អន្តរជាតិ
ចិនប្រាប់កាណាដា ថា អាមេរិកមិនអាចជួយអ្វីឡើយករណីជនជាតិកាណាដាពីរនាក់ ប្រធានាធិបតីចិន ស៊ី ជិនភីង និងនាយករដ្ឋមន្រ្តីកាណាដា ចាស្ទីន ទ្រូដូ ។ រូបភាព AFP
× ក្ដីសង្ឃឹមរបស់កាណាដាដែលពឹងពាក់អាមេរិកឲ្យជួយនិយាយជាមួយចិនដើម្បីឈានទៅការដោះលែងជនជាតិកាណាដាពីរនាក់ ទំនងត្រូវរលាយសូន្យហើយ។ តាមរយៈអ្នកនាំពាក្យក្រសួងការបរទេសរបស់ខ្លួន ចិន នៅថ្ងៃទី៣ ខែកក្កដា បានប្រាប់កាណាដាកុំឆោតពេក ហើយជឿថា អាមេរិកអាចជួយដោះស្រាយករណីជនជាតិខ្លួនបានឲ្យសោះ។ ក្រុងប៉េកាំង ក៏បានផ្ដាំទៅក្រុងអូតាវ៉ាដែរថា បញ្ហានេះមិនពាក់ព័ន្ធក្រុងវ៉ាស៊ីនតោនឡើយ។
នាយករដ្ឋមន្ត្រីកាណាដា ចាស្ទីន ទ្រូដូ កាលពីថ្ងៃទី២០ ខែមិថុនា បានទៅសុំជំនួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដើម្បីឲ្យជួយដោះស្រាយបញ្ហាជនជាតិកាណាដាពីរដែលកំពុងត្រូវបានជាប់ឃុំខ្លួននៅទឹកដីចិន ព្រោះលោក ត្រាំ ត្រូវជួបលោកប្រធានាធិបតីចិន ស៊ី ជិនភីង ។ នៅថ្ងៃទី២ ខែកក្កដា លោក ទ្រូដូ ក៏និយាយថា លោកមានទំនុកចិត្តខ្ពស់ថា លោក ត្រាំ លើកករណីនេះទៅជជែកជាមួយសមភាគីចិនក្នុងជំនួបនៅជប៉ុន។
យ៉ាងណាមិញ ប៉េកាំងប្រាប់ក្រុងអូតាវ៉ាកុំឲ្យរំពឹងវ៉ាស៊ីនតោនឲ្យសោះ ព្រោះមិនអាចជួយអ្វីបានឡើយ ហើយបានដាស់តឿនអូតាវ៉ាកុំឆោតពេក។ ជុំវិញការលើកឡើងរបស់លោក ទ្រូដូ ខាងលើ អ្នកនាំពាក្យក្រសួងការបរទេសចិន Geng Shuang និយាយថា ការគៀងគរសម្ព័ន្ធមិត្ត មិនអាចដាក់សម្ពាធលើចិនបានឡើយ ដោយសារចិនជាប្រទេសគោរពនីតិរដ្ឋ ហើយប្រព័ន្ធយុត្តិធម៌ ធ្វើការដោយឯករាជ្យ និងមិនឲ្យមានការអន្តរាគមន៍អ្វីទេ។
ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី៣ ខែកក្កដា អ្នកនាំពាក្យខាងលើក៏និយាយបែបឌឺដងឲ្យកាណាដាដែលពឹងអាមេរិកទៀតថា៖ «កុំឆោតពេកដែលជឿថា សម្ព័ន្ធមិត្តនោះជួយកាណាដាតាមតម្រូវការរបស់ខ្លួននោះ។ យ៉ាងច្រើនណាស់ ពួកគេនិយាយឲ្យតែបានរួចពីមាត់ប៉ុណ្ណោះ។ ចុងក្រោយ បញ្ហានេះជារឿងរវាងចិន និងកាណាដាផ្ទាល់។»
មន្ត្រីក្រសួងការបរទេសចិនដដែលនេះ នៅតែរុញការទទួលខុសត្រូវទាំងអម្បាលម៉ានលើកាណាដាជុំវិញភាពល្អក់កករក្នុងទំនាក់ទំនងទ្វេភាគីនាពេលបច្ចុប្បន្ននេះ។ លោកចង់និយាយសំដៅការឃាត់ខ្លួនមន្ត្រីក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei ពីសំណាក់ប៉ូលិសកាណាដាតាមសំណើសុំធ្វើបត្យាប័នរបស់អាមេរិក។ ក្រោយការឃាត់ខ្លួននេះ ជនជាតិកាណាដាពីរនាក់ដែលម្នាក់ជាអតីតមន្ត្រីការទូតផងនោះ ត្រូវអាជ្ញាធចិនចាប់ខ្លួន និងចោនប្រកាន់ពីបទលួចព័ត៌មានសម្ងាត់។
ស្របពេលទំនាក់ទំនងកាន់តែជូរចត់នោះ លោក ទ្រូដូ ផ្ទាល់ ក៏បានជួបលោក ស៊ី នៅជប៉ុនផងដែរ ហើយប្រធានបទជនជាតិកាណាដាពីរនាក់នោះ ក៏ត្រូវបានពិភាក្សាផងដែរ។ សម្រាប់ច្រកចេញវិញ លោក Geng Shuang បញ្ជាក់ថា កាណាដាដឹងច្បាស់ពីឬសគល់នៃបញ្ហាដែលកើតឡើង ហើយចិនសង្ឃឹមថា កាណាដា នឹងចាត់វិធានការចាំបាច់ដើម្បីឲ្យទំនាក់ទំនងទ្វេភាគីវិលទៅរកភាពល្អប្រសើរឡើងវិញឲ្យបានឆាប់៕
Tag:
កាណាដា
ចិន
អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com