កីឡាអន្តរជាតិ
អន្តរជាតិ
Cole អតីតខ្សែការពារឆ្នើម Arsenal និង Chelsea ប្រកាសចូលនិវត្តន៍ នៅវ័យ៣៨ឆ្នាំ
× Ashley Cole អតីតខ្សែការពារស្លាបឆ្វេងរបស់ Arsenal និង Chelsea បានប្រកាសចូលនិវត្តន៍ពីកីឡាករបាល់ទាត់ បន្ទាប់ពីប្រកបអាជីពនេះអស់រយៈពេលពីរទសវត្សរ៍។
ក្នុងវ័យ ៣៨ឆ្នាំ អតីតខ្សែការពារក្រុមជម្រើសជាតិអង់គ្លេសរូបនេះ បានផុតកិច្ចសន្យាជាមួយ Derby County នៅចុងបញ្ចប់រដូវកាល ២០១៨-១៩ ក្រោយជួយក្រុមនេះឈានដល់វគ្គ Play off ដើម្បីឡើងទៅលីគកំពូលអង់គ្លេសតែចាញ់ Aston Villa។
Cole បង្ហាញខ្លួនក្នុងអាជីពកីឡាបាល់ទាត់លើកដំបូងជាមួយ Arsenal ក្នុងឆ្នាំ ១៩៩៩ និងបន្តទៅឲ្យ Crystal Palace ខ្ចីជើងនៅឆ្នាំ២០០០ មុនផ្លាស់ទៅ Chelsea ឆ្នាំ២០០៦ Roma (២០១៤) LA Galaxy (២០១៦) និងក្រុមចុងក្រោយ Derby ក្នុងរដូវកាល ២០១៨-១៩ ក្រោមការដឹកនាំរបស់អតីតមិត្តរួមក្រុម Frank Lampard។
៧រដូវកាលដំបូង Cole ជួយកាំភ្លើងធំឈ្នះជើងឯក Premier League ពីរលើក (២០០១-០២ និង ២០០៣-០៤)។ ផ្ទេរទៅ Stamford Bridge ចំនួន៨រដូវកាល រូបគេជួយតោខៀវលើកពានលីគកំពូលអង់គ្លេស១លើក (២០០៩-១០) និង Champions League ម្តងនៅរដូវកាល ២០១១-១២។ Cole បង្ហាញខ្លួនសរុបឲ្យក្លិបទាំង៦ដែលរូបគេប្រកបអាជីពក្នុងរយៈពេល២០ឆ្នាំកន្លងមកចំនួន ៥០៨ប្រកួត ដោយស៊ុតបញ្ចូលទីបាន១៩គ្រាប់។
«បន្ទាប់ពីគិតយ៉ាងម៉ត់ចត់ ខ្ញុំសម្រេចថាដល់ពេលត្រូវព្យួរស្បែកជើរបស់ខ្ញុំហើយ និងដើម្បីរកអាជីពថ្មីមួយទៀត»។ Cole ប្រាប់ Sky Sports ដូច្នេះ ខណៈសព្វថ្ងៃរូបគេកំពុងត្រៀងលក្ខណៈសម្បត្តិដើម្បីឈានទៅរកតួនាទីជាគ្រូបង្វឹក។ សម្រាប់ក្រុមជម្រើសជាតិ Cole បង្ហាញខ្លួនបាន១០៧ប្រកួត៕
Tag:
Ashley Cole
ចូលនិវត្តន៍
© រក្សាសិទ្ធិដោយ thmeythmey.com