អន្តរជាតិ
ទី​ម័​រ​ខាងកើត ចង់​រួមចំណែក​កសាង​អាស៊ាន មិនមែន​ធ្វើជា​បន្ទុក​សម្រាប់​អាស៊ាន​ឡើយ​
21, Jul 2019 , 6:59 pm        
រូបភាព
ដោយ:
​ដំណើរការ នៃ​នីតិវិធី​ទទួល​បានជា​សមាជិកភាព​អាស៊ាន​របស់​ទី​ម័​រ​ខាងកើត បាន​ប្រើពេល​អស់​ជិត​មួយ​ទសវត្សរ៍​ទៅហើយ តែ​រដ្ឋ​ក្មេងខ្ចី​ជាងគេ​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ នៅតែ​មិនទាន់​អាច​ទទួលបាន​ក្តីសង្ឃឹម​មួយ​ជាក់លាក់​បាន​នៅឡើយ​នោះទេ​។ ទី​ម័​រ​ខាងកើត នៅតែ​រង់ចាំ​ការសម្រេច​ពី​សមាជិក​អាស៊ាន​ទាំង​ដប់ ថា​តើ គួរផ្តល់​សមាជិកភាព​ផ្លូវការ​ឬ​យ៉ាងណា​។​

 
​រដ្ឋលេខាធិការ​ទទួល​បន្ទុក​កិច្ចការ​សហប្រតិបត្តិកា​រ​អន្តរជាតិ​ទី​ម័​រ​ខាងកើត លោក Arsenio Pereira da Silva តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយ​សារព័ត៌មាន Jakarta Post បាន​រៀបរាប់​ពី​ចេតនា និង​កិច្ចប្រឹងប្រែង​របស់​ទី​ម័​រ​ខាងកើត​ដើម្បី​ក្លាយជា​សមាជិក​អាស៊ាន តាំងពី​បិតា​ឯករាជ្យ​ទី​ម័​រ​ខាងកើត នៅ​តស៊ូ​រំដោះប្រទេស​ក្រោម​អាណានិគម​មកម្ល៉េះ​។ 
 
​លោក​រដ្ឋលេខាធិការ លើកឡើងថា ការតាំង​ចិត្ត​របស់​ទី​ម័​រ​ខាងកើត មាន​តាំងពី​យូរ​ឆ្នាំ​មកហើយ ក៏ប៉ុន្តែ​គិត​ចាប់ពី​ទី​ម័​រ​ខាងកើត ធ្វើសំណើ​ផ្លូវការ​នៅ​ឆ្នាំ​២០១១​មក ទី​ម័​រ​ខាងកើត នៅតែ​រង់ចាំ​ការសម្រេច​ដដែល​។ មន្ត្រីការទូត​ជាន់ខ្ពស់​រូបនេះ បាន​សង្កត់ធ្ងន់ថា ប្រទេស​របស់លោក ពិតជា​ចង់​ចូលរួមចំណែក​ការអភិវឌ្ឍ​នៅក្នុង​តំបន់ ហើយ ក៏​មិន​ចង់​ក្លាយជា​បន្ទុក​របស់​អាស៊ាន​ផងដែរ​។ 
 
​បើតាម Jakarta Post អាស៊ាន កំពុងតែ​រៀបចំ​បញ្ជូន​អ្នកជំនាញ​របស់ខ្លួន​ទៅ​ទី​ម័​រ​ខាងកើត នៅ​ខែកញ្ញា និង​តុលា​ខាងមុខនេះ ដើម្បី​ប្រមូល​ភស្តុតាង​បន្ថែម ដែល​អាច​បង្ហាញថា ទី​ម័​រ​ខាងកើត ពិតជា​បាន​ត្រៀមខ្លួន​រួចជាស្រេច ក្នុង​ការចូល​ជា​សមាជិក​អាស៊ាន​។ ការវាយតម្លៃ​លើ​ភស្តុតាង​នេះ នឹងត្រូវ​ផ្អៃ​កលើ​សសរស្តម្ភ​ទាំងបី​របស់​អាស៊ាន​។ 
 
​ថ្មីៗ​នេះ រដ្ឋមន្ត្រីការបរទេស​ទី​ម័​រ​ខាងកើត ទើបតែ​បញ្ចប់​បេសកកម្ម​ស្វែងយល់​ចិត្ត និង​ជំហរ​របស់​រដ្ឋ​សមាជិក​អាស៊ាន ដោយ​លទ្ធផល ទី​ម័​រ​ខាងកើត ទទួលបាន​សញ្ញា​វិជ្ជមាន​ច្រើន​ពីរ​ដ្ឋ​អាស៊ាន​ភាគច្រើន ពោលគឺ​ទី​ម័​រ​ខាងកើត នៅតែ​មិនទាន់​អាច​ទ​ទទួលបាន​ការគាំទ្រ​ទាំងស្រុង​ពី​សមាជិក​អាស៊ាន​ទាំង​ដប់​ឡើយ ។​
 
​ហេតុផល​ដែល​ធ្វើ​ឲ្យ​រដ្ឋ​អាស៊ាន នៅ​មិនទាន់​អាចមាន​ឯកច្ឆន្ទ​សម្រាប់​ទី​ម័​រ​ខាងកើត​នោះ​គឺ ដោយសារតែ​រដ្ឋ​ខ្លះ នៅ​ព្រួយបារម្ភ រដ្ឋ​ដែលមាន​សេដ្ឋកិច្ច​តូច​ជាងគេ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ មិនអាច​ទទួល​ការ​រ៉ាប់រង​បាន​នូវ​ការទទួលខុសត្រូវ និង​កាតព្វកិច្ច​សម្រាប់​តំបន់ ដ្បិត​កង្វះ​ធនធានមនុស្ស និង​សមត្ថភាព​ក្នុង​ការចូល​កិច្ចប្រជុំ​រាប់រយ​របស់​អាស៊ាន ដែល​ត្រូវ​ប្រព្រឹត្ត​ឡើងជា​រៀងរាល់ឆ្នាំ​នោះ​៕ 
 

Tag:
 ទី​ម័​រ​ខាងកើត​
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com