ល្បុក្កតោ​រៀបចំ​ការប្រកួត​លើ​វិញ្ញាសា​ប្រយុទ្ធ ព្រោះ​ចង់​ឲ្យ​គេ​ស្គាល់​ដូច​វិញ្ញាសា​សម្តែង​
កីឡាជាតិ
ជាតិ
ល្បុក្កតោ​រៀបចំ​ការប្រកួត​លើ​វិញ្ញាសា​ប្រយុទ្ធ ព្រោះ​ចង់​ឲ្យ​គេ​ស្គាល់​ដូច​វិញ្ញាសា​សម្តែង​
23, Aug 2019 , 10:19 pm        
រូបភាព
​មហាជន​មួយចំនួន ធ្លាប់តែ​ឃើញ​គេ​រៀបចំ​ការប្រកួត​គុន​ល្បុក្កតោ​លើ​វិញ្ញាសា​សម្តែង ទំនងជា​មិន​ធ្លាប់​ឃើញ​គេ​រៀបចំ​លើ​វិញ្ញាសា​ប្រយុទ្ធ​នោះទេ​។ កត្តា​នេះហើយ​ទើប​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​រៀបចំ​ឲ្យ​មានការ​ប្រកួត​គុន​ល្បុក្កតោ​ជ្រើសរើស​ជើងឯក​ប្រចាំខែ​លើ​វិញ្ញាសា​ប្រយុទ្ធ ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​មហាជន​ស្គាល់​កាន់តែច្រើន ពិសេស​ផ្តល់ឱកាស​ឲ្យ​កីឡាករ​អភិវឌ្ឍ​ទៅរក​កម្រិត​អាជីព​។​

 
«​ការប្រកួត​អ្នកលេង​គុន​ល្បុក្កតោ​» គឺជា​ឈ្មោះ​កម្មវិធី​ប្រកួត ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា នៅ​ថ្ងៃទី​២៥ សីហា នៅ​ទីស្នាក់ការ NOCC (​ជាន់​ផ្ទាល់​ដី​) ដើម្បី​ផ្សព្វផ្សាយ​ពី​វិញ្ញាសា​ប្រយុទ្ធ​ឲ្យ​ទូលំទូលាយ​ដូច​វិញ្ញាសា​សម្តែង​។ ការរៀបចំ​ការប្រកួត​តែ​លើ​វិ​ញ្ញា​ប្រយុទ្ធ​នេះ ក៏​ដើម្បី​ឆ្លើយតប​ទៅនឹង​ការយល់ឃើញ​របស់​មហា​ជន​មួយចំនួន​ដែលថា គុន​ល្បុក្កតោ​មានតែ​វិញ្ញាសា​សម្តែង​ផងដែរ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក អ៊ួ តារា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​។  
 
​ការផ្តល់​ឱកាស​ឲ្យ​កីឡាករ​បាន​បញ្ចេញ​សមត្ថភាព ដើម្បី​ឈានទៅ​ក្លាយជា​កីឡាករ​អាជីព​ទៅ​ថ្ងៃ​អនាគត ក៏​ជា​គោលបំណង​នៃ​កម្មវិធី​ប្រកួត ដែល​សហព័ន្ធ​គ្រោង​រៀបចំ​ប្រចាំខែ​នេះដែរ​។ «​កីឡា​គុន​ល្បុក្កតោ​ជាទូទៅ​មហាជន​យល់ថា គ្រាន់តែ​ជា​ប្រភេទ​កីឡា​សម្តែង តាមពិត​យើង​មាន​ទាំង​វិញ្ញាសា​សម្តែង និង​ប្រយុទ្ធ ហើយ​កន្លងមក​វិញ្ញាសា​សម្តែង ត្រូវបានគេទទួលស្គាល់​។ ប៉ុន្តែ​ឥឡូវនេះ​យើង​ចង់​ជំរុញ​វិញ្ញាសា​ប្រយុទ្ធ​នឹង គឺ​មានការ​ផុសផុល​និង​រីកចម្រើន​ដូច​វិញ្ញាសា​សម្តែង​»​។ នេះ​ជាការ​លើកឡើង​របស់លោក អ៊ួ តារា​។ 
 
​សម្រាប់​ការប្រកួត​នៅ​ថ្ងៃទី​២៥ សីហា មាន​កីឡាករ​មកពី​ក្លិប​-​សមាគម​ជា​សមាជិក​ចំនួន​១២​នាក់​(​បរទេស​២​រូប​)​ចូលរួម ដែល​ស្មើនឹង​៦​គូ​ដោយមាន​ការប្រកួត​មិត្តភាព​អន្តរជាតិ​ចំនួន​២​គូ​។ ការប្រកួត​បើក​សេរី​ឲ្យ​ទស្សនិកជន​ចូលរួម​ទស្សនា​នេះ ធ្វើឡើង​ចាប់ពី​ម៉ោង​៦​ល្ងាច​តទៅ​។ សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ គ្រោង​រៀបចំ​ឲ្យ​មានការ​ប្រកួត​នេះ​ជា​រៀងរាល់ខែ ហើយក៏​គ្រោង​រៀបចំ​ឲ្យ​មានការ​ប្រកួត​លើ​វិញ្ញាសា​ប្រយុទ្ធ​ផ្នែក​នារី​ផងដែរ​៕    
 

Tag:
 គុន​ល្បុក្កតោ​
  អ៊ួ តារា
© រក្សាសិទ្ធិដោយ thmeythmey.com