ជាតិ
ក្រុមហ៊ុន​បរទេសមួយ​ចង់​សង់​ពុទ្ធ​ប្បដិមា​កម្ពស់ ១៣០​ម៉ែត្រ​នៅ​ខេត្ត​កែប
20, Jul 2019 , 6:29 pm        
រូបភាព
រូប​ពី​រដ្ឋបាល​ខេត្ត​កែប
រូប​ពី​រដ្ឋបាល​ខេត្ត​កែប
​ភ្នំពេញ​៖ អភិបាលខេត្ត​កែប​លោក កែន ស​ត្ថា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ក្រុមហ៊ុន​អូស្ត្រាលី​មួយ​មានបំណង​កសាង​រូប​ព្រះពុទ្ធ​ប្បដិមា​ខ្ពស់​ជាងគេ​នៅលើ​ពិភពលោក​ដែលមាន​កម្ពស់​ជាង​១៣០​ម៉ែត្រ​នៅ​ខេត្ត​កែប​។ តែ​ទោះជា​យ៉ាងណា​លោក​អភិបាលខេត្ត ថា​រឿងនេះ​នៅ​មិនទាន់​ចេញ​ជា​គម្រោង​ច្បាស់លាស់​នៅឡើយ​។​



​មានបំណង​កសាង​ព្រះពុទ្ធ​បដិមា​ខ្ពស់​ជាងគេ​នៅលើ​ពិភពលោក ក៏​ព្រោះតែ​ក្រុមហ៊ុន​អូស្ត្រាលី មាន​ចក្ខុវិស័យ​ចង់​ទាក់ទាញ​ភ្ញៀវទេសចរ​ជុំវិញ​ពិភពលោក ឱ្យមក​ទស្សនា​ព្រះពុទ្ធ​រូបនោះ​។

នេះ​មិនមែនជា​បំណង ឬ​ផែនការ​ដាច់ដោយឡែក​នោះទេ គឹ​ក្រុមហ៊ុន​មាន​គម្រោង​សាងសង​សណ្ឋាគារ​លំដាប់​ផ្កាយ​៤ និង​ផ្កាយ​៥​នៅក្នុង​ខេត្ត​កែប​នេះ​។ នេះ​បើតាម​លោក កែន ស​ត្ថា ដែល​អះអាងថា ក្រុមហ៊ុន​អូស្ត្រាលី រំពឹងថា​កំណើន​ភ្ញៀវទេសចរ​ទៅ​ទស្សនា​ពុទ្ធ​ប្បដិមា​ដ៏​ធំ​មហិមា នឹង​ជះឥទ្ធិពល​ដល់​វិស័យ​សណ្ឋាគារ​របស់ខ្លួន​។ 
 
​លោក​អភិបាលខេត្ត​កែប​រូបនេះ​បន្ត​ដូច្នេះ​ថា​៖«​យើង​មិនទាន់​ដឹងថា​ក្រុមហ៊ុន​អូស្ត្រាលី​នោះ នឹង​កសាង​ព្រះពុទ្ធ​ប្បដិមា​ពេលណា​ទេ គេ​គ្រាន់តែ​ប្រាប់ថា​គេច​ង់​ធ្វើ​រឿង​ហ្នឹង​។ សម្រាប់​ខេត្ត​កែប​យើង​ស្វាគមន៍ ព្រោះ​ខេត្ត​របស់​យើង​ជា​ខេត្ត​ទេសចរណ៍​ពាក់ព័ន្ធ​នឹង​ធនធានធម្មជាតិ វប្បធម៌ និង​សាសនា​»​។​
 
​សូមបញ្ជាក់ថា ខេត្ត​កែប​ធ្លាប់​ទទួលបាន​ពានរង្វាន់​ក្របខ័ណ្ឌ​អាស៊ាន​ចំនួន​២ គឺ​ពានរង្វាន់​និរន្តរភាព​បរិស្ថាន​អាស៊ាន​(​ដី​ស្អាត ទឹកស្អាត និង​ខ្យល់​ស្អាត​) និង​ពានរង្វាន់​ជ័យលាភី​ទីក្រុង​ស្អាត​ក្នុង​អាស៊ាន​កាលពី​ឆ្នាំ​២០១៨​។​
 
​គួរ​ចាប់អារម្មណ៍​ផងដែរ​ថា បណ្ដា​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ មានដូចជា​ប្រទេស ថៃ វៀតណាម និង​ចិន បានទទួល​ភ្ញៀវទេសច​រ​យ៉ាងច្រើន​កុះករ​ទៅ​ទស្សនា​ក្នុង​តំបន់​ដែលមាន​ផ្សារភ្ជាប់​នឹង​សាសនា​។​
 
​ជាមួយគ្នានេះ ជាប់​ខេត្ត​កែប​នេះដែរ កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​របស់​ខេត្តកំពត ដែល​ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​នៅ​ខែសីហា​ឆ្នាំ​២០១៨ និង​គ្រោង​បញ្ចប់​នៅ​ចុងឆ្នាំ​២០១៩​នេះ ត្រូវបាន​រំពឹងថា នឹង​បង្កើន​សន្ទុះ​ភ្ញៀវទេសចរ​ក្នុង​ខេត្ត​ទាំងពីរ​នេះ​៕
 

Tag:
 បដិមា​
  ក្រុមហ៊ុន​
  ពុទ្ធ​ប្បដិមា​ខ្ពស់​ជាងគេ​
 
© រក្សាសិទ្ធិដោយ thmeythmey.com