ជាតិ
ក្រសួងកសិកម្ម មិន​ឲ្យ​នាំចូល​ថ្នាំ​មាន​សារធាតុ​ឌី​ក្លូ​ហ្វេ​ណាក់ ព្រោះ​អាច​សម្លាប់សត្វ​ត្មាត​
20, Jul 2019 , 7:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួងកសិកម្ម​បានបញ្ជាក់​ថា សារធាតុ​ឌី​ក្លូ​ហ្វេ​ណាក់​(DICLOFENAC) ដែល​ពលរដ្ឋ​ប្រើប្រាស់​សម្រាប់​ព្យាបាល​សត្វ​គ្រប់​ប្រភេទ​នោះ បាន​ប៉ះពាល់​ដល់​អាយុជីវិត​របស់​សត្វ​ត្មាត​នៅ​កម្ពុជា​។ ដើម្បី​ទប់ស្កាត់ និង​អភិរក្ស​សត្វ​ត្មាត ក្រសួងកសិកម្ម​នឹង​បិទ​ការ​នាំចូល ផ្គត់​ផ្គត់ ការប្រើប្រាស់​ថ្នាំ​ព្យាបាល​ជំងឺ​សត្វ​ដែលមាន​សារធាតុ​ឌី​ក្លូ​ហ្វេ​ណាក់​នេះ​។



​ការស្រាវជ្រាវ​របស់​អ្នកជំនាញ​ទៅលើ​ប្រភេទ​ថ្នាំ​ដែលមាន​សារធាតុ​ឌី​ក្លូ​ហ្វេ​ណាក់​នេះ បាន​បង្ហាញថា ត្មាត​គឺជា​ប្រភេទ​សត្វ​ដែល​រំញោច​ខ្លាំង​ទៅនឹង​សារធាតុ​ថ្នាំ​ប្រភេទ​នេះ ពោលគឺ​វា​ងាយ​នឹង​បាត់បង់​ជីវិត​នៅពេលដែល​វា​ស៊ី​សពសត្វ​ដែល​បាន​ព្យាបាល​ដោយសារ​ធាតុ​ថ្នាំ​នេះ​។ 
 
​ត្រង់​បញ្ហា​នេះ​ក្រសួងកសិកម្ម នឹង​ប​ញ្ឃ​ប់​ការចុះបញ្ជី និង​បិទ​ការ​នាំចូល​ប្រភេទ​ថ្នាំ​ឌី​ក្លូ​ហ្វេ​ណាក់ ហើយ​ណែនាំ​ឲ្យ​ប្រើប្រាស់​ថ្នាំ​ប្រភេទ មេ​ឡូ​ស៊ី​កាម​(Meloxicam) វិញ​ដែលមាន​ប្រសិទ្ធភាព​ព្យាបាល​សត្វ និង​មិន​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​សត្វ​ត្មាត​។ 
 
​បើ​មាន​ករណី​ការ​នាំចូល​ប្រភេទ​ថ្នាំ​ព្យាបាល​សត្វ​ប្រភេទ​នេះ ក្រសួង​នឹង​ដកហូត និង​ប្រមូល​មកវិញ ដើម្បី​កុំ​ឲ្យ​មានការ​ប៉ះពាល់​ដល់​អាយុជីវិត​សត្វ​ត្មាត​នៅ​កម្ពុជា​។ ក្រសួង​ណែនាំ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​ដែល​នាំចូល​ប្រភេទ​ថ្នាំ​នេះ ត្រូវ​បញ្ឈប់​ការនាំ​ចូល និង​លក់​ថ្នាំ​នេះ ឬ​ថ្នាំ​ដែល​លាយ​សារធាតុ​ឌី​ក្លូ​ហ្វេ​ណាក់ ជាបន្ទាន់​។ 
 
​ក្នុង​សេចក្តីប្រកាស​របស់​ក្រសួងកសិកម្ម បាន​បង្ហាញថា សត្វ​ត្មាត​នៅ​កម្ពុ​ជាមាន​៣​ប្រភេទ គឺ​ត្មាតផេះ ត្មាត​ត្នោត និង​ត្មាតភ្លើង ដែលមាន​សរុប​ប្រមាណ​២៨០​ក្បាល​នៅ​ខេត្តក្រចេះ រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និង​ខេត្តព្រះវិហារ​៕ 
 
 

Tag:
 ក្រសួងកសិកម្ម​
 ​ថ្នាំ​
 ​សត្វ​
 ​តា្ម​ត​
© រក្សាសិទ្ធិដោយ thmeythmey.com