ជាតិ
បាក់ឌុប
វីដេអូ
ដូចឆ្នាំមុនៗ! គ្រូគណិត ទៀ សុធា សន្យារាំពីខ្លោងទ្វារដល់ដងទង់ជាតិ បើសិស្សខ្លួនជាប់និទ្ទេស A
16, Jul 2019 , 2:30 pm        
រូបភាព
លោក ទៀ សុធា សាស្រ្តាចារ្យគណិតវិទ្យា នៃវិទ្យាល័យ​សម្ដេចហ៊ុនសែនភ្នំពេញថ្មី​
លោក ទៀ សុធា សាស្រ្តាចារ្យគណិតវិទ្យា នៃវិទ្យាល័យ​សម្ដេចហ៊ុនសែនភ្នំពេញថ្មី​
ភ្នំពេញ៖ ឆ្នាំ២០១៩នេះ សាស្រ្តាចារ្យគណិតវិទ្យា លោក ទៀ សុធា បានសន្យារាំពីខ្លោងទ្វារដល់ដងទង់ជាតិ ប្រសិនបើ សិស្សរបស់ខ្លួនប្រឡងជាប់និទ្ទេស A នៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ កាលពីឆ្នាំ២០១៧ កន្លងទៅ សាស្រ្តាចារ្យ ទៀ សុធា បានធ្វើឲ្យសាធារណជនទូទៅភ្ញាក់ផ្អើល ជាពិសេសសម្ដេច ហ៊ុន សែន បានកោតសរសើរចំពោះគ្រូបង្រៀនមុខវិជ្ជាគណិតវិទ្យារូបនេះ ដែលគោរពពាក្យសន្យាជាមួយសិស្ស ដោយបានរាំពីពីខ្លោងទ្វារដល់ដងទង់ជាតិ។


មិនខុសពីឆ្នាំ២០១៧ និងឆ្នាំ២០១៨ឡើយ សាស្រ្តាចារ្យគណិតវិទ្យា ទៀ សុធា នៃវិទ្យាល័យសម្ដេចហ៊ុនសែនភ្នំពេញថ្មី បានសន្យាជាមួយសិស្សជាថ្មីម្ដងទៀត នៅឆ្នាំ២០១៩នេះ។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោកសាស្ត្រាចារ្យ ទៀ សុធា បញ្ជាក់យ៉ាងដូច្នេះ៖ «ឆ្នាំនេះ ខ្ញុំសន្យាជាមួយសិស្សថា ប្រសិនបើ ពួកគាត់ប្រឡងជាប់និទ្ទេស A ម្ដងទៀត ខ្ញុំនឹងរាំដើម្បីឲ្យគេស្គាល់សាលាយើង។ សិស្សដែលសន្យាមាន៣ទៅ៤នាក់ ហើយខ្ញុំសង្ឃឹម៧០ភាគរយថា ពួកគាត់អាចធ្វើបាន»។

ដើម្បីជ្រាបកាន់តែលម្អិត សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey  ជាមួយលោក ទៀ សុធា សាស្រ្តាចារ្យគណិតវិទ្យានៃវិទ្យាល័យសម្ដេចហ៊ុនសែនភ្នំពេញថ្មីដូចតទៅ៖
 

ក្នុងឃ្លីបវីដេអូដែលមានរយៈពេលជិត ៤នាទី អមជាមួយភ្លេងបទចម្រៀងញាក់ៗ សាស្ត្រាចារ្យគណិតវិទ្យា ទៀ សុធា បានរាំតែម្នាក់ឯង និងមានសិស្សជាច្រើនតាមថតសកម្មភាព គាត់រាំពីខ្លោងទ្វារដល់ដងទង់ជាតិសាលា ហាក់មិនមានភាពខ្មាស់អៀនចំពោះសកម្មភាពរាំរបស់ខ្លួននោះទេ។ សាស្ត្រចារ្យ ទៀ សុធា និយាយថា ក្នុងឃ្លីបវីដេអូនោះ នៅពេលដែលលោករាំ គឺមិនមានភ្លេងទេ ហើយនេះជាអារម្មណ៍របស់លោកត្រេកអរខ្លាំង និងសប្បាយចិត្ត។ 
អត្ថបទទាក់ទង

សាស្រ្តាចារ្យ ទៀ សុធា ដែលបង្រៀនមុខវិជ្ជា គណិតវិទ្យាតាំងពីឆ្នាំ១៩៩៩ មក និងបច្ចុប្បន្ន បង្រៀនគណិតវិទ្យាថ្នាក់ទី១២ ក្នុងវិទ្យាល័យសម្ដេចហ៊ុនសែនភ្នំពេញថ្មី បានឲ្យដឹងផងដែរថា ការរីកចម្រើននិងការទទួលបានភាពជោគជ័យរបស់សិស្ស បានជំរុញទឹកចិត្តលោកឲ្យប្រឹងបន្តទៀត ដោយមិនខ្លាចហត់ឡើយ ឲ្យតែសិស្សរៀនពូកែនិងទទួលបាននិទ្ទេសល្អ៕

Tag:
 បាក់ឌុប
  និទ្ទេស A
  គ្រូគណិត
© រក្សាសិទ្ធិដោយ thmeythmey.com