រាជធានីភ្នំពេញ៖ ក្រុមហ៊ុន ALKSK Co,.Ltd និងក្រុមហ៊ុន ViPlus Dairy Pty Ltd បាន ចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាដៃគូសហការផ្លូវការ ដើម្បីនាំចូល និងចែកចាយ ផលិតផលម្សៅទឹកដោះគោម៉ាក ViPlus របស់ប្រទេសអូស្ត្រាលី មកកាន់ប្រទេសកម្ពុជា។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ។
ក្នុងពិធីចុះហត្ថលេខានេះ មានការចូលរួមជាកិតិ្តយស ពីលោក ពៅ ស៊ីណាល់ ប្រធានកម្មវិធីជាន់ខ្ពស់សហប្រតិបត្តិការអភិវឌ្ឍន៍ នៃស្ថានទូតអូស្ត្រាលី, លោក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជរាជធានីភ្នំពេញ, លោកស្រី លឹម កុលសិក្ខារ្យ នាយកគ្រប់គ្រងក្រុមហ៊ុន ALKSK, លោក Christopher Mckiernan អគ្គនាយករងផ្នែកទីផ្សារ នៃក្រុមហ៊ុន ViPlus Dairy Pty Ltd ពីប្រទេសអូស្ត្រាលី ,ដៃគូសហការ,តំណាងក្រុមហ៊ុន និងបុគ្គលិកក្រុមហ៊ុនទាំងអស់។
លោកស្រី លឹម កុលសិក្ខារ្យ នាយកគ្រប់គ្រងក្រុមហ៊ុន ALKSK បានមានប្រសាសន៍ថា ពិធីចុះអនុស្សរណៈយោគយល់នេះ គឺជាកិច្ចព្រមព្រៀងចាប់ដៃគ្នាយ៉ាងស្អិតល្មួត ដើម្បីធានាឲ្យបាន នូវការនាំចូល និងចែកចាយផលិតផលម្សៅទឹកដោះគោ និងផលិតផលផ្សេងទៀត ដែលមានគុណភាពខ្ពស់ និងតម្លៃសមរម្យ មកបំពេញតម្រូវការបស់អតិថិជននៅទូទាំងប្រទេសកម្ពុជា។ លោកស្រីបានបន្ថែមថា៖«ផលិតផលម្សៅទឹកដោះគោម៉ាក ViPlus ដែលក្រុមហ៊ុន ALKSK នឹងនាំចូលមកប្រទេសកម្ពុជា រួមមានម្សៅទឹកដោះគោសម្រាប់កុមារ ស្ត្រីមានគភ៌ និងអ្នកមានជំងឺទឹកនោមផ្អែម ដែលនឹងជួយពង្រឹងសុខភាពអ្នកប្រើប្រាស់ តាមរយៈរូបមន្តរបស់ប្រទេសអូស្ត្រាលី ប្រកបដោយសារធាតុចិញ្ចឹម បំប៉នដល់សុខភាព និងអាហាររូបត្ថម្ភ ដែលជាតម្រូវការចាំបាច់ទៅតាមប្រទេសនីមួយៗ»។
លោកស្រី កុលសិក្ខារ្យ ក៏សង្ឃឹមដែរថា ក្រុមហ៊ុនខ្លួន នឹងបន្តសហការជាមួយវិនិយោគិនផ្សេងៗទៀតនៅក្នុងពេលខាងមុខ ដើម្បីការផលិត និងការនាំចូលផលិតផល ដែលមានគុណភាព ដែលអាចផ្តល់ឱកាសការងារដល់ប្រជាជនកម្ពុជា ក៏ដូចជាសេដ្ឋកិច្ចកម្ពុជាទាំងមូល។
លោក Christopher McKiernan អគ្គនាយករងផ្នែកទីផ្សារ នៃក្រុមហ៊ុន ViPlus Dairy Pty Ltd ពីប្រទេសអូស្ត្រាលី បានបញ្ជាក់ក្នុងពិធីចុះហត្ថលេខានេះថា ក្រុមហ៊ុន ViPlus ពិតជាមានទំនុកចិត្ត ចំពោះក្រុមហ៊ុនជាដៃគូ ALKSK ដែលនាំចូលនូវផលិតផល ម្សៅទឹកដោះគោ ViPlus ផ្តាច់មុខ ពីប្រទេសអូស្ត្រាលីមកកាន់ប្រទេសកម្ពុជា។ លោក ជឿជាក់ថា ម្សៅទឹកដោះគោនេះ នឹងផ្តល់អត្ថប្រយោជន៍ច្រើន ដល់អតិថិជនដែលជាអ្នកប្រើប្រាស់ផលិតផលរបស់ខ្លួន។
លោកបានបន្ថែមថា៖«ផលិតផលម្រៅទឹកដោះគោ ViPlus ត្រូវបានផលិតនៅប្រទេសអូស្ត្រាលី ក្រោមស្តង់ដារខ្ពស់ ជាមួយនឹងការផ្តោតសំខាន់លើសុវត្ថិភាព គុណភាព និងអនាម័យខ្ពស់ ដោយរាប់ចាប់តាំងពីវត្ថុធាតុដើម រហូតដល់ផលិតផលសម្រេច សម្រាប់ការផលិត ក្នុងរយៈពេលជាង២០ឆ្នាំមកនេះ និងបានទទួលស្គាល់លើសុវត្ថិភាពលំដាប់ពិភពលោក ទាំងម្សៅទឹកដោះគោសម្រាប់កុមារ មនុស្សពេញវ័យ និងមនុស្សចាស់»។
(អត្ថបទពាណិជ្ជកម្ម)