ប្រធានាធិបតីតួកគី រ៉េស៊ីប តៃយីប អ៊ែរដូហ្កាន់ កំពុងស្ថិតក្នុងទីក្រុងប៉េកាំងដើម្បីធ្វើទស្សនកិច្ចផ្លូវរដ្ឋតាមការអញ្ជើញរបស់ប្រធានាធិបតីចិន ស៊ី ជិនភីង ។ ជាដំណើរទស្សនកិច្ចដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី វត្តមានលោក អ៊ែរដូហ្កាន់ នៅទឹកដីចិនពេលនេះ កើតឡើងស្របពេលដែលតួកគីកំពុងមើលមុខគ្នាមិនត្រូវជាមួយអាមេរិកលើសំណុំរឿងប្រព័ន្ធការពារ S-400 និងយន្តហោះ F-35 ។ តើតួកគី កំពុងរកមិត្តថ្មីនៅទិសខាងកើត ខណៈទាស់ទែងមិត្តទិសខាងលិច?
ខាងមុខមហាវិមានប្រជាជនចិននាទីក្រុងប៉េកាំង ប្រធានាធិបតីតួកគី រ៉េស៊ីប តៃយីប អ៊ែរដូហ្កាន់ ត្រូវបានស្វាគមន៍យ៉ាងអធិកអធមពីសំណាក់ម្ចាស់ផ្ទះប្រធានាធិបតីចិន ស៊ី ជិនភីង ហើយភាគីទាំងពីរបានឯកភាពគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើនពិសេសការប្រឆាំងភេរវកម្ម។ នេះជាជំនួបលើកទីពីរក្នុងរយៈពេលមិនដល់មួយខែផងរវាងមេដឹកនាំចិន និងតួកគី។
ដំណើរទស្សនកិច្ចរបស់លោក អ៊ែរដូហ្កាន់ ធ្វើឡើងបួនខែបន្ទាប់ពីក្រុងអង់ការ៉ា និងប៉េកាំងប៉ះសម្ដីគ្នាមួយប្រាវជុំវិញការរំលោភបំពានសិទ្ធិមនុស្សលើជនភាគតិចនៅតំបន់ស្វយ័តស៊ីនជាំង។ កាលនោះ ក្រសួងការបរទេសតួកគីហៅយុទ្ធនាការរបស់អាជ្ញាធរចិនលើជនភាគតិចវីហ្គ័រដែលនិយាយភាសាតួកគី ថា ជាភាពអាម៉ាស់របស់មនុស្សជាតិ។ នេះក៏ព្រោះតែជនជាតិវីហ្គ័រ រួមទាំងជនភាគតិចផ្សេងទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរកែប្រែដើម្បីលាងសម្អាតភាពជ្រុលនិយម និងមនោគមន៍មិនល្អ។
ប៉ុន្តែនាជំនួបថ្ងៃទី២ ខែកក្កដា ប្រធានាធិបតីតួកគី ហាក់និយាយទន់ភ្លន់ចំពោះមុខលោក ស៊ី ។ បើតាមទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua លោក អ៊ែរដូហ្កាន់ និយាយថា ជនជាតិភាគតិចជាច្រើនដែលរស់នៅខេត្តស៊ីនជាំងរស់នៅយ៉ាងរីករាយ ហើយរឿងនេះកើតឡើងបានដោយសារការរីកចម្រើនរបស់ចិនតែម្ដង។ មេដឹកនាំតួកគីបន្តថា ក្រុងអង់ការ៉ា មិនអនុញ្ញាតឲ្យនរណាម្នាក់បង្កើតរនាំងឧបសគ្គអ្វីដល់ទំនាក់ទំនងទ្វេភាគីឡើយ។
នាជំនួបដដែល លោក ស៊ី បានស្នើឲ្យប្រទេសទាំងពីរគោរពអធិបតេយ្យគ្នាទៅមក ផលប្រយោជន៍ស្នូលរបស់ប្រទេសនីមួយៗ និងបញ្ហាសំខាន់ផ្សេងទៀត។ ប្រធានាធិបតីចិនប្រាប់លោក អ៊ែរដូហ្កាន់ ថា ចិនអរគុណតួកគីដែលមិនអនុញ្ញាតឲ្យមានក្រុមប្រឆាំងចិននៅទឹកដីរបស់ខ្លួន ក៏ដូចជាការគាំទ្ររបស់តួកគីក្នុងយុទ្ធនាការប្រឆាំងភេរវកម្មរបស់ចិន។ មេដឹកនាំចិនរូបនេះបន្តថា ប៉េកាំងមានឆន្ទៈជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយអង់ការ៉ាលើការប្រយុទ្ធប្រឆាំងភេរវកម្មនេះ។
បោះដៃរកមិត្តទិសខាងកើត ព្រោះកំពុងទាស់ជាមួយមិត្តទិសខាងលិច?
បច្ចុប្បន្ននេះ តួកគីកំពុងល្វីងមុខការគំរាមម្ដងជាពីរដងពីសំណាក់អាមេរិកដែលមិនសប្បាយចិត្តរឿងតួកគីទិញប្រព័ន្ធការពារមីស៊ីល S-400 ពីរុស្ស៊ី។ អាមេរិកគំរាមលែងលក់យន្តហោះ F-35 បើតួកគីបន្តអនុវត្តកិច្ចព្រមព្រៀងទិញលក់នេះទៀតនោះ។ តួកគីវិញ ប្រឹងបកស្រាយជាលើកច្រើនលើកច្រើនលើការទិញសព្វាវុធពីរុស្ស៊ីនេះ តែអាមេរិកមិនស្ដាប់ឡើយ ហើយគំរាមដាក់ទណ្ឌកម្មទៀតផង។ ប៉ុន្តែស្របពេលមើលមុខគ្នាមិនសូវចំជាមួយលោកខាងលិច តួកគីអាចរកមិត្តថ្មីនៅខាងកើតបាន។
ការជួបចរចាគ្នាដល់ទៅពីរដងក្នុងរយៈពេលមិនដល់មួយខែមកផងនោះ ជាសញ្ញាបង្ហាញពីទំនាក់ទំនងកាន់តែប្រសើររវាងចិន និងតួកគី។ ការនិយាយល្អពីស្ថានភាពនៅស៊ីនជាំងចំពោះមុខលោក ស៊ី ក៏ទំនងជាការព្យាយាមរបស់លោក អ៊ែរដូហ្កាន់ ក្នុងការទាក់ទាញសមានចិន ហើយរំពឹងថា ការដោះដូរផ្នែកពាណិជ្ជកម្មនឹងកាន់តែកើនឡើងដូចគ្នា។ លោក ស៊ី អះអាងថា តួកគីដៃគូដ៏សំខាន់ក្នុងកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងវិថី ហើយថា ភាគីទាំងពីរ គួរជំរុញការធ្វើសមាហរណកម្មគំនិតផ្ដួចផ្ដើមរបស់ចិនជាមួយគម្រោងច្រកមជ្ឈិមបូព៌ារបស់តួកគីដើម្បីបង្កើនការធ្វើពាណិជ្ជកម្ម៕