នៅពេលវិស័យខុនដូ បានចាប់កំណើតដំបូងនៅកម្ពុជាកាលពីចុងទសវត្យរ៍ឆ្នាំ ២០០០ មានគម្រោងតែពីរ ទៅបីប៉ុណ្ណោះ ត្រូវបានសាងសង់នៅភ្នំពេញ ហើយសុទ្ធសឹងធ្វើឡើង ដើម្បីឆ្លើយតបតម្រូវការអតិថិជន ជាជនបរទេស។ ប៉ុន្តែជាងមួយទសវត្សរ៍ចុងក្រោយ ស្ថានភាពទីផ្សារបានផ្លាស់ប្តូរ។ និន្នាការថ្មីមួយបានលេចឡើង ដោយសារកំណើនប្រជាជនកម្ពុជា វណ្ណៈកណ្តាល ហើយពួកគេ កំពុងត្រូវការលំនៅឋានផ្ទាល់ខ្លួន ដែលមានបែបបទរស់នៅស៊ីវិល័យ។
លោក អ៊ុក ច័ន្ទដារ៉ាវុធ នាយកផ្នែកលក់និងទីផ្សារនៃក្រុមហ៊ុន Seven Residence Co Ltd បានសង្កេតឃើញថា តម្រូវការខុនដូដែលសាងសង់ ស្របតាមតម្រូវការប្រជាជនក្នុងស្រុកចាប់ផ្តើមកើនឡើង ប៉ុន្តែក៏នៅមានភាពមិនស៊ីចង្វាក់គ្នា រវាងតម្រូវការ និងការផ្គត់ផ្គង់ខុនដូ សម្រាប់ប្រជាជនក្នុងស្រុក។ ដូច្នេះហើយបានជាក្រុមហ៊ុ Seven Residence សម្រេចសាងសង់អគារខុនដូ The Seven Residence Condominium ដែលប្រភេទខុនដូតម្លៃសមរម្យ ស្ថិតនៅខណ្ឌសែនសុខ។
លោកអ៊ុក ច័ន្ទដារ៉ាវុធ ថ្លែងថា៖«ពេលនេះ ប្រជាជនកម្ពុជាកាន់តែច្រើនឡើង ចាប់អារម្មណ៍ទិញខុនដូ តែគ្រាន់តែថាពួកគេ ចង់បានតម្លៃសមរម្យជាង គម្រោងខុនដូមុនៗ»។ លោកបន្តថា ក្រុមហ៊ុន The Seven Residence បានលក់ចេញ ៣០ភាគរយ ចាប់តាំងពីបើកលក់គម្រោងខុនដូតម្លៃសមរម្យនេះ កាលពីខែមករា។ ជាង ៩០ ភាគរយ នៃអ្នកបញ្ជាទិញ គឺជាអតិថិជនកម្ពុជា។
លោកបន្តថា៖«ក្នុងរយៈពេល ៥ឆ្នាំទៀត ប្រជាជនកម្ពុជា នឹងលែងសូវទិញផ្ទះល្វែងទៀតហើយ ដោយសារតម្លៃកាន់តែថ្លៃ ហើយមានទីតាំងឆ្ងាយ ពីកណ្តាលក្រុង។ ពួកគេ នឹងងាកមកទិញខុនដូ ដែលមានតម្លៃសមរម្យវិញ ដែលស្ថិតនៅជិតតំបន់ទីប្រជុំជន»។
វាជានិន្នាការថ្មីមួយ នៅក្នុងវិស័យខុនដូនៅកម្ពុជា។ អ្នកអភិវឌ្ឍន៍ជាច្រើន កំពុងផ្លាស់ប្តូរការយកចិត្តទុកដាក់របស់ពួកគេ មករកអ្នកទិញក្នុងស្រុក។
ជាទូទៅ ខុនដូតម្លៃសមរម្យនាពេលនេះ មានតម្លៃប្រហែល ៥ ម៉ឺនដុល្លារ ក្នុងមួយយូនីត ឬ ស្មើនឹង ១,៤០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។
យោងតាមរបាយការណ៍ថ្មីមួយ របស់ក្រុមហ៊ុនគ្រប់គ្រងសេវាអចលនទ្រព្យ CBRE គម្រោងខុនដូចំនួន ១៣ គម្រោង បានបញ្ចប់ការសាងសង់ ហើយដាក់លក់នៅលើទីផ្សារផ្ទះសម្បែងក្នុងអំឡុងឆមាសទីមួយ ឆ្នាំនេះ។ របាយការណ៍នេះ បានឱ្យដឹងថា ជិត ៧០ភាគរយ នៃគម្រោងទាំងនេះ គឺជាខុនដូតម្លៃសមរម្យ។
ខុនដូតម្លៃសមរម្យកំពុងមានកំណើននៅក្នុងទីផ្សារ
តួលេខរបស់ CBRE បានបង្ហាញថា គិតត្រឹមដំណាច់ខែមិថុនា ការផ្គត់ផ្គង់ខុនដូសរុបនៅភ្នំពេញ មានចំនួន ១៦,៦៥៧ យូនីត។ ក្នុងនោះខុនដូតម្លៃមធ្យម មានប្រហែលពាក់កណ្តាល ខណៈគម្រោងខុនដូតម្លៃសមរម្យ និងតម្លៃខ្ពស់ មានជាង ២០ ភាគរយដូចគ្នា។ CBRE បានចាត់ថ្នាក់ខុនដូតម្លៃមធ្យម ដោយគិតក្នុងមួយម៉ែត្រការ៉េ ស្មើតម្លៃ ៣,២៥៤ដុល្លារ ចំណែកខុនដូតម្លៃមធ្យម ២,៥៦៨ដុល្លារ និងខុនដូតម្លៃសមរម្យ ១,៥០១ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។
លោក James Hewson អ្នកគ្រប់គ្រងការស្រាវជ្រាវ និងប្រឹក្សាយោបល់របស់ CBRE បានថ្លែងថា ការអភិវឌ្ឍខុនដូដែលមានតម្លៃសមរម្យ នៅមានចំណែកតូចនៅឡើយ ធៀបនឹងចំនួនខុនដូសរុប តែវាកំពុងមានកំណើនខ្លាំង នៅមួយឆ្នាំចុងក្រោយ។ លោកបានមានប្រសាសន៍ថា៖«ឥឡូវនេះ មានការផ្គត់ផ្គង់ខុនដូតម្លៃខ្ពស់នៅក្នុងទីផ្សារ តែក្រុមហ៊ុនអភិវឌ្ឍន៍កំពុងចាប់ផ្តើមសាងសង់ខុនដូតម្លៃសមរម្យ ដើម្បីកាត់បន្ថយហានិភ័យ លើការពឹងតែខុនដូតម្លៃខ្ពស់មួយមុខ ដែលហាក់មានភាពឆ្អែតរួចទៅហើយ»។ លោកបន្តថា៖«មានការព្យាករថា ខុនដូតម្លៃសមរម្យ នឹងមានការកើនឡើងការផ្គត់ផ្គង់យ៉ាងខ្លាំង ក្នុងរយៈពេល៣ឆ្នាំខាងមុខនេះ»។
លោកបានបន្ថែមថា កំណើនភាគច្រើននៃខុនដូ គឺអាស្រ័យលើហេដ្ឋារចនាសម្ព័ន្ធ និងលទ្ធភាពប្រើប្រាស់។ នេះជាការព្រួយបារម្ភចម្បង សម្រាប់គម្រោងដែលមានតម្លៃសមរម្យ ដែលជាញឹកញាប់ ជ្រើសរើសទីតាំង ចុះពីទីប្រជុំជនដើម្បីរក្សាតម្លៃទាប។
យោងតាមរបាយការណ៍របស់ CBRE នៅឆ្នាំក្រោយនេះ ខុនដូដែលបញ្ចប់ការសាងសង់ហើយដាក់នៅលើទីផ្សារ នឹងកើនដល់ ៤០,០០០ យូនីតនៅភ្នំពេញ។ ក្នុងនោះជាងមួយភាគបួន ជាប្រភេទខុនដូតម្លៃសមរម្យ៕
(អត្ថបទពាណិជ្ជកម្ម)