អន្តរជាតិ
អាមេរិក បញ្ចូល​ចិន​ក្នុង​បញ្ជី «​ប្រទេស​បំភ្លៃ​រូបិយវត្ថុ​»
06, Aug 2019 , 3:47 pm        
រូបភាព
​សហរដ្ឋអាមេរិក នៅ​ថ្ងៃទី​៥ ខែសីហា បានសម្រេច​ចិត្ត​បញ្ចូល​ចិន​ក្នុង​បញ្ជី​ប្រទេស​បំភ្លៃ​រូបិយវត្ថុ​របស់ខ្លួន​ហើយ បន្ទាប់ពី​តម្លៃ​ប្រាក់​យ័ន​បាន​ធ្លាក់​ដល់​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​។ ក្នុង​សេចក្ដីប្រកាស​របស់​ក្រសួង​រតនាគារ អាមេរិក ក៏​នឹង​ធ្វើការ​ជាមួយ​អង្គការ​រូបិយវត្ថុ​អន្តរជាតិ (IMF) ដើម្បី​ឆ្លើយតប​សកម្មភាព​របស់​ចិន​នៅពេលនេះ​។ ក្រោយ​ការប្រកាស​របស់​អាមេរិក ទីផ្សារ​ហ៊ុន​ទូទាំង​ពិភពលោក បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​។​

 
​ទីផ្សារ​ហិរញ្ញវត្ថុ​ពិភពលោក​ចាប់ពី​អាមេរិក​ដល់​អាស៊ី កំពុង​ជួប​វឹកវរ​យ៉ាងខ្លាំង ក្រោយ​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ចាត់ទុក​ចិន​ជា​ប្រទេស​បំភ្លៃ​រូបិយវត្ថុ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​៥ ខែសីហា​។ ការសម្រេចចិត្ត​របស់​ក្រុង​វ៉ាស៊ីនតោន ធ្វើឡើង​ក្រោយ​ធនាគារកណ្ដាល​ចិន​បាន​ទុក​ឲ្យ​តម្លៃ​ប្រាក់​យ័ន​ធ្លាក់ចុះ​ដល់​អត្រា​ទាប​បំផុត​ក្នុង​រយៈពេល​១១​ឆ្នាំ​មកនេះ​។ អាមេរិក​បាន​ចោទ​ចិន​ចំៗ​ថា មាន​ចេតនា​ទម្លាក់​តម្លៃ​លុយ​យ័ន​ដើម្បី​កេងចំណេញ​ពី​អាមេរិក​។​
 
​រដ្ឋមន្ត្រី​រតនាគារ​អា​មេ​រិ​ក Steven Mnuchin ក្រោម​ការណែនាំ​របស់លោក ត្រាំ ជា​អ្នក​ប្រកាស​ដាក់​ចិន​ចូល​បញ្ជី​ប្រទេស​បំភ្លៃ​រូបិយវត្ថុ​នេះ ដែល​ធ្វើឡើង​ក្រោយ​ការបិទ​ទីផ្សារ​ជួញដូរ​ហ៊ុន​ពិភពលោក​។ បើតាម​ក្រសួង​ដដែល​នេះ អាមេរិក​នឹងធ្វើ​ការ​ជាមួយ​មូលនិធិ​រូបិយ​បណ្ណ​អន្តរជាតិ (IMF) ដើម្បី​កម្ចាត់​ចោលការ​ប្រកួតប្រជែង​ដោយ​អយុត្តិធម៌​ដែល​បង្កដោយ​ចិន​នេះ​។ 
 
​ក្រសួង​រតនាគារ​អាមេរិក បាន​ប្រើប្រាស់​មូលហេតុ​ជាច្រើន​ដើម្បី​ការពារ​ចំណាត់ការ​របស់ខ្លួន​។ ក្នុង​សេចក្ដីប្រកាស​របស់ខ្លួន ក្រសួង​មួយ​នេះ អះអាងថា ចិន​បានធ្វើ​សកម្មភាព​ជាច្រើន​ថ្ងៃ​មកហើយ​ដើម្បី​ទម្លាក់​តម្លៃ​លុយ​របស់ខ្លួន ហើយ​ស្របគ្នា​នោះបាន​រក្សា​កម្រិត​ទុក​បម្រុង​បរទេស​។ ទង្វើ​បែបនេះហើយ​ដែល​អាមេរិក​យល់ថា ចិន​បានបង្ហាញ​គោលដៅ​របស់ខ្លួន​ក្នុងការ​ទម្លាក់​តម្លៃ​លុយ​យ័ន ដើម្បី​កេងចំណេញ​ក្នុង​ទីផ្សារ​ពាណិជ្ជកម្ម​អន្តរជាតិ​។​

អត្ថបទទាក់ទង
 
​ផ្សារ​ហ៊ុន​ធំ​នៅ​អាស៊ី​ដូចជា​កូរ៉េខាងត្បូង ជប៉ុន និង​នូ​វែ​ល​សេ​ឡង់ និង​ផ្សារ​ហ៊ុន​នៅ​ចិន​ដូចជា​នៅ​សៀង​ហៃ និង​ស៊ិន​ជិន​ជាដើម សុទ្ធតែ​ធ្លាក់ចុះ​តម្លៃ​ហ៊ុន​របស់ខ្លួន​។ ទោះជា​យ៉ាងណា ចិន​បាន​បដិសេធ​ការ​ចោទ​របស់​អាមេរិក​។ ប្រធាន​ធនាគារ​ប្រជាជន​ចិន លោក Yi Gang ថ្លែង​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា ចិន​នឹងមិន​ចូលរួម​ក្នុងការ​ប្រកួតប្រជែង​ទម្លាក់​តម្លៃ​រូបិយវត្ថុ​របស់ខ្លួន​ឡើយ ហើយ​និង​មិន​ប្រើប្រាស់​អត្រា​ប្ដូរប្រាក់​ជា​ឧបករណ៍​ដោះស្រាយ​បញ្ហា​ខាងក្រៅ​ដូចជា​ជម្លោះ​ពាណិជ្ជកម្ម​នោះដែរ​។​
 
​ការបញ្ចូល​ឈ្មោះ​ចិន​ក្នុង​បញ្ជី​ប្រទេស​បំភ្លៃ​រូបិយវត្ថុ​នេះ ជា​បំណង​របស់លោក ត្រាំ ជា​យូរ ហើយ​បើ​គិត​ទៅ រាប់ទាំង​ពេលមុន​ក្លាយជា​ប្រធានាធិបតី​ទៅទៀត​។ ប៉ុន្តែ​គេ​ត្រូវ​រង់ចាំ​ដល់​ថ្ងៃទី​៥ ខែសីហា ទើប​លោក​ហៅ​ចិន​ជា​ប្រទេស​បំភ្លៃ​រូបិយវត្ថុ​ផ្លូវការ​។ អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ រដ្ឋបាល​លោក ត្រាំ មិនបាន​បញ្ចូល​ចិន​ក្នុង​បញ្ជី​នេះ​ពេល​បញ្ជូន​ឈ្មោះ​ឲ្យ​សភា​កាលពី​ខែឧសភា​កន្លងទៅ​។ ការណ៍​នាំ​ឲ្យ​មាន​អ្នកខ្លះ​យល់ថា ការសម្រេចចិត្ត​របស់​លោក ត្រាំ ពេលនេះ ជា​រឿង​នយោបាយ​សុទ្ធសាធ​៕ 

Tag:
 អាមេរិក​
  ចិន​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com