អន្តរជាតិ
ក្រុម​ប្រទេស G7 សន្យា​ផ្តល់​៣០​លាន​ដុល្លារ​ដោះស្រាយ​ភ្លើង​ឆេះ​ព្រៃ​អា​ម៉ា​ហ្សូ​ន​
27, Aug 2019 , 11:14 am        
រូបភាព
ទិដ្ឋភាពភ្លើងឆេះព្រៃអាម៉ាហ្សូន ត្រង់ភាគពាយព្យនៃ ប្រេស៊ីល ២៤ សីហា ២០១៩ (AFP)
ទិដ្ឋភាពភ្លើងឆេះព្រៃអាម៉ាហ្សូន ត្រង់ភាគពាយព្យនៃ ប្រេស៊ីល ២៤ សីហា ២០១៩ (AFP)
ដោយ:
​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន​ទាំង ៧ ឬ​ហៅថា G7 នឹង​ផ្តល់​លុយ​៣០​លាន​ដុល្លារ ដើម្បី​យកទៅ​ប្រើប្រាស់​ដោះស្រាយ​ភ្លើង​ឆេះ​ព្រៃ​អា​ម៉ា​ហ្សូ​ន នៅ​ប្រេ​ស៊ី​ល​។ ទន្ទឹមនឹងនេះ គម្រោង​ជួយសង្គ្រោះ​ព្រៃ​អា​ម៉ា​ហ្សូ​ន នឹងត្រូវ​បង្កើតឡើង​នៅ​ខែកញ្ញា​ខាងមុខ​។

 
​ដោយ​ចាត់ទុក​ស្ថានភាព​ភ្លើង​ឆេះ​ព្រៃ​អា​ម៉ា​ហ្សូ​ន​ជា «​វិបត្តិ​អន្តរជាតិ​» លោក​ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង បាន​លើកយក​បញ្ហា​ជា​ប្រធាន​ក្តៅ​នៃ​កិច្ចប្រជុំ​កំពូល G7 ។ បារាំង ជា​ម្ចាស់ផ្ទះ​ក្នុង​ឆ្នាំ​២០១៩​នេះ​។ ហៅថា G7 វា​មាន​សមាជិក​ចំនួន​៧​ប្រទេស ដូចជា ចក្រភព​អង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អុីតា​លី ជប៉ុន និង​សហរដ្ឋអាមេរិក​។ 
 
​មេដឹកនាំ​នៃ​បណ្តា​ប្រទេស​ទាំង​៧​នេះ បាន​ជួបជុំគ្នា​ក្នុង​ក្រុង​ជាប់​ឆ្នេរសមុទ្រ Biarritz  ដើម្បី​ជជែក​ពិភាក្សា​លើ​បញ្ហា​ប្រឈម​បរិស្ថាន​ជាច្រើន ដែល​ពិភពលោក​កំពុង​ជួបប្រទះ ។ ក្នុងនោះ ពួកគេ ផ្តោត​សំខាន់​ខ្លាំង​លើ​តួលេខ​កំណត់ត្រា​នៃ​ភ្លើង​ឆេះ ដែល​កំពុង​បំផ្លិចបំផ្លាញ​ព្រៃ​អា​ម៉ា​ហ្សូ​ន​។ តួយ៉ាង ចាប់តាំងពី​ដើមឆ្នាំ​២០១៩​មក ក្នុងប្រទេស​ប្រេ​ស៊ី​ល មាន​ករណី​ភ្លើង​ឆេះ​ព្រៃ​ជិត ៨​ម៉ឺន​ទីតាំង ហើយ​ពាក់កណ្តាល​កើតឡើង​ក្នុងព្រៃ​អា​ម៉ា​ហ្សូ​ន​។​
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក ម៉ា​ក្រុង លើកឡើងថា​៖«​យើង ត្រូវ​ឆ្លើយតប​នឹង​បញ្ហា​ភ្លើង​ឆេះ​ក្នុងព្រៃ​អា​ម៉ា​ហ្សូ​ន​»​។ ដោយ​បន្ថែម​ពី​លោក ម៉ា​ក្រុង ប្រធានាធិបតី​ស៊ី​លី លោក Sabatian Pinera ដែលជា​ភ្ញៀវ​នៃ​កិច្ចប្រជុំ​កំពូល G7 អះអាងថា បណ្តា​ប្រទេស​នៅជាប់​ព្រៃ​អា​ម៉ា​ហ្សូ​ន  ត្រូវការ​យន្តហោះ​ទម្លាក់​ទឹកជា​ច្រើន​គ្រឿង​ដើម្បី​ពន្លត់ភ្លើង​ឆេះ​ព្រៃ ។​
 
​ទន្ទឹមនឹង​តម្រូវការ​ជំនួយ​បែបនេះ នាយករដ្ឋមន្ត្រី​កាណាដា លោក Justin Trudeau បានប្រកាសថា ប្រទេស​លោក នឹង​បញ្ជូន​យន្តហោះ​ទម្លាក់​ទឹក​មួយគ្រឿង ដើម្បី​ទប់ទល់​នឹង​ភ្លើង​ឆេះ​ព្រៃ​អា​ម៉ា​ហ្សូ​ន និង​ធ្វើ​វិភាគទាន ១៥​លាន​ដុល្លារ ក្នុង​កិច្ចប្រឹងប្រែង​នេះ​ផងដែរ​។ ចំណែក នាយករដ្ឋមន្ត្រី​អង់គ្លេស លោក Boris Johnson បាន​សន្យា​ផ្តល់​លុយ ១២​លាន​ដុល្លារ​សម្រាប់​គម្រោង​ជួយសង្គ្រោះ​ព្រៃ​អា​ម៉ា​ហ្សូ​ន​។ 
 
​ក្រុម​ប្រទេស G7 ក៏បាន​យល់ស្រប​គាំទ្រ​គម្រោង​ជួយសង្គ្រោះ​ព្រៃ​អា​ម៉ា​ហ្សូ​ន ដោយ​គ្រោង​នឹងដាក់​បង្ហាញ​ជា​សាធារណៈ​នៅ​ខែកញ្ញា​។ ប្រាក់​ទូរទស្សន៍​បារាំង France 2 លោក ម៉ា​ក្រុង និយាយថា លោក​សង្ឃឹមថា លុយ​យ៉ាងតិច ៣០​លាន​ដុល្លារ អាច​ប្រមូលបាន​សម្រាប់​គម្រោង​អភិរក្ស​ព្រៃ​អា​ម៉ា​ហ្សូ​ន​នេះ​។  
 
​នាយក​ប្រតិបត្តិ​អង្គការ Greenpeace  លោក Jennifer Morgan បង្ហាញ​ការស្វាគមន៍​ចំពោះ​ជំនួយ​របស់​ក្រុម​ប្រទេស G7 ប៉ុន្តែ​លើកឡើងថា ក្រុម​ប្រទេស​នេះ ក៏ត្រូវ​បញ្ឈប់​បង្កើន​ការបំផ្លិចបំផ្លាញ​ព្រៃ​អា​ម៉ា​ហ្សូ​ន​បន្តទៀត តាមរយៈ​ការនាំ​ចូល​ផលិតផល​កសិកម្ម ដែល​ពាក់ព័ន្ធ​នឹង​ការកាប់​ទន្ទ្រានព្រៃ និង​ការធ្វើ​ឲ្យ​ខូចគុណភាព​ដី​៕

Tag:
 ប្រេ​ស៊ី​ល​
  អា​ម៉ា​ហ្សូ​ន​
  G7
© រក្សាសិទ្ធិដោយ thmeythmey.com