ​ន​នេះ​រាប់សិប​ឆ្នាំ​មកហើយ​នោះ ចាត់ទុក​ការនេសាទ​នេះ ជា​ប្រពៃណី​របស់ខ្លួន ហើយ​មិនគួរ​ប្រទេស​ដទៃ​ជ្រៀតជ្រែក​ឡើយ​។ តាមពិតទៅ អំឡុងពេល​ផ្អាក​ការនេសាទ​ប៉ុន្មាន​មកនេះ ទោះជា​មិនអាច​នេសាទ​ត្រី​ធំ ជប៉ុន​នៅតែមាន​សិទ្ធិ​ប្រមាញ់​ត្រី​បា​ឡែ​ន​ទំហំ​តូច​បាន​ដដែល​។​
 
​ជាមួយ​ការដកខ្លួន​ចេញពី​គណៈកម្មការ​ខាងលើ ជប៉ុន អាចមាន​សិទ្ធិ​ចេញ​នេសាទ​នៅ​តំបន់​ជ្រៅៗ​ជាទី​សម្បូរ​ត្រី​បា​ឡែ​ន​ធំៗ​។ ប៉ុន្តែ​ជប៉ុន​ត្រូវ​បញ្ចប់​ការនេសាទ​ត្រី​បា​ឡែ​ន​ដើម្បី​គោលដៅ​វិទ្យាសាស្ត្រ​នៅឯ​អង់តាក់ទិក​។ កន្លងមក ជប៉ុន​ក៏បាន​យក​លេស​វិទ្យាសាស្ត្រ​នេះ​ដើម្បី​ប្រមាញ់​ត្រី​បា​ឡែ​ន​ក្នុង​គោលដៅ​ពាណិជ្ជកម្ម​មិនតិច​ដែរ​៕  

Tag:
 ជប៉ុន​
  ត្រី​បា​ឡែ​ន​
  IWC
© រក្សាសិទ្ធិដោយ thmeythmey.com