កីឡាអន្តរជាតិ
អន្តរជាតិ
Everton ទិញខ្សែប្រយុទ្ធ Kean ពី Juventus ក្នុងតម្លៃ៤៤លានដុល្លារ
× ខ្សែប្រយុទ្ធវ័យក្មេង Moise Kean ក្លាយជាកីឡាករទី៥ ដែល Everton ទិញចូលសម្រាប់រដូវកាលថ្មីនេះ បន្ទាប់ពីពួកគេយល់ព្រមផ្តល់តម្លៃផ្ទេរចំនួន ៣៦,៦ លានផោន (៤៤លានដុល្លារអាមេរិក) ទៅឲ្យក្លិបយក្ស Juventus។
Kean ខ្សែប្រយុទ្ធសញ្ជាតិអ៊ីតាលី វ័យ១៩ឆ្នាំ ដែលយល់ព្រមចុះកិច្ចសន្យារយៈពេល ៥ឆ្នាំឲ្យក្រុមនៅលីគកំពូលអង់គ្លេសមួយនេះ ធ្លាប់បង្ហាញខ្លួនចំនួន ២១ប្រកួតឲ្យ Juventus និងស៊ុតបញ្ចូទី៨គ្រាប់ ចាប់តាំងពីរូបគេចូលរួមជាមួយជើងឯកអ៊ីតាលី Serie A តាំងពីអាយុ១០ឆ្នាំ។ សម្រាប់ក្រុមជម្រើសជាតិអ៊ីតាលី Kean រកបាន២គ្រាប់ក្នុងការបង្ហាញខ្លួន៣លើក។
ការមកដល់ទឹកដី Goodison Park ក្នុងនាមជាកីឡាករទី៥របស់ក្រុមរហស្សនាមស្កគ្រាប់ Kean បង្ហាញអារម្មណ៍រីករាយដោយអះអាងថារូបគេមានមោទកភាពណាស់ដែលបានពាក់អាវរបស់ Everton។
«ខ្ញុំនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពសម្រាប់ក្រុមនេះ។ ខ្ញុំត្រូវបានគេផ្តល់ការជឿជាក់ពីក្រុម ស្របពេល Everton ជាក្លិបដែលសម្លឹងទៅអនាគតវែងឆ្ងាយដូចដែលខ្ញុំចង់បាន។ ខ្ញុំក៏ដឹងពីទំហំមហិច្ឆតារបស់ក្លិប ហើយខ្ញុំនឹងខិតខំដើម្បីជួយបំពេញនូវអ្វីដែលក្លិប រួមទាំងកីឡាករចង់សម្រេចបាន។ ខ្ញុំធ្លាប់ឈ្នះ ហើយខ្ញុំចង់យកលទ្ធផលឈ្នះឈ្នះទាំងនោះមកកាន់ក្រុម»។ នេះជាការប្តេជ្ញាចិត្តរបស់ Kean សម្រាប់ក្រុមរបស់លោក Marco Silva ដែលជាអ្នកចាត់ការ Everton។
សម្រាប់អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់លោក Silva វិញក៏បានលើកសរសើរ Kean មិនដាច់ពីមាត់ផងដែរ។ លោកថាខ្សែប្រយុទ្ធម្នាក់នេះពោរពេញដោយភាពរឹងមាំរហ័សរហួន បើទោះមានវ័យទើបតែ១៩ ឆ្នាំក៏ដោយ។ Kean មានទេពកោសល្យ ហើយអាចកែលម្អក្រុមដើម្បីប្រជែងពានរដូវកាលថ្មី ដែលនឹងចាប់ផ្តើមចុងសប្តាហ៍នេះ។
គិតត្រឹមពេលនេះ Everton បានចំណាយប្រាក់សរុប ១៦៣លានដុល្លារអាមេរិកហើយសម្រាប់កីឡាករ៥រូបរដូវកាលនេះ ខណៈដែលពួកគេបានបញ្ចេញកីឡាករពីររូបវិញផងដែរ រួមមានខ្សែបម្រើ Idrissa Gueye ទៅ Paris St-Germain ក្នុងតម្លៃ ៣៦លានដុល្លារ និង Ademola Lookman ទៅកាន់ RB Leipzig តម្លៃ ២០លានដុល្លារ៕
Tag:
បាល់ទាត់
Moise Kean
Everton
Juventus
© រក្សាសិទ្ធិដោយ thmeythmey.com