ជាតិ
បាក់ឌុប
ក្រសួង​អប់រំ នឹង​ពង្រាយ​មន្ត្រី​៣​ពាន់​នាក់ ឃ្លាំ​មើល​ការប្រឡង​បាក់​ឌុប​
17, Aug 2019 , 10:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ឆ្នាំ​២០១៩​នេះ មិនមាន​អ្នកសង្កេតការ​សម្រាប់​ឃ្លាំ​មើល​ពេល​ប្រឡង​បាក់​ឌុប ដូច​ឆ្នាំមុនៗ​នោះទេ​។ ប៉ុន្តែ ក្រសួង​អប់រំ នឹង​ពង្រាយ​មន្ត្រី (​អប្បមាទ និង​ជំនួយការ​អប្បមាទ​) ចំនួន​៣០១១​នាក់ សម្រាប់​ឃ្លាំង​មើល​ការប្រឡង​នៅ​ថ្ងៃទី​១៩-២០ ខែសីហា​ខាងមុខ​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​។



​អ្នកនាំពាក្យ​ក្រសួង​អប់រំ​បញ្ជាក់ថា នា​សម័យ​ប្រឡង​នៅ​សប្តាហ៍​ក្រោយនេះ អប្បមាទ​៦០៦ នាក់ និង​ជំនួយការ​អប្បមាទ​២៤០៥​នាក់ នឹង​ឃ្លាំង​មើល​ស្ថានភាព​ប្រឡង ដើម្បី​ឲ្យ​ការប្រឡង​ប្រព្រឹត្តិ​ទៅដោយ​ជោគជ័យ ដោយ​ឈរលើ​គោលការណ៍​ច្បាប់ តម្លាភាព យុត្តិធម៌ និង​លទ្ធផល​អាច​ទទួលយក​បាន​។  


 
​ថ្វី​ដ្បិត​ឆ្នាំនេះ​គ្មាន​អ្នកសង្កេតការ​ក្តី តែ​ក្រសួង​អប់រំ នៅតែ​សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) សម្រាប់​ដោះស្រាយ​បញ្ហា​ដែល​កើតមាន​នៅក្នុង​អំឡុងពេល​ប្រឡង​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួង​អប់រំ​ដដែល​។ 
 
​សូមបញ្ជាក់ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៩-២០ ខែសីហា ដោយមាន​សិស្ស​ប្រឡង​សរុប​ចំនួន​១១៧,០២៤ នាក់ ស្រី ៦០៤២១ នាក់ ។ តាម​តួលេខ​ពី​ក្រសួង​អប់រំ ឆ្នាំនេះ បេក្ខជន​ប្រឡង​ថ្នាក់​វិទ្យាសាស្ត្រ​មាន ៤៤៦៨៣​នាក់ ស្រី ២៥២៨៥​នាក់ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មាន​ចំនួន​៧២៣៤១​នាក់ ស្រី ៣៥១៣៦ នាក់​។ មណ្ឌល​ប្រឡង​មាន​ចំនួន ២០២ មណ្ឌល ថ្នាក់​វិទ្យាសាស្ត្រ​មាន​៧៥​មណ្ឌល និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​១២៧​មណ្ឌល ចែកចេញជា​បន្ទប់​សរុប​មាន​៤៧២៥​បន្ទប់​៕​
 
 
 
 

Tag:
 ក្រសួង​អប់រំ​
  បាក់​ឌុប​២០១៩
  អប្បមាទ​
  BacII2019
© រក្សាសិទ្ធិដោយ thmeythmey.com