ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន៖ មិនថាទ័ពចិន ឬទ័ពប្រទេសណាទេ មិនត្រូវមានវត្តមាននៅកម្ពុជាឡើយ
05, Jul 2019 , 8:39 am        
រូបភាព
ប្រមុខរដ្ឋាភិបាល ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋកម្ពុជា នៅទីក្រុងហ្សឺណែវ ប្រទេសហ្វី នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩
ប្រមុខរដ្ឋាភិបាល ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋកម្ពុជា នៅទីក្រុងហ្សឺណែវ ប្រទេសហ្វី នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញមុខផ្ទាល់ ច្រានចោលព័ត៌មានចាស់ ដែលទើបនឹងលេចឮជាថ្មីថា កម្ពុជា បើកដៃឲ្យចិន កសាងមូលដ្ឋានកងទ័ពនៅកំពង់ផែសមុទ្ររាម ឬ តំបន់ទេសចរណ៍តារាសាគរ។



ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋកម្ពុជា នៅទីក្រុងហ្សឺណែវ ប្រទេសហ្វី នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ សម្តេចនាយករដ្ឋមន្ដ្រី ប្រកាសខ្លាំងៗដូច្នេះថា៖«ខ្ញុំសូមបញ្ជាក់ជាឱឡារិក មិនថា [កងទ័ព] ចិន ឬ អ្នកណាទេ គឺមិនត្រូវមានវត្តមាននៅលើទឹកដីកម្ពុជាទេ»។

អត្ថបទទាក់ទង


ប្រមុខរដ្ឋាភិបាល លើកជាសំណួរ ឲ្យប្រជាពលរដ្ឋពិចារណាថា តើកម្ពុជាត្រូវការវត្តមានកងទ័ពបរទេសមកធ្វើអ្វី? មានការចាំបាច់ទេ? ហើយទៅវាយជាមួយអ្នកណា? ប្រមុខរដ្ឋាភិបាល បញ្ជាក់បែបនេះថា៖«វា គ្មានការចាំបាច់ទាល់តែសោះ ឯចិនវិញ ចាំបាច់មកដាក់ទ័ពនៅស្រុកខ្មែរធ្វើអី បើចិននិងយើង នៅជិតគ្នាហ្នឹង»។

មេដឹកនាំកម្ពុជា បន្តលើកហេតុផលថា ប្រវត្តិសាស្ត្ររបស់ចិន មិនដែលនាំទ័ពចេញក្រៅពំ្រដែននោះទេ ហើយម្យ៉ាងទៀត រដ្ឋធម្មនុញ្ញកម្ពុជា ក៏មិនអនុញ្ញឲ្យបរទេស បង្កើតមូលដ្ឋានទ័ពដែរ។

វា មិនមែនជាលើកទីមួយនោះទេ ដែលកម្ពុជា ត្រូវបានសង្ស័យថា អនុញ្ញាតឲ្យចិនបង្កើតមូលដ្ឋានកងទ័ព។ កន្លងទៅ កម្ពុជារងការចោទប្រកាន់បែបនេះរួចមកហើយ ប៉ុន្តែកាលនោះ កម្ពុជា បានបដិសេធដូចគ្នា៕

Tag:
 ហ៊ុន សែន​
  មូលដ្ឋានទ័ពចិន
© រក្សាសិទ្ធិដោយ thmeythmey.com