សេត​វិមាន​៖ មេ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក គាំទ្រ​ពេញទំហឹង​លើ​ការ​រឹតត្បិត​ក្រុមហ៊ុន Huawei
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សេត​វិមាន​៖ មេ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក គាំទ្រ​ពេញទំហឹង​លើ​ការ​រឹតត្បិត​ក្រុមហ៊ុន Huawei
23, Jul 2019 , 2:41 pm        
រូបភាព
​នាយក​ប្រតិបត្តិ​មកពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​ធំៗ​មួយចំនួន បាន​ជួប​ជជែក​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២២ ខែកក្កដា​។ ក្នុងជំនួប​នេះ ពួកគេ បានបង្ហាញ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​លើ​ក្រុង​វ៉ាស៊ីនតោន​ក្នុងការ​អនុវត្ត​គោលនយោបាយ​រឹតបន្តឹង​លើ​ការប្រើប្រាស់​ផលិតផល​បច្ចេកវិទ្យា​អាមេរិក​ខ្លួន​ពី​សំណាក់​ក្រុមហ៊ុន​ទូរគមនាគមន៍​ចិន Huawei ។

 
​ក្នុង​សេចក្តីថ្លែងការណ៍​មួយ សេត​វិមាន​អាមេរិក លើកឡើងថា នាយក​ប្រតិបត្តិ (CEO) នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​របស់​អាមេរិក​មួយចំនួន បាន​សម្តែង​ការគាំទ្រ​យ៉ាង​ពេញទំហឹង​លើ​គោលនយោបាយ​របស់លោក​ប្រធានាធិបតី រួមមាន ការ​រឹតត្បិត​ផ្នែក​សន្តិសុខ​ជាតិ​លើ​ការបញ្ជាទិញ​ឧបករណ៍​ទូរគមនាគមន៍​អាមេរិក​ក៏ដូចជា ការលក់​សម្ភារ​បច្ចេក​វិទ្យា​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន Huawei ។​
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP សេត​វិមាន​អាមេរិក គូសបញ្ជាក់​ទៀតថា មេក្រុម​ហ៊ុន​ទាំងនេះ ក៏មាន​សុទិដ្ឋិនិយម​លើ​នវានុវត្តន៍ និង​ការអភិវឌ្ឍ​បណ្តាញ​បច្ចេកវិទ្យា 5G របស់​សហរដ្ឋអាមេរិក​ផងដែរ​។ 
 
​ក្នុងជំនួប​ជាមួយ​លោក​ដូ​ណា​ល់ ត្រាំ នេះ អ្នកចូលរួម មានដូចជា លោក Sundar Pichai នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Google, លោក Robert Swan នៃ​ក្រុមហ៊ុន Intel, លោក Chuck Robbins នៃ​ក្រុមហ៊ុន Cisco Systems, លោក Stephen Milligan នៃ​ក្រុមហ៊ុន Western Digital Corp., លោក Steven Mollenkopf នៃ​ក្រុមហ៊ុន Qualcomm និង លោក Hock Tan នៃ​ក្រុមហ៊ុន Broadcom ។​
 
​ការឆ្លើយតប​របស់​មេ​បច្ចេកវិទ្យា​ធំៗ​អាមេរិក​នេះ ធ្វើឡើង​ក្រោយពី​ក្រុង​វ៉ាស៊ីនតោន ចោទប្រកាន់​ក្រុមហ៊ុន​ចិន Huawei ថា កំពុងធ្វើការ​ដោយផ្ទាល់​ជាមួយ​រដ្ឋាភិបាល​ចិន ដែល​ខ្លួន អះអាងថា អាច​ប៉ះពាល់​ដល់​ហានិភ័យ​សន្តិសុខ​ជាតិ ។ យ៉ាងណាមិញ ក្រុមហ៊ុន​Huawei ដែលមាន​ស្ថាបនិក​ជា​អតីតមន្ត្រី​យោធា​ចិន បាន​ច្រានចោល​ព័ត៌មាន​នេះ​។ 
 
​ក្នុង​ខែឧសភា លោក ត្រាំ បានដាក់​បញ្ចូល​ក្រុមហ៊ុន Huawei ទៅក្នុង​ប​ញ្ចី​ខ្មៅ ដោយ​ហាមប្រាម​ក្រុមហ៊ុន​ចិន​នេះ​ធ្វើ​អាជីវកម្ម​ជាមួយ​បណ្តា​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​។ មិនយូរប៉ុន្មាន រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន បាន​ដាក់ចេញ​អាជ្ញា​បណ្ណ​បណ្តោះអាសន្ន​មួយ​ឲ្យ​ក្រុមហ៊ុន​ចិន​នេះ​រកស៊ី​ក្នុង​ផ្នែក​មិន​ប៉ះពាល់​សន្តិសុខ​ជាតិ​។​
 
​ម្យ៉ាងវិញទៀត Huawei ដែលជា​ក្រុមហ៊ុន​នាំមុខគេ​ក្នុង​បច្ចេកវិទ្យា 5G ត្រូវបាន​ហាមឃាត់​ពី​ការអភិវឌ្ឍ​បណ្តាញ​បច្ចេកវិទ្យា​នេះ​នៅក្នុង​ទឹកដី​សហរដ្ឋអាមេរិក​។ លើសពីនេះ ក្រុង​វ៉ាស៊ីនតោន ក៏​កំពុង​ដាក់​សម្ពាធ​លើ​សម្ព័ន្ធ​ខ្លួន​ដើម្បី​បញ្ចៀស​ការប្រើប្រាស់​បច្ចេក​វិទ្យា​របស់​ក្រុមហ៊ុន​ចិន Huawei សម្រាប់​អភិវឌ្ឍ​បណ្តាញ 5G ក្នុងប្រទេស​ពួកគេ ដោយ​បារម្ភ​ការធ្វើ​ចារកម្ម​ពី​សំណាក់​ក្រុង​ប៉េកាំង​។ 
 
​សូមបញ្ជាក់​ផងដែរ​ថា កាសែត​ល្បី​របស់​អាមេរិក The Washington Post នៅ​ថ្ងៃទី​២២ ខែកក្កដា បាន​ចុះផ្សាយ​ថា ក្រុមហ៊ុន Huawei បានធ្វើការ​ជាមួយ​រដ្ឋាភិបាល​កូរ៉េខាងជើង ដោយ​សម្ងាត់ ដើម្បី​សាងសង់ និង​ថែទាំ​បណ្តាញ​អ៊ីនធឺណិត​ក្នុងប្រទេស​នេះ​។ 
 
​ដោយ​ដកស្រង់​ចេញពី​ឯកសារ​ផ្ទៃក្នុង ដែល​ខ្លួន​ទទួលបាន​ពី​មនុស្ស​ដឹងលឺ​ពី​កិច្ច​ព្រម​ពៀង​នេះ កាសែត The Post បញ្ជាក់​ឲ្យ​ដឹងថា Huawei បាន​សហការ​ជាមួយ​ក្រុមហ៊ុន​រដ្ឋ​ចិន​មួយ ឈ្មោះថា Panda International Information Technology លើ​គម្រោង​មួយចំនួន ក្នុងប្រទេស​កូរ៉េខាងជើង​សម្រាប់​រយៈពេល​ប្រមាណ ៨​ឆ្នាំ​ចុង​ក្រោយនេះ ។ 
 
​ប្រសិនបើ​រឿងនេះ ជាការ​ពិតមែន​នោះ ក្រុមហ៊ុន​ចិន Huawei ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​អាមេរិក​ក្នុង​ផលិតកម្ម​មួយចំនួន​របស់ខ្លួន អាច​ល្មើ​សនឹង​ច្បាប់​ស្តីពី​ការគ្រប់គ្រង​លើ​ការនាំចេញ​របស់​អាមេរិក​ទៅកាន់​របប​ផ្តាច់ការ​ក្រុង​ព្យុងយ៉ាង​។​

Tag:
 សហរដ្ឋអាមេរិក​
  ចិន​
  ដូ​ណា​ល់​ត្រាំ​
  Huawei
  បច្ចេកវិទ្យា​
© រក្សាសិទ្ធិដោយ thmeythmey.com