អន្តរជាតិ
លោក មូ​ន ចេ​អុី​ន​៖ ជប៉ុន​នឹងរង​គ្រោះ​ជាង​កូរ៉េខាងត្បូង បើ​មិន​ដក​ការ​រឹតត្បិត​
15, Jul 2019 , 9:59 pm        
រូបភាព
ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន ។ រូបភាព AFP
ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន ។ រូបភាព AFP
​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន នៅ​ថ្ងៃទី​១៥ ខែកក្កដា បាន​ព្រមាន​ពី​ផលវិបាក​ធ្ងន់ធ្ងរ​ក្នុង​សេដ្ឋកិច្ច​ជប៉ុន បើ​មិន​ដក​ការ​រឹតត្បិត​ការនាំចេញ​រូបធាតុ​គីមី​សំខាន់ៗ​ទៅ​ឲ្យ​កូរ៉េខាងត្បូង​នោះ​។ លោក មូ​ន ដែល​បាន​ព្រមាន​ប្រទេសជិតខាង​នេះ​ម្ដង​ហើយ​នោះ អះអាងថា ចំណាត់ការ​របស់​ជប៉ុន មាន​គោលដៅ​ទប់ស្កាត់​កំណើនសេដ្ឋកិច្ច​របស​កូរ៉េខាងត្បូង ប៉ុន្តែ​នឹង​បរាជ័យ​មិន​ខាន​។ មេដឹកនាំ​កូរ៉េខាងត្បូង បាន​អំពាវនាវ​ទៅកាន់​ជប៉ុន​ឲ្យ​ឈប់​យក​បញ្ហា​ប្រវត្តិសាស្ត្រ​មក​ឡូកឡំ​រឿង​សេដ្ឋកិច្ច​។​

 
​កូរ៉េខាងត្បូង នឹងមិន​ចុះ​ញ៉ម​សម្ពាធ​សេដ្ឋកិច្ច​របស់​ជប៉ុន​ឡើយ​។ នេះ​ជាការ​ប្រកាស​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន នៅ​ថ្ងៃទី​១៥ ខែកក្កដា ទៅនឹង​ការ​រឹតត្បិត​ការនាំចេញ​របស់​ជប៉ុន​លើ​រូប​ធាតុគីមី​បីយ៉ាង​ដែល​សំខាន់​ក្នុង​ការផលិត​បន្ទះ​ឈី​ប និង​ទូរ​សព្ទ​ឆ្លាត​វៃ​។ លោក មូ​ន ក៏​ព្រមាន​ដែរ​ថា ជប៉ុន​នឹងរង​ផលប៉ះពាល់​ខ្លាំង​ជាង​កូរ៉េខាងត្បូង​ទៅទៀត បើ​បញ្ហា​ពាណិជ្ជ​កម្មនេះ​អូសបន្លាយ​រក​ច្រកចេញ​មិនឃើញ​នោះ​។  
 
​នា​កិច្ចប្រជុំ​ជាមួយ​ទីប្រឹក្សា​នៅ​វិមាន​ប្រធានាធិបតី Cheong Wa Dae លោក មូ​ន និយាយថា ការ​រឹតត្បិត​របស់​តូ​ក្យូ​ដែល​ដាក់​គោលដៅ​លើ​ក្រុមហ៊ុន​កូរ៉េខាងត្បូង ជា​ចំណាត់​ការដែល​បង្ក​ឥទ្ធិពល​មិនល្អ​ឲ្យ​ជប៉ុន ហើយ​មិន​ធ្វើ​ឲ្យ​ជប៉ុន​រងគ្រោះ​វិញ​ដោយសារ​ការរួបរួមរ​បស់​ប្រជាជន​កូរ៉េខាងត្បូង​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap លោក មូ​ន ព្រមាន​ចំៗ​ទុក​មុន​ថា​៖ «​សេដ្ឋកិច្ច​ជប៉ុន នឹង​ទទួលផល​ប៉ះពាល់​ធំធេង​នៅ​ចុងក្រោយ​។​» 
 
អត្ថបទទាក់ទង
 
​ជាមួយនឹង​ការអះអាង​ពី​ការ​ពួតដៃគ្នា​របស់​ប្រជាជន​កូរ៉េខាងត្បូង លោក មូ​ន បាន​ផ្ញើ​សារ​ទៅកាន់​តូ​ក្យូ​ដែរ​ថា កូរ៉េខាងត្បូង អាច​ជម្នះ​បញ្ហា​ដែល​កើតចេញពី​សកម្មភាពរ​បស​ជប៉ុន​ដូច​ដែលជា​ធ្លាប់បាន​ដោះស្រាយ​បញ្ហា​កន្លងមក​។ កាន់តែ​ធ្ងន់ធ្ងរ ប្រជាជន​កូរ៉េខាងត្បូង នឹង​បាត់​ទំនុកចិត្ត​លើ​ភាពជា​ដៃគូ​ជាមួយ​ជប៉ុន ហើយនឹង​ស្វះស្វែង​ធ្វើ​ពិពិធ​កម្ម​ការផ្គត់ផ្គង់​របស់​ខ្លួន​តាមរយៈ​ការរក​ប្រភព​ផ្គត់ផ្គង់​ថ្មី ឬ​បង្កើន​ការផលិត​ក្នុងស្រុក​តែម្ដង​។ 
 
​ប្រធានាធិបតី​កូរ៉េខាងត្បូង​រូបនេះ ចាត់ទុក​វិធានការ​របស់​ជប៉ុន ជាការ​ប៉ុនប៉ង​រាំងខ្ទប់​កំណើនសេដ្ឋកិច្ច​កូរ៉េខាងត្បូង​។ បើ​នេះ​ជា​គោលដៅ​ពិត​របស់​ជប៉ុន​មែន​នោះ លោក មូ​ន ប្រាប់​ជប៉ុន​វិញ​ថា វា​នឹងមិន​ជោគជ័យ​ឡើយ​។ ខណៈ​ដំណោះស្រាយ​មិនទាន់មាន​ទោះ​មន្ត្រី​ប្រទេស​ទាំងពីរ​ជួបគ្នា​ក្ដី លោក មូ​ន អះអាងថា ការរក​ដំណោះស្រាយ​ការទូត នៅតែ​ជា​ជម្រើស​ដដែល​។ 
 
​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​រវាង​មហាអំណាច​អាស៊ី​ទាំងពីរ​នេះ​ដែល​ផ្ដើម​ដោយ​ការ​រឹតត្បិត​របស់​ជប៉ុន កើតឡើង ក្រោយពី​សាលក្រម​ជា​បន្តបន្ទាប់​របស់​តុលាការ​កូរ៉េខាងត្បូង ដែល​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​ដែល​បាន​ប្រើប្រាស់​កម្លាំង​ពលកម្ម​ប្រជាជន​កូរ៉េ​ដោយ​បង្ខំ​ក្នុងអំឡុង​សម័យ​សង្គ្រាម បង់ថ្លៃ​សំណង​ដល់​ជនរងគ្រោះ​។ ប៉ុន្តែ​តូ​ក្យូ​អះអាងថា បញ្ហា​នេះ​ត្រូវបាន​ដោះស្រាយ​ចប់​តាំងពី​ពេល​ប្រទេស​ទាំងពីរ​ស្ដារ​ទំនាក់ទំនង​ឡើងវិញ​មកម្ល៉េះ​។​
 
​លោក មូ​ន រិះគន់​ជប៉ុន​ដែល​យក​បញ្ហា​ប្រវត្តិសាស្ត្រ​មក​ពាក់ព័ន្ធ​រឿង​សេដ្ឋកិច្ច​។ ដោយ​ចាត់ទុក​ការសម្រេចចិត្ត​របស់​ជ​ប៉ុន​ជា​រឿង​មិន​ឆ្លាត​វៃ ប្រធានាធិបតី​កូរ៉េខាងត្បូង​រូបនេះ លើកឡើងថា ការ​រឹតត្បិត​នេះ ដើរ​ផ្ទុយ​ពី​ការអភិវឌ្ឍ​នៃ​ទំនាក់ទំនង​ទ្វេភាគី​។ លោក មូ​ន រំពឹងថា ជប៉ុន​នឹង​ដកថយ ហើយ​ងាក​ទៅរក​ដំណោះស្រាយ​ការទូត​វិញ​៕ 

Tag:
 ​កូរ៉េខាងត្បូង​
  ជប៉ុន​
  មូ​ន ចេ​អ៊ី​ន
© រក្សាសិទ្ធិដោយ thmeythmey.com