ជាតិ
សង្គមជាតិ
កម្ពុជា​-​វៀតណាម ប្ដេជ្ញា​បង្កើន​ពាណិជ្ជកម្ម​ឲ្យ​បាន​៥​ពាន់​លាន​ដុល្លារ ខណៈ​អ្នកជំនាញ​ថា កម្ពុជា​ត្រូវ​ទាញ​ប្រយោជន៍​ពី​វៀតណាម​
19, Jul 2019 , 10:40 pm        
រូបភាព
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ទទួលកិច្ចស្វាគមន៍​លោក ង្វៀន គួកយុង អនុរដ្ឋមន្ត្រីការបរទេសវៀតណាម នៅ​ភ្នំពេញ កាលពីថ្ងៃទី១៨​ ខែកក្កដា ឆ្នាំ២០១៩
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ទទួលកិច្ចស្វាគមន៍​លោក ង្វៀន គួកយុង អនុរដ្ឋមន្ត្រីការបរទេសវៀតណាម នៅ​ភ្នំពេញ កាលពីថ្ងៃទី១៨​ ខែកក្កដា ឆ្នាំ២០១៩
ដោយ:
​ភ្នំពេញ​៖ កម្ពុជា​-​វៀតណាម ប្ដេជ្ញា​បង្កើន​ពាណិជ្ជកម្ម​ឲ្យ​បាន​៥​ពាន់​លាន​ដុល្លារ នាពេលខាងមុខ ស្របពេល​អ្នកជំនាញ​ថា កម្ពុជា​ត្រូវ​ចេះ​ទាញ​ប្រយោជន៍​ពី​វៀតណាម ដែល​ទើប​ទទួលបាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​សហភាព​អឺរ៉ុប និង​វៀតណាម កាលពី​ថ្ងៃទី​៣០ មិថុនា​កន្លងមក​។​


 
​ប្រតិភូ​វៀតណាម​ដែល​ដឹកនាំ​ដោយ​អនុរដ្ឋមន្ត្រី​ការបរទេស លោក ង្វៀន គួ​ក​យុង (Nguyen Quoc Dung) បាន​ជួបពិភាក្សា​ដោយឡែក​ជាមួយ​លោក​រដ្ឋមន្ត្រី ប្រាក់ សុខុន និង​លោកស្រី អ៊ា​ត សោភា អនុរដ្ឋលេខាធិកា​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរ​ជាត កាលពី​ថ្ងៃទី​១៨ កក្កដា ស្តីពី​កិច្ច​ពិគ្រោះ​យោបល់​នយោបាយ​កម្ពុជា​-​វៀតណាម​លើក​ទី​៦​។​
 
​ក្នុង​កិច្ច​ពិភាក្សាគ្នា​នោះ ភាគី​ទាំងពីរ បាន​លើកយក​ពី​កិច្ចការ​ទំនាក់ទំនង​ការទូត និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី លើ​វិស័យ​នានា មក​ពិនិត្យ និង​វាយតម្លៃ ដោយ​ក្នុងនោះ​រួមមាន នយោបាយ សន្តិសុខ ការពារជាតិ ការអប់រំ ធនធានមនុស្ស ទេសចរណ៍ វប្បធម៌ ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត និង​រចនាសម្ព័ន្ធ​ស្ថាប័ន សុខាភិបាល ពាណិជ្ជកម្ម​និង​វិនិយោគ ។​


ជំនួបភាគីរវាង លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និងលោក ង្វៀន គួកយុង អនុរដ្ឋមន្ត្រីការបរទេសវៀតណាម នៅ​ភ្នំពេញ កាលពីថ្ងៃទី១៨​ ខែកក្កដា ឆ្នាំ២០១៩
 
​និយាយ​ពី​រឿង​ពាណិជ្ជកម្ម និង​វិនិយោគ​នេះ កម្ពុជា​-​វៀតណាម នៅតែ​ប្ដេជ្ញា និង​រំពឹងថា អាច​សម្រេច​គោលដៅ​ពង្រីក​ទំហំ​ពាណិជ្ជកម្ម ឲ្យ​បាន​ជាង​៥​ពាន់​លាន​ដុល្លារ នៅពេល​ខាងមុខ តាមរយៈ​ការធ្វើ​ពិពិធ​កម្ម​ពាណិជ្ជកម្ម​តាម​ច្រកព្រំដែន , ការរៀបចំ និង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ រួមទាំង​ការលើកកម្ពស់​ការទំនាក់ទំនង​ពាណិជ្ជកម្ម នៅតាម​ច្រកទ្វារព្រំដែន​ជាដើម​។

គម្រោង​ទាំងអស់នេះ ភាគី​ទាំងពីរ គ្រោង​នឹង​សម្រេច​ឲ្យ​បាន​នៅត្រឹម​ឆ្នាំ​២០៣០​។ ជាមួយគ្នានេះ​ភាគី​ទាំង​ង​ពីរ​ក៏​ពិនិត្យ​លើ​វិធានការ​នានា ដែល​សំដៅលើ​ការពង្រឹង​ទំនាក់ទំនង​ទ្វេភាគី ឲ្យ​ឈានឆ្ពោះ​ឡើងទៅ​មួយកម្រិត​ទៀត រួមទាំង​សន្យា​ជួយ​ដោះស្រាយ​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ ដែលមាន​ការយកចិត្ត​ទុកដាក់​រួម​ទៀតផង​។  
 
​ទាក់ទង​នឹង​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា និង​វៀតណាម​នេះ លោក ឈាង វណ្ណា​រិ​ទ្ធ ធ្លាប់​លើកឡើង​កន្លងមក​ថា កម្ពុជា គួរ​ចេះ​ទាញ​ប្រយោជន៍​ពី​វៀតណាម តាមរយៈ​ការរៀបចំ​ទីផ្សារ​ដោះដូរ​ទំនិញ និង​ធ្វើ​ពាណិជ្ជកម្ម​តាម​ព្រំដែន​។ ជាពិសេស​ការតភ្ជាប់​ខ្សែចង្វាក់​ផលិតកម្ម ដែល​វា​ជា​តម្រូវការ​នៃ​ផលិតកម្ម​របស់​វៀតណាម រួមទាំង​ការពង្រឹង​សមត្ថភាព​នៃ​ការផលិត និង​ធនធានមនុស្ស ដែល​ពោរពេញ​ទៅដោយ​ចំណេះដឹង និង​ជំនាញ​ទៀត​។ ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី លើកឡើង​បែបនេះ ដោយសារតែ​វៀតណាម​ទើបតែ​បាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​សហភាព​អឺរ៉ុប​-​វៀតណាម (EVFTA) និង​កិច្ចព្រមព្រៀង​គាំពារ​ការវិនិយោគ​សហ​ភាព​អឺរ៉ុប​-​វៀតណាម (EVIPA) ហើយ​ត្រៀម​ដាក់​ឲ្យ​ចូល​ជា​ធរមាន​នាពេល​ណាមួយ​ក្នុង​ឆ្នាំ​២០១៩​នេះ​។​
 
​ទន្ទឹមនឹង​ផល​វិជ្ជមាន​នោះ គឺ​កម្ពុជា ក៏​នឹង​ជួប​ផល​លំបាក​ក្នុងការ​ប្រកួតប្រជែង​លើ​ទីផ្សារ ជាមួយ​វៀតណាម ទៅលើ​ផលិតផល​ដែលមាន​ភាព​ប្រហាក់ប្រហែល​គ្នាច្រើន​។ នេះ​បើតាម​លោក ឈាង វណ្ណា​រិ​ទ្ធ​។​
 
​កាលពី​ឆ្នាំ​២០១៨ កម្ពុជា និង​វៀតណាម មាន​ទំហំ​ពាណិជ្ជកម្ម ៤,៧​ពាន់​លាន​ដុល្លារ​អាមេរិក​។ ហើយ​វៀតណាម ក៏មាន​ទំហំ​វិនិយោគ​៣​ពាន់​លាន​ដុល្លារ​នៅ​កម្ពុជា តាមរយៈ​គម្រោង​វិនិយោគ​ចំនួន​២១១ ផងដែរ​៕
 

Tag:
 ប្រាក់ សុខុន​
 ​វៀតណាម​
 ​នយោបាយ​
 ​ពាណិជ្ជកម្ម​
 ​វប្បធម៌​
 ​ទេសចរណ៍​
 ​អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com