កីឡាអន្តរជាតិ
អន្តរជាតិ
World Cup នារី​៖ កំណត់ត្រា​! ហូ​ឡង់​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ​លើកដំបូង ក្រោយ​ឈ្នះ​ស៊ុត​អែ​ត ១-០
04, Jul 2019 , 8:40 am        
រូបភាព
​ជ័យជម្នះ ១-០ ក្នុង​ម៉ោង​បន្ថែម​ លើ​ក្រុមកីឡា​ករ​បាល់ទាត់​ជម្រើសជាតិ​នារី​ស៊ុយអែត គ្រប់គ្រាន់​ហើយ​ដើម្បី​នាំ​ក្រុម​ហូ​ឡង់ ឡើងទៅ​ដណ្តើម​ពានរង្វាន់ FIFA Women's World Cup ឆ្នាំ​២០១៩ ជាមួយ​ម្ចាស់​ការពារ​តំណែង​ជើងឯក​អាមេរិក​។​

​នា​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ នៅ​រាត្រី​ថ្ងៃទី​៣ ខែកក្កដា ដែល​ធ្វើឡើង​នៅ​កីឡដ្ឋាន Stade de Lyon ក្រុមកីឡា​ការិនី​ហូ​ឡង់ ​និង​ស៊ុយអែត បានបញ្ចប់​ការប្រកួត​ក្នុង​ម៉ោង​ផ្លូវការ​៩០​នាទី​ ដោយ​គ្មាន​ការ​ស៊ុត​បញ្ចូល​ទី​គ្នា​ឡើយ​។​
 
​ក្រុម​ទាំងពីរ​ ត្រូវ​បន្ត​ដល់​ម៉ោង​បន្ថែម​១៥​នាទី​ពីរដង​។ នៅ​ម៉ោង​បន្ថែម​១៥​នាទី​ដំបូង​ ពោលគឺ​នាទី​ទី​៩ ខ្សែបម្រើ Jackie Groenen ជា​អ្នកសម្រេច​ទី​ឲ្យ​ក្រុម​រហស្សនាម​ទឹកក្រូច​ ដើម្បី​នាំមុខ​ស៊ុត​អែ​ត ១-០ ហើយក៏​ជា​គ្រាប់​បាល់​ជ័យជម្នះ​របស់​ពួកគេ ដ្បិត​ការបន្ថែម​ម៉ោង​១៥​នាទី​លើក​ទី​២ ​​នៅ​រក្សា​លទ្ធផល​នេះ​ដដែល​។​
  
 
​នេះ​ជាការ​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ​លើកដំបូង​បង្អស់​ក្នុង​ប្រវត្តិសាស្ត្ រ​របស់​ក្រុមកីឡា​ការិនី​ហូ​ឡង់​ សម្រាប់​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ពិភពលោក​នេះ​។ ដូច្នេះ​ហូ​ឡង់ ត្រូវ​ទៅ​ដណ្តើមពាន World Cup ផ្នែក​នារី​ឆ្នាំ​២០១៩ ដែល​បារាំង​ធ្វើ​ម្ចាស់ផ្ទះ ជាមួយ​ម្ចាស់​ជើងឯក​ច្រើនជាងគេ​ ៣​សម័យ និង​ជា​ក្រុម​ការពារ​តំណែង​ជើងឯក​អាមេរិក​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៧ ខែ​ក​ក្កដា ​ឆ្នាំ​២០១៩​។​
 
​ចំណែក​អង់គ្លេស ត្រូវ​ប្រជែង​គ្នា​ជាមួយ​ស៊ុយអែត​ ដើម្បី​ដណ្តើមយក​ចំណាត់ថ្នាក់​ទី​៣ នៅមួយថ្ងៃមុន​​​​ជំនួប​ផ្តាច់ព្រ័ត្រ​៕
 

 

Tag:
 World Cup Women
  ហូ​ឡង់
© រក្សាសិទ្ធិដោយ thmeythmey.com