ការវិនិយោគលើវិស័យសំណង់កំពុងកើនឡើងយ៉ាងខ្លាំង នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៩ ទុនវិនិយោគសរុបត្រូវបានគេរំពឹងថា នឹងកើនឡើង ៤.៨ពាន់លានដុល្លារ ដែលមានគម្រោងសាងសង់ប្រមាណ ១,៩០០គម្រោង។ ជាក់ស្តែង ក្នុងរយៈ ៤ ខែដំបូង ឆ្នាំ២០១៩ ទឹកប្រាក់វិនិយោគមាន ២.៧ ពាន់លានដុល្លារ និងមានគម្រោងជាង ១,៣០០ គម្រោង ដែលបានទទួលសិទ្ធិអនុញ្ញាតសាងសង់ជាផ្លូវការ។
វិស័យសំខាន់ៗនៅក្នុងទីផ្សារអចលនទ្រព្យជានិន្នាការថ្មីថ្មោងនៅឡើយសម្រាប់កម្ពុជា ដូចជា ខុនដូ ការិយាល័យ ផ្សារលក់រាយ និងអាផាតតមេនជាដើម កំពុងត្រូវបានគេយកចិត្តទុកដាក់បំផុត។ យកចិត្តទុកដាក់ដោយហេតុថាវានៅមានលក្ខណៈក្មេងខ្ចី ប៉ុន្តែពោរពេញដោយសក្តានុពលវិនិយោគ។
វិស័យខុនដូ
របាយការណ៍ CBRE Camboida ឆមាសមាសទី២ បានឲ្យដឹងថា គម្រោងខុនដូចំនួន ៨ថ្មី ដែលបានប្រកាសសាងសង់នៅក្នុងឆមាសទី២ ឆ្នាំ២០១៩ នឹងធ្វើឲ្យការផ្គត់ផ្គង់កើនឡើងជាង ៥,៨០០ យូនីត។ ចំណែកគម្រោងដែលបានសាងសង់រួចមានចំនួន ៥ គម្រោង ដែលបានដាក់បន្ថែមការផ្គត់ផ្គង់ចំនួន ១,៣៩៣ យូនីត ក្នុងឆមាសទី២ នៃឆ្នាំ២០១៩នេះ។ ការកើនឡើងនេះ មានចំនួន ៩.១៣%។
ខុនដូត្រូវបានបែងចែកជា ៣ ប្រភេទ គឺខុនដូតម្លៃទាប ដែលមានតម្លៃជាមធ្យម ១,៥០១ ដុល្លារ/ម៉ែត្រការ៉េ។ ខុនដូតម្លៃមធ្យម ដែលមានតម្លៃជាមធ្យម ២,៥៦៨ដុល្លារ/ម៉ែត្រការ៉េ និងប្រភេទខុនដូលំដាប់ខ្ពស់ ដែលមានតម្លៃ ៣,២៥៤ ដុល្លារម៉ែត្រការ៉េ។
ផ្អែកតាមរបាយការណ៍ដដែលនេះ តម្លៃនៃការលក់ខុនដូលំដាប់ខ្ពស់ និងមធ្យម បានធ្លាក់ចុះក្រោម ១% ខណៈតម្លៃលក់ខុនដូតម្លៃទាប កើនឡើងដល់ ១.៩%។
សម្រាប់ការជួល បានកើនឡើងដល់ទៅ ៣% សម្រាប់ខុនដូលំដាប់ខ្ពស់ និង ៤.៣% ចំពោះខុនដូតម្លៃមធ្យម ក្នុងនោះតម្លៃជួលរបស់ខុនដូលំដាប់ខ្ពស់ មានតម្លៃជាមធ្យម ១៤.៦១ ដុល្លារ /ម៉ែត្រការ៉េ និងខុនដូមធ្យមមានតម្លៃ ១២ ដុល្លារ/ម៉ែត្រការ៉េ។
វិស័យការិយាល័យ
ចំពោះការផ្គត់ផ្គង់គម្រោងការិយាល័យ ត្រូវបានគេបែងចែកជា ២ ប្រភេទ គឺប្រភេទការិយាល័យឯកកម្មសិទ្ធិ និងសហកម្មសិទ្ធិ។ ការផ្គត់ផ្គង់ត្រឹមឆមាសទី ២ នេះ ការិយាល័យឯកកម្មសិទ្ធិ មានទំហំផ្គត់ផ្គង់សរុប ៣៥៩,០០០ ម៉ែត្រការ៉េ។ ក្នុងនោះ កម្រិតនៃការកាន់កាប់ការិយាល័យឯកកម្មសិទ្ធិ បើគិតត្រឹមឆមាសទី២នេះ មានចំនួន ៨៦.៥% ដែលជាតួលេខមួយមានកម្រិតខ្ពស់ គួរឲ្យកត់សម្គាល់។
ចំណែកការិយាល័យឯកកម្មសិទ្ធិ កម្រិត C មានការធ្លាក់ចុះ ៥.៩% ក្នុងឆមាសទី២ ឆ្នាំ២០១៩នេះ ពោលគឺនៅឆមាសទី១ មានទំហំ ១៩០,៥៦៥ ម៉ែត្រការ៉េ ចំណែកឆមាសទី២ មាន ១៧៩,៣០៩ ម៉ែត្រការ៉េ។
សម្រាប់ការិយាល័យសហកម្មសិទ្ធិ ត្រូវបានគេឃើញថា ការបញ្ចប់របស់គម្រោង ស្តារ ស៊ីធី បានជំរុញកើនផ្តត់ផ្គង់ចំនួន ៥១% ដែលមានទំហំផ្គត់ផ្គង់ ដល់ទៅ ៤០.៥០០ ម៉ែត្រការ៉េ។ ការផ្គត់ផ្គង់នេះនឹងបន្តកើនឡើងថែមទៀត នៅពេលដែលគម្រោងផ្សេងៗទៀត បានបញ្ចប់ដូចជា គម្រោង Versailles Square ដែលមានទំហំផ្តត់ផ្គង់ចំនួន ១១,២៦០ ម៉ែត្រការ៉េ។
ចំណែកការជួលវិញ ការិយាល័យឯកកម្មសិទ្ធិ កម្រិត B ដែលមានវត្តមាននៅក្នុងតំបន់ពាណិជ្ជកម្ម បានកើនឡើងជិត ១% និងនៅតំបន់មិនមែនពាណិជ្ជកម្ម កើនឡើងប្រមាណ ៤.៧%។
ចំណែកកម្រិត C ដែលនៅក្នុងតំបន់ពាណិជ្ជកម្ម កើនឡើងប្រមាណ ៤.២% នៅពេលដែលការិយាល័យឯកកម្មសិទ្ធិ កម្រិត C នៅតំបន់មិនមែនពាណិជ្ជកម្ម ធ្លាក់ចុះប្រមាណ ២.៦%។
វិស័យផ្សារលក់រាយ
ផ្អែកតាមរបាយការណ៍នេះ ការផ្គត់ផ្គង់វិស័យលក់រាយ បានការកើនឡើងរហូតដល់ ៧%ក្នុងឆមាសទី២នេះ។ ក្នុងនោះ គម្រោងដែលទើបតែបានបញ្ចប់មានដូចជា ផ្សារទំនើបអូឡាំព្យា និងផ្សារទំនើបមីតថោន។ ស្របពេលជាមួយគ្នានេះ ផ្សារទំនើប (Shopping Mall) បានកើនឡើងតែ ៤% ប៉ុណ្ណោះ ស្របពេលដែលផ្សារសហគមន៍ បានធ្លាក់ចុះចំនួន ៥.៧% និងផ្សារលក់ធម្មតា (Retail Podium) ក៏ធ្លាក់ចុះចំនួន ៤% ផងដែរ។ ចំណែកការកាន់កាប់វិញ មានចំនួន ៧.៩% នៃការផ្គត់ផ្គង់សរុប ដែលថយចុះបន្តិចពីឆមាសទី១។
វិស័យអាផាតមេន
ការផ្គត់ផ្គង់មានការកើនឡើងរហូតដល់ ៣៤% ជាមួយនឹងការបញ្ចប់គម្រោង Alpha Residence និង The View Apartment។ យោងតាមរបាយការណ៍នេះ តំបន់៣ ដែលមានការផ្គត់ផ្គង់ច្រើនជាងគេនៅទីក្រុងភ្នំពេញ រួមមាន បឹងកេងកង១ ដូនពេញ និងទន្លេបាសាក់។ សម្រាប់បឹងកេងកង១ ការផ្គត់ផ្គង់មានរហូតដល់ ៣៨%, ដូនពេញចំនួន ២៦% និងទន្លេបាសាក់ ចំនួន១៤%។ ការផ្គត់ផ្គង់ ក៏មាននៅតាមតំបន់ផ្សេងៗ ដូចជាទួលគោក មានចំនួន៤% និងទួលទំពូងមានចំនួន៦%៕
អត្ថបទពាណិជ្ជកម្ម