អន្តរជាតិ
មួយ​សប្តាហ៍​ក្រោយ​ការបើក​នេសាទ​ឡើងវិញ ជប៉ុន ចាប់ផ្តើម​លក់​សាច់​ត្រី​បា​ឡែ​ន​
09, Jul 2019 , 11:18 am        
រូបភាព
ប្រភពរូប៖ Kyodo News
ប្រភពរូប៖ Kyodo News
ដោយ:
​ហាង​ទំនិញ​មួយកន្លែង​ក្នុង​ទីក្រុង​អូ​សា​កា ប្រទេស​ជប៉ុន នៅ​ថ្ងៃ​ចន្ទ​ទី​៨ ខែកក្កដា បានចាប់ផ្តើម​ធ្វើ​អាជីវកម្ម​លក់​សាច់​ត្រី​បា​ឡែ​ន ដែល​ទទួល​បានមកពី​ការនេសាទ ។  ការ​ប្រមាញ់​ត្រី​បា​ឡែ​ន​របស់​ជប៉ុន បានចាប់ផ្តើម​ប្រព្រឹត្តទៅ​ឡើងវិញ កាលពី​សប្តាហ៍​មុន ក្រោយពី​បាន​ផ្អាក​ជាង​៣​ទសវត្សរ៍​កន្លងទៅ​។

 
​ហាង​ទំនិញ​ជប៉ុន​មួយ​ឈ្មោះថា Hankyu បានដាក់​លក់​សាច់​ត្រី​បា​ឡែ​ន​ពណ៌​ក្រហមឆ្អិន​ឆៅ្អ​ប្រមាណ ៣០​គីឡូក្រាម ដែល​ក្រុម​អ្នកនេសាទ​ជប៉ុន​ចាប់បាន​នៅ​ឆ្នេរ Kushiro នៃ​កោះ​ហុក​កៃ​ដូ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៤ ខែកក្កដា ។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Kyodo បុគ្គលិក​ម្នាក់​បម្រើការ​នៅ​ហាង​លក់ទំនិញ​នោះ និយាយថា​៖ «​ខ្ញុំ​ចង់បង្ហាញ​ដល់​មនុស្ស​ជំនាន់​ក្រោយ ដែល​ពុំ​ធ្លាប់​ភ្លក្ស​រសជាតិ​សាច់​ត្រី​បា​ឡែ​ន ឲ្យ​ដឹងថា រសជាតិ​ឆ្ងាញ់​ប៉ុណ្ណា​នោះ​»​។ ចំណែក​បុរស​ចំណាស់​អាយុ ៥៨​ឆ្នាំ​ម្នាក់ទៀត ដែល​បាន​ភ្លក្ស​សាច់​ត្រី​បា​ឡែ​ន​នេះ បាន​ពោលថា​៖«​សាច់​ត្រី​នេះ មាន​រសជាតិ​ផ្អែម ដោយ​គ្មាន​ក្លិន​អ្វី​ឡើយ​។ រសជាតិ​របស់​វា បាន​នាំយក​រូបភាព​ពី​អតីតកាល អំឡុង​សម័យ​សិក្សា​របស់លោក​មកវិញ​»​។ 
 
​ច្រៀក​ជា​បន្ទះៗ ដែលមាន​ទម្ងន់​១០០​ក្រាម ត្រី​បា​ឡែ​ន​នេះ មានតម្លៃ ៥៩៩ យេន ឬ​ស្មើនឹង ៥,៥៣​ដុល្លារ ។ 
 
​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១ ខែកក្កដា​កន្លងទៅ ជប៉ុន បានចាប់ផ្ដើម​ការនេសាទ​ត្រី​បា​ឡែ​ន​ឡើងវិញ បន្ទាប់ពី​អាក់ខាន​បី​ទសវត្សរ៍​កន្លងទៅ ពោលគឺ​ចាប់ផ្តើម​ពី​ឆ្នាំ​១៩៨៨ មកម្ល៉េះ​។ ការចាប់ផ្ដើម​នេសាទ​ត្រី​សមុទ្រ​មួយ​នេះ ធ្វើឡើង​ក្រោយ​ជប៉ុន​ដកខ្លួន​ចេញពី​គណៈកម្មការ​ត្រី​បា​ឡែ​ន​អន្តរជាតិ (IWC) ដែលជា​សមាជិក​តាំងពី​ឆ្នាំ​១៩៥១ មក​៕
 

Tag:
 ជប៉ុន​
  ត្រី​បា​ឡែ​ន
© រក្សាសិទ្ធិដោយ thmeythmey.com