រដ្ឋមន្ត្រី​កសិកម្ម នឹង​បំពាក់​ប្រព័ន្ធ GPS លើ​ទូក​នេសាទ ដើម្បី​តាមដាន​ការនេសាទ​ខុសច្បាប់​
ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រី​កសិកម្ម នឹង​បំពាក់​ប្រព័ន្ធ GPS លើ​ទូក​នេសាទ ដើម្បី​តាមដាន​ការនេសាទ​ខុសច្បាប់​
22, Aug 2019 , 10:19 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កំពុង​រៀបចំ​ប្រព័ន្ធ​ចុះបញ្ជី និង​បំពាក់​ប្រព័ន្ធ GPS លើ​ទូក​នេសាទ​ទាំងអស់ ដើម្បី​តាមដាន​បទល្មើស​នេសាទ ទាំង​ក្នុង​តំបន់​ទឹកសាប និង​សមុទ្រ​។  រដ្ឋមន្ត្រី​កសិកម្ម ថ្លែង​បែបនេះ​ក្នុង​ពិធី​ប្រកាស​ដាក់ឱ្យអនុវត្ត​កម្មវិធី​អភិវឌ្ឍន៍​វិស័យ​ជលផល ដែល​ទទួលបាន​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​ពី​សហភាព​អឺរ៉ុប ក្នុង​ទំហំ​ទឹកប្រាក់ ១២២ លាន​អឺរ៉ូ ( ជាង​១៣៥ លាន​ដុល្លារ​) កាលពី​ព្រឹក​ថ្ងៃទី ២១ ខែសីហា ឆ្នាំ​២០១៩​។

 
​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម លោក វេ​ង សាខុន បាន​និយាយថា បទល្មើស​នេសាទ និង​ការប្រែប្រួល​អាកាសធាតុ បាន​បណ្ដាលឱ្យ​ទិន្នផល​ត្រី​ក្នុងប្រទេស​កម្ពុជា​មានកា​រ​ធ្លាក់ចុះ​។ ដោយ​មើលឃើញ​ពី​បញ្ហា ទើប​រដ្ឋមន្ត្រីក្រសួង បាន​ដាក់ចេញ​ផែនការ​ជាក់លាក់​មួយ ក្នុងការ​ការពារ​ទិន្នផល​ត្រី​សម្រាប់​ពលរដ្ឋ​កម្ពុជា ក្នុងទិសដៅ​ជំរុញ​ការនាំចេញ​ទៅកាន់​ទីផ្សារ​ពិភពលោក តាមរយៈ​ការចុះបញ្ជី និង​បំពាក់​ប្រព័ន្ធ GPS ដើម្បី​ឲ្យ​មន្ត្រី​ជំនាញ​មាន​ភាពងាយស្រួល​តាមដាន​លើ​ករណី​បទល្មើស​នេសាទ​។ 
 
​បើតាម​លោក វេ​ង សាខុន ក្រសួង​នឹង​ពង្រឹង​ការងារ​បន្ថែមទៀត​ជាមួយ​ភាគី​ពាក់ព័ន្ធ ,​ប្រជា​សហគមន៍ ,​អង្គការ​សង្គម​ស៊ីវិល និង​វិស័យ​ឯកជន​ជាដើម ក្នុងការ​រួមគ្នា​អភិវឌ្ឍន៍​វារីវប្បកម្ម​ឲ្យ​កាន់តែ​ទំនើប និង​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​។ បន្ថែម​ពីនេះ​មន្ត្រី​ជំនាញ​ទាំងអស់ នឹងត្រូវ​បណ្ដុះបណ្ដាល​សមត្ថភាព ទាំង​ផ្លូវច្បាប់ និង​ការអនុវត្ត​ច្បាប់ ក្នុងការ​បង្ក្រាប​បទល្មើស​នេសាទ​ឱ្យមាន​ប្រសិទ្ធភាព​។ 
 
​រដ្ឋមន្ត្រី​កសិកម្ម​រូបនេះ បាន​និយាយថា​៖« សព្វថ្ងៃនេះ​យើង​បាន​កំណត់ថា យើង​មិនអាច​ចាប់​ត្រី​លើសពី ៦០០​ពាន់​តោន​ទេ ពី​ទឹកសាប ។​ដូច្នេះ​បានជា​យើង​ពង្រីក​ការធ្វើ​វារីវប្បកម្ម​ឱ្យបាន​ច្រើន ដែល​យើង​ព្យាករ​ថា ក្នុង​ឆ្នាំ​២០៤០ អាច​ចាប់​រហូតដល់​ជាង ៦០០​ពាន់​តោន ដើម្បី​ផ្គត់ផ្គង់​ពលរដ្ឋ​យើង​ផង និង​ការនាំចេញ​ផង​»​។​
 
​លោក ច​ច អេ​ដ​ហ្គា ( George EDGAR) ឯកអគ្គរដ្ឋទូត​សហភាព​អ៊ឺរ៉ុប បាន​និយាយថា ការបន្ត​ផ្តល់ជំនួយ​លើ​គម្រោង​វិស័យ​ជលផល​នេះ ព្រោះ​សហភាព​អឺរ៉ុប​ចង់ឃើញ​កម្ពុជា​មានការ​គ្រប់គ្រង​វិស័យ​ជលផល​ប្រកបដោយ​ចីរភាព និង​ជួយ​លើកស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​កម្ពុជា​។ 
 
​ក្រសួងកសិកម្ម បានទទួល​គម្រោង​ថ្មី ពី EU និង AFD ដែលមាន​ទំហំ​ទឹកប្រាក់​១២២ លាន​អ៊ឺ​រ៉ូ ( ជាង​១៣៥ លាន​ដុល្លារ​)​សម្រាប់​អនុវត្ត​លើ​គម្រោង ទី​១ «​ការជំរុញ​កំណើន​វិស័យ​វារីវប្បកម្ម​ប្រកបដោយ​ចីរភាព និង បរិ​យា​ប័ន្ន​នៃ​វារីវប្បកម្ម (CAPFISH-Aquaculture)» និង ទី​២  «​ការជំរុញ​កំណើន​វិស័យ​ជលផល​ប្រកប ដោយ​ចីរភាព និង​បរិ​យា​ប័ន្ន​៖ សមាសភាគ​ការនេសាទ (CAPFISH-Capture) » ដែល​រយៈពេល​៥ ឆ្នាំ គឺ​ចាប់ពី​ឆ្នាំ​២០១៩ ដល់​២០២៣៕ 

Tag:
 ​កសិកម្ម​
  នេសាទ
© រក្សាសិទ្ធិដោយ thmeythmey.com