ជាតិ
បាក់ឌុប
រដ្ឋមន្ត្រី​អប់រំ ៖​សិស្ស​ដែល​មិនចេះ ហើយ​បាន​ពិន្ទុ​ខ្ពស់ ក្រសួង​នឹង​ពិនិត្យ​លទ្ធផល​ឡើងវិញ បើសិន​មាន​ពាក្យបណ្ដឹង​
19, Aug 2019 , 10:52 am        
រូបភាព
រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារ៉ុន បើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡងថ្ងៃទី១៩ សីហា ឆ្នាំ២០១៩ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ
រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារ៉ុន បើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡងថ្ងៃទី១៩ សីហា ឆ្នាំ២០១៩ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ
ភ្នំពេញ​៖ បើសិនជា​បេក្ខជន​ប្រឡង​មិនចេះ ប៉ុន្តែ​ទទួលបាន​ពិន្ទុ​ខ្ពស់​នោះ ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ត្រួតពិនិត្យ​លើ​លទ្ធផល​របស់​បេក្ខជន​នោះ​ភ្លាម ក្នុងករណី​ដែលមាន​អ្នក​ដាក់​បណ្ដឹង​ពី​បញ្ហា​នេះ មកកាន់​ក្រសួង​។ នេះ​ជាការ​បញ្ជាក់​របស់លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​។​

 
​ថ្លែង​ក្រោយ​ប្រកាស​បើក​វិញ្ញាសា​ប្រឡង​សញ្ញាបត្រ​ទុតិយ​ស​ភូមិ ឆ្នាំ​២០១៩ នៅ​ថ្ងៃទី​១៩ សីហា​នេះ លោក ហង់ ជួន ណា​រ៉ុ​ន បាន​អះអាងថា ក្រសួង​នឹង​ប្រុងប្រយ័ត្ន​លើ​ករណី​កំណែ​វិញ្ញាសា​ប្រឡង ដោយ​មិន​ឱ្យមាន​បញ្ហា​បច្ចេកទេស​កើតមានឡើង ដូច​ឆ្នាំមុន​នោះទេ​។ ឆ្លើយតប​នឹង​សំនួរ​អ្នកសារព័ត៌មាន​ពី​បញ្ហា​បច្ចេកទេស​កំណែ​វិញ្ញាសា​នេះ លោក​រដ្ឋមន្ត្រី​អប់រំ បាន​និយាយ​ដូច្នេះ​ថា «​ក្រសួង​បាន​បង្កើត​អនុគណៈកម្មការ​បច្ចេក​វិទ្យា​មួយ ដោយបាន​រៀបចំ​កម្មវិធី​ថ្មី​តែម្ដង សម្រាប់​ការ​បូក​ស្រង់​ពិន្ទុ​នេះ ហើយ​យើង​ក៏បាន​ធ្វើតេស្ត និង​រៀបចំ​មជ្ឈមណ្ឌល​កុំព្យូទ័រ​២​ទៀត បើសិន​ជាមួយ​មាន​បញ្ហា​បច្ចេកទេស គឺ​យើង​នឹង​សាក​(​បូក​ស្រង់​ពិន្ទុ​)​មួយទៀត​។ អ៊ីចឹង​វា​មាន​(​មជ្ឈមណ្ឌល​កុំព្យូទ័រ​)​ពីរ​កន្លែង ហើយ​មាន​ប្រព័ន្ធ​២​ទៀត មាន​ទាំង​ប្រព័ន្ធ​ចាស់ និង​ប្រព័ន្ធ​ថ្មី​។ ហើយ​យើង​មាន​នីតិវិធី​នៅក្នុង​ការត្រួត​ពិនិត្យមើល ថា​តើ​លទ្ធផល​ហ្នឹង​វា​យ៉ាងម៉េច​ដែរ ដោយ​យក​លទ្ធផល​ប្រឡង​មក​វិភាគ​មួយរយៈ​សិន ហើយ​មិន​ផ្សព្វផ្សាយ​ភ្លាមៗ​ទេ ទាល់តែ​យើង​វិភាគ​ហើយ ទើប​ឱ្យ​អ្នកបច្ចេកទេស​ទៅ​ចូលក្នុង​ប្រព័ន្ធ​កម្មវិធី​ទៀត ទៅ​មើលថា​តើ​លទ្ធផល​ហ្នឹង​វា​ត្រឹមត្រូវ​ឬ​អត់ ទើប​យើង​ប្រជុំ​សម្រេច​ប្រកាស​លទ្ធផល​»​។​
 
​ងាក​មក​និយាយ​ពី​បញ្ហា​បេក្ខជន​ប្រឡង​វិញ​ម្ដង លោក ហង់ ជួន ណា​រ៉ុ​ន បាន​សង្កត់ធ្ងន់ថា រាល់​វិញ្ញាសា​ប្រឡង​ណាមួយ ដែលមាន​សញ្ញា ឬ​ស្លាកស្នាម បង្ហាញ​ពី​ភាពមិនប្រក្រតី​នោះ គឺ​ត្រូវដាក់​ចូលក្នុង​គណៈកម្មកា​រ​កំណែ ដើម្បី​ត្រួតពិនិត្យ និង​វិភាគ ហើយ​បើ​រកឃើញថា ជា​សញ្ញា​សម្រាប់​ឱ្យ​គ្រូ​កំណែ​ដាក់ពិន្ទុ​នោះ គឺ​ក្រដាស​កិច្ចការ​បេក្ខជន នឹង​ទទួលបាន​ពិន្ទុ​សូន្យ​(០)​តែម្ដង​។ បើតាម​រដ្ឋមន្ត្រី​អប់រំ គ្រូ​កំណែ​រូប​ណា ដែល​ឃុបឃិត​ជាមួយ​សិស្ស ដោយ​ផ្ដល់​ពិន្ទុ​ខុស​វិជ្ជាជីវៈ លើ​ក្រដាស​កិច្ចការ​បេក្ខជន​ប្រឡង​នោះ ក៏ត្រូវ​ទោស​តាម​បទបញ្ញត្តិ​មន្ត្រីរាជការ និង​ទោស​វិន័យ​បញ្ឈប់​សកម្មភាព​បង្រៀន​ទៀតផង​។​
 
​ក្រៅពី​ចំណុច​ខាងលើនេះ​លោក ហង់ ជួន ណា​រ៉ុ​ន បាន​បន្ថែមថា បេក្ខជន​ប្រឡង​ដែល​មិនចេះ ប៉ុន្តែ​ទទួលបាន​ពិន្ទុ​ខ្ពស់​នោះ ក្រសួង​អប់រំ ក៏​នឹង​ត្រួតពិនិត្យ​លើ​លទ្ធផល​របស់​បេក្ខជន​នោះ​ឡើងវិញ​ផងដែរ បើសិន​ជាមាន​អ្នក​ដាក់​បណ្ដឹង​ពី​បញ្ហា​នេះ មកកាន់​ក្រសួង​។ «​ជាពិសេស គឺ​យើង​អាចធ្វើ​កោសល្យ​វិ​ច្ច័​យ​ទៀត បើសិន​ជាមាន​ពាក្យបណ្ដឹង​ថា អ្នក​(​បេក្ខជន​ប្រឡង​)​ហ្នឹង​អត់​ចេះ ប៉ុន្តែ​បាន​ពិន្ទុ​ខ្ពស់ អ៊ីចឹង​យើង​នឹង​ទៅ​មើល​សន្លឹក​កិច្ចការ​ហ្នឹង ហើយ​យកមក​ពិនិត្យឡើងវិញ​ថា ពិត ឬ​មិន​ពិត​។ ដូច្នេះ​មាន​ច្រើន​ដំណាក់កាល តាំងពី​ពេលមុន​កែ​(​វិញ្ញាសា​) រហូតដល់​ក្រោយ​កែ​»​។ នេះ​ជាការ​បញ្ជាក់​របស់រ​ដ្ឋ​មន្ត្រី​អប់រំ ដែល​រំពឹងថា បេក្ខជន​ប្រឡង​ឆ្នាំនេះ នឹង​ទទួលបាន​លទ្ធផល​ល្អប្រសើរ​ជាង​ឆ្នាំមុនៗ តាមរយៈ​ការខិតខំ​ប្រឹងប្រែង​រៀនសូត្រ​របស់​ពួកគេ ក្រោម​ពាក្យស្លោក​ថា «​អ្នកចេះ គឺជា​ប់​»​។​
 
​សម្រាប់​ការប្រឡង​ឆ្នាំនេះ ក្រសួង​អប់រំ ក៏បាន​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក្នុង​ការជួល​គ្រូបង្រៀន​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​បំប៉ន​ដល់​ការសិក្សា​របស់​សិស្ស​មុនពេល​ប្រឡង ក្រៅពី​ពួកគេ​រៀន​គួរ​ដោយផ្ទាល់​ជាមួយ​គ្រូ នៅ​ម៉ោង​បន្ថែម​។​
 
​សម័យ​ប្រឡង​២០១៩ មាន​បេក្ខជន​ដាក់ពាក្យ​សរុប ១១៩, ២១៧​នាក់ ក្នុងនោះ​ថ្នាក់​វិទ្យាសាស្ត្រ មាន​ចំនួន ៤៥, ៤១៤​នាក់ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ចំនួន ៧៣, ៨០៣​នាក់​៕
 

Tag:
 ហង់ ជួនណា​រ៉ុ​ន​
  អប់រំ​
  បាក់​ឌុប ២០១៩
© រក្សាសិទ្ធិដោយ thmeythmey.com