អន្តរជាតិ
ជប៉ុនថា មិនដឹងធ្វើខុសអ្វី ទើបកូរ៉េខាងត្បូងដកឈ្មោះពីបញ្ជីដៃគូពាណិជ្ជកម្មគួរឲ្យទុកចិត្ត រដ្ឋមន្រ្តីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន Hiroshige Seko ។ រូបភាព AFP
× រដ្ឋមន្ត្រីពាណិជ្ជកម្មជប៉ុន Hiroshige Seko នៅថ្ងៃទី១៣ ខែសីហា បានបង្ហាញការងឿងឆ្ងល់យ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់កូរ៉េខាងត្បូងដែលដកជប៉ុនចេញពីបញ្ជីដៃគូពាណិជ្ជកម្មគួរឲ្យទុកចិត្តរបស់ខ្លួន។ ជំនួសឲ្យបញ្ជីដៃគូពាណិជ្ជកម្មទុកចិត្ត ជប៉ុនបែរជាស្ថិតក្នុងបញ្ជីប្រទេសដែលពិបាកធ្វើការជាមួយវិញ។ លើបណ្ដាញសង្គម Twitter របស់ខ្លួន លោក Seko អះអាងថា ជប៉ុនមិនយល់ពីមូលហេតុដែលសេអ៊ូលសម្រេចចិត្តបែបនេះឡើយ។
កូរ៉េខាងត្បូង នៅថ្ងៃទី១២ ខែសីហា បានដកជប៉ុនចេញពីបញ្ជីដៃគូពាណិជ្ជកម្មគួរឲ្យទុកចិត្តបានរបស់ខ្លួន ហើយយកទៅដាក់ក្នុងចំណាត់ថ្មីមួយដែលទើបបង្កើតឡើង។ រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េខាងត្បូង Sung Yun-mo និយាយថា កូរ៉េខាងត្បូង ពិបាកធ្វើការជាមួយប្រទេសណាដែលដែលបំពានគោលការណ៍ជាមូលដ្ឋាន។ ចំណាត់ការរបស់សេអ៊ូល ក៏ធ្វើឡើងក្រោយតូក្យូដកកូរ៉េខាងត្បូងចេញពីបញ្ជីដៃគូពាណិជ្ជកម្មគួរទុកចិត្តបានដូចគ្នា។
មុននេះ ចំណាត់ដៃគូពាណិជ្ជកម្មរបស់កូរ៉េខាងត្បូងមានពីរប្រភេទ គឺប្រទេសដែលជាសមាជិកនៃកិច្ចព្រមព្រៀងគ្រប់គ្រងការនាំចេញធំទាំងបួន និងប្រទេសមិនមែនសមាជិក។ ខណៈជម្លោះពាណិជ្ជកម្មរកច្រកចេញមិនឃើញ ហើយជប៉ុន មិនព្រមដកការរឹតត្បិតរបស់ខ្លួននោះ កូរ៉េខាងត្បូង ក៏កែសម្រួលបញ្ជីដៃគូរកស៊ីរបស់ខ្លួន ដោយបង្កើតបញ្ជីថ្មីមួយ ហើយជប៉ុន ជាប្រទេសតែមួយគត់ក្នុងចំណាត់ថ្មីនេះ ដែលទុកសម្រាប់ប្រទេសរឹតត្បិតការនាំចេញបំពានសន្ធិសញ្ញាអន្តរជាតិ។
វិធានការបែបនេះរបស់ក្រុងសេអ៊ូល ធ្វើឲ្យមន្ត្រីជប៉ុនកើតមន្ទិលសង្ស័យ។ នៅថ្ងៃទី១៣ ខែសីហា រដ្ឋមន្ត្រីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម Hiroshige Seko និយាយថា ជប៉ុនមិនយល់ឡើយពីការសម្រេចចិត្តរបស់សេអ៊ូល។ លោក Seko បានសរសេរលើ Twitter ថា៖ «ក្រោយមើលសន្និសីទសារព័ត៌មាននៅកូរ៉េខាងត្បូង យើងពិតជាមិនដឹងរឿងអ្វីទាល់តែសោះពីហេតុផលដែលកូរ៉េខាងត្បូងអះអាងថា ប្រព័ន្ធត្រួតពិនិត្យការនាំចេញជប៉ុន មិនស្របតាមគោលការណ៍អន្តរជាតិ។»
សំណេររបស់លោក Seko ទំនងជាចង់ការពារការសម្រេចចិត្តរបស់ជប៉ុនក្នុងការរឹតត្បិតការនាំចេញសារធាតុគីមីសំខាន់ៗបីមុខដែលចាំបាច់ក្នុងផលិតកម្មទូរសព្ទឆ្លាតវៃ បន្ទះឈីប និងអេក្រង់ជាដើម។ ក្រុងសេអ៊ូល បានហៅការរឹតបន្តឹងនីតិវិធីនាំចេញនេះ ជាការបំពានបទបញ្ញត្តិអន្តរជាតិ ហើយបានទាមទារឲ្យតូក្យូដកចេញជាបន្ទាន់។ កន្លងទៅ តូក្យូ ក៏ធ្លាប់និយាយការពារវិធានការរបស់ខ្លួនរួចហើយដែរ ដោយថា នេះជាការបង្កើនការត្រួតពិនិត្យប៉ុណ្ណោះ។
មកទល់ពេលនេះ ទំនាស់ពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរ នៅតែមិនថមថយ ហើយក៏គ្មានដំណោះស្រាយទៅទៀត។ ជប៉ុនបានបដិសេធសំណើកូរ៉េខាងត្បូងដោះស្រាយដោយមានភាគីទីបី ស្របពេលដែលផ្លូវការទូតមិនមានដំណើការឡើយ ទោះប្រមុខការទូតប្រទសទាំងពីរធ្លាប់ជួបចរចាទល់មុខក្ដី។ វិបត្តិនេះ ធ្វើឲ្យអាមេរិកឈឺក្បាលមិនតិចឡើយ ហើយបារម្ភថា អាចប៉ះពាលដល់ការទប់ទល់ទង្វើរបស់កូរ៉េខាងជើងទៀតផង៕
Tag:
ជប៉ុន
កូរ៉េខាងត្បូង
ជប៉ុន
Hiroshige Seko
© រក្សាសិទ្ធិដោយ thmeythmey.com