ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់​ឡើង​សាច់ដុំ​ឆាប់រហ័ស​មែន​ទេ​? កុំ​រំលង​អត្ថបទ​នេះ​!
09, Jul 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​របប​អាហារ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​បង្កើន​ម៉ាស​សាច់ដុំ​និង​ភាព​សកម្ម​របស់​រាងកាយ​។  ប៉ុន្តែ​ថា​អាហារ​អ្វី​ខ្លះទៅ​ដែល​អាចជួយ​ឱ្យ​ឡើងសាច់​ដុំ​បាន​ឆាប់រហ័ស​និង​ល្អ​ចំពោះ​សុខភាព​?



កុំ​បារម្ភ​! ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែល​អ្នក​គួរ​ទទួលទាន​ដើម្បី​បង្កើន​ម៉ាស​នៃ​សាច់ដុំ​ឆាប់ ៖
 
១. ទឹកដោះគោ​ស្រស់​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ប្រូតេអ៊ីន រួមទាំង​កាល់ស្យូម និង​វិ​តា​មីន​ល្អៗ​។ ការសិក្សា​ស្រាវជ្រាវ​ជាច្រើន​បានបង្ហាញ​ថា​ការ​ទទួលទាន​ទឹកដោះគោ​គ្មាន​ជាតិ​ខ្លាញ់ ក្រោយ​ធ្វើ​លំ​ហាត់ប្រាណ​ជួយ​បង្កើន​សាច់ដុំ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធិភាព​។ ប្រសិនបើ​អ្នក​មិន​ហាត់ប្រាណ​អ្វី​ទេនោះ គ្រាន់តែ​ទទួលទាន​ទឹកដោះគោ​ស្រស់ ១ ឬ ២ កែវ​ជាមួយ​អាហារ​ក៏បាន​ដែរ​។​
 
២. ផ្លែ​បឺ​រ​
 
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់​សុខភាព​ល្អ និង​សារធាតុចិញ្ចឹម​ដែល​ផ្ដល់​អត្ថប្រយោជន៍​ប្រសើរ​បំផុត​សម្រាប់​សុខភាព​។ វា​គ្មាន​ផ្ទុក​ជាតិ​កាល់​ឡូរី​ច្រើន​ទេ ប៉ុន្តែ​នៅតែ​ជា​អាហារ​ដ៏​ល្អ​បំផុត​មួយ​ជួយ​ឱ្យ​ឡើង​ទម្ងន់​។ ផ្លែ​បឺ​រ​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន​ចាំបាច់​ដូចជា C E និង K ជួយ​រក្សា​សុខភាព​សាច់ដុំ​ល្អប្រសើរ​។​
 
៣. ម្ទេសផ្លោក​
 
​មិន​ថា​ម្ទេសផ្លោក​ពណ៌​អ្វី​នោះទេ គឺ​សុទ្ធ​តែមាន​ផ្ទុក​នូវ​ជាតិ​ប្រូតេអ៊ីន​និង​វីតាមីន C ដែល​ចាំបាច់​សម្រាប់​សុខភាព​សាច់ដុំ ក៏ដូចជា​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាងកាយ​។​
 
៤. សាច់​ក្រហម​
 
​ជា​អាហារ​ដែល​ប្រសើរ​បំផុត​ជួយ​ឱ្យ​កើន​ទម្ងន់ និង​ឡើង​សាច់ដុំ​ឆាប់រហ័ស​។ សាច់​ក្រហម​មាន​ផ្ទុក  leucine និង creatine ដែលជា​សារធាតុចិញ្ចឹម​ចាំបាច់​សម្រាប់​សាច់ដុំ និង​ការកើនឡើង​នូវ​ជាលិកា​សាច់ដុំ​ថ្មី​។ ទោះជា​យ៉ាងណា ការ​ទទួលទាន​ច្រើនពេក​ក៏​មិនល្អ​ដែរ​សម្រាប់​សុខភាព​។​

៥. សណ្ដែកសៀង​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន K, ជាតិ​ដែក និង​ផូស្វ័រ​។ ជាតិ​ដែក​ជួយ​រក្សាទុក និង​ដឹកនាំ​អុកស៊ីសែន​ឆ្លងកាត់​ឈាម និង​សាច់ដុំ​។ សណ្ដែកសៀង​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​មាន​ឥទ្ធិពល និង​ជួយ​បង្កើន​សុខភាព​រាងកាយ ក៏ដូចជា​កម្លាំង​ឡើងវិញ​ក្រោយ​លំ​ហាត់ប្រាណ​។​
 
៦. ជី​វ៉ាន់ស៊ុយ​
 
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​សំខាន់ៗ រួមទាំង​អាស៊ីត​អា​មី​ណូ​ចាំបាច់​បំផុត​មួយ គឺ lysine 
​ដែល​មិន​ត្រឹមតែ​ជួយ​បង្កើន​ម៉ាស​នៃ​សាច់ដុំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​រក្សា​សុខភាព​សាច់ដុំ​ល្អប្រសើរ​ផងដែរ​។​
 
៧. តៅហ៊ូ​
 
​តៅហ៊ូ​ធ្វើឡើង​ពី​សណ្ដែកសៀង​ដែលមាន​ឥទ្ធិពល​គួរឱ្យកត់សម្គាល់​សម្រាប់​មុខងារ​សាច់​។ តៅហ៊ូ​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ប្រូតេអ៊ីន​,  leucine និង​កាល់ស្យូម​ដែល​សាច់ដុំ​ត្រូវការ​ចាំបាច់​ដើម្បី​បង្កើន និង​រក្សា​មុខងារ​ត្រឹមត្រូវ​។​
 
៨. ត្រី​សាល​ម៉ុ​ន និង​ត្រី​សម្បូរ​ខ្លាញ់​
 
​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ប្រូតេអ៊ីន​គុណភាព​ខ្ពស់ និង​ជាតិ​ខ្លាញ់​សុខភាព​ល្អ​នោះ គឺ​ត្រី​សម្បូរ​ខ្លាញ់​។ ត្រី​ដូចជា ត្រី​សាល​ម៉ុ​ន និង​ធូ​ណា មិន​ត្រឹមតែ​ជួយ​ក្នុង​ការបង្កើន​សាច់ដុំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ផ្ដល់​អត្ថប្រយោជន៍​ចំពោះ​រាងកាយ​ទាំងមូល​តាមរយៈ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែល​វា​មាន​ផ្ទុក​។ រួមបញ្ចូល​វា​ជាមួយ​បាយ និង​បន្លែ​។​
 
៩. ស៊ុត​
 
​ស៊ុត ជា​ប្រភេទ​នៃ​អាហារ​ដ៏​ប្រសើរ​បំផុត​សម្រាប់​ការកសាង​បង្កើន​សាច់ដុំ​មាន​សុខភាព​ល្អ​។ ស៊ុតមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ប្រូតេអ៊ីន​គុណភាព​ខ្ពស់ និង​ជាតិ​ខ្លាញ់​សុខភាព​ល្អ​។ ដូច្នេះ​ដើម្បី​អាច​កើន​ទម្ងន់ និង​ឡើង​សាច់ដុំ​ឆាប់រហ័ស ក៏ដូចជា​រក្សាបាន​នូវ​សុខភាព​រាងកាយ​រឹងមាំ ចូរ​ទទួលទាន​ស៊ុត​ឱ្យបាន ៣ គ្រាប់​ក្នុង​មួយថ្ងៃ​។​
 
១០. ទឹកដូង​
 
​ទឹកដូង​ត្រឹម ១ ពែង​អាច​ផ្ដល់​ឲ្យ​រាងកាយ​នូវ​ជាតិ​ប៉ូ​តា​ស្យូ​ម​ដល់​ទៅ ២៩៥ មី​លី​ក្រាម​ឯណោះ​។​ហើយ​ប៉ូ​តា​ស្យូ​ម គឺជា​ជាតិ​រ៉ែ​ចាំបាច់​បំផុត​ដែល​ជួយ​ធ្វើ​ឲ្យ​មុខងារ​សាច់ដុំ​កាន់​តែមាន​ភាពប្រសើរឡើង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com