អន្តរជាតិ
បុរស​ចិន​ជាច្រើន ផ្តើម​ទទួល​ផ្នត់គំនិត​ការធ្វើជា​ឪពុក​ចាំផ្ទះ មើលថែ​កូន​
27, Aug 2019 , 9:19 pm        
រូបភាព
ប្រភពរូប៖ វេបសាយចិន womenofchina.cn
ប្រភពរូប៖ វេបសាយចិន womenofchina.cn
​ដោយ៖ ឈួន ឈី​វ​អ៊ីង​
 
​បុរស​ជា​ស្វាមី​ជនជាតិ​ចិន​ជាច្រើន ចាប់ផ្តើម​ទទួលយក​ផ្នត់គំនិត​ដែល​ក្លាយ​ឪពុក​នៅចាំ​ផ្ទះ និង​មើល​ថែកូនៗ ។ យោងតាម​ការស្ទង់មតិ​កាលពី​ថ្មីៗ​នេះ​។ និន្នាការ​ថ្មី​នេះ អាចជា​ងាក​ចេញពី​ទំនៀម​ទំលាប់​បុរាណ ដែល​ចាត់ទុក​ស្ត្រី​ទាំងអស់​សុទ្ធតែជា​ម្តាយ​ចាំផ្ទះ​។


 
​ផ្នត់គំនិត​ដែល​លើកឡើងថា មនុស្ស​ប្រុស​គឺជា​មេ​គ្រួសារ​គួរតែ​ជា​អ្នករក​ចំណូល ខណៈ​ការមើល​ថែកូនៗ គឺជា​កាតព្វកិច្ច​របស់​ស្ត្រី បាន​ចាក់ឫស​យ៉ាងជ្រៅ​នៅក្នុង​វប្បធម៌​ចិន​។ ប៉ុន្តែ​ការស្ទង់មតិ​មួយ ដែល​បាន​ធ្វើឡើង​រួមគ្នា​ដោយ​កាសែត​រដ្ឋ​ចិន China Youth Daily និង​គេហទំព័រ wenjuan.com កាលពី​ដើមខែ​នេះ បាន​រកឃើញថា មាន​បុរស​ដល់​ទៅ ៥២,៤​ភាគរយ​គាំទ្រ​គំនិត​បុរស​ក្លាយជា​អ្នក​ចាំផ្ទះ​ពេញ​ម៉ោង ខណៈ​ស្ត្រី​មានតែ​៤៥,៨​ភាគរយ​ប៉ុណ្ណោះ​។ 
 
​តួលេខ​ស្ត្រី​ទាប​ជាង​បុរស​បែបនេះ អាច​បញ្ជាក់ថា ស្ត្រី​ភាគច្រើន​មិន​សប្បាយ​ចិត្តនឹង​ទុក​ការងារ​ផ្ទះ​ឲ្យ​បុរស​ធ្វើ​នោះទេ​។ ពួកគេ​មាន​អារម្មណ៍​មិន​ស្ងប់​ដែល​ឲ្យ​មនុស្ស​ប្រុស​នៅ​មើល​កូន ព្រោះ​មនុស្ស​ប្រុស​ប្រហែស​ណាស់​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន South China Morning Post​។ 
 
​បើទោះបីជា​យ៉ាងណាក៏ដោយ ចំនួន​ស្ត្រី​ដែល​មិន​គាំទ្រ​ចំពោះ​គំនិត​នេះ​នៅតែមាន​ចំនួន​ច្រើនជាង​បុរស​។ ប៉ុន្តែ ស្ត្រី​ដែលមាន​ស្វាមី​ហ៊ាន​ចោល​ការងារ​ដើម្បី​នៅផ្ទះ​មើល​កូន ក៏បាន​ស្ងើចសរសើរ​ចំពោះ​ការលះបង់​របស់​ពូកគេ​ផងដែរ​។​
 
«​ខ្ញុំ​មិន​គិតថា​មនុស្ស​ប្រុស​ដែល​នៅចាំ​ផ្ទះ​គឺ​បរាជ័យ​ក្នុង​ឆាកជីវិត​នោះទេ ការលះបង់​របស់គាត់​បាន​ជួយ​ខ្ញុំ​យ៉ាងច្រើន ហើយ​ខ្ញុំ​ពិតជា​ថ្លែងអំណរគុណ​សម្រាប់​ការគាំទ្រ​របស់គាត់ »​។ នេះ​ជាស​ម្តី​របស់​ស្ត្រី​ម្នាក់​ដែល​បាន​សរសេរ​នៅលើ​គេហទំព័រ ci123.com ក្នុងប្រទេស​ចិន​។ នាង​បាន​បន្ថែមថា គ្រួសារ​ប្រភេទ​នោះ​កាន់​តែមាន​ស្ថិរភាព ហើយ​ទំនាក់ទំនង​រវាង​ប្តី​ប្រពន្ធ​ក៏​កាន់តែ​ចុះសម្រុង​នឹង​គ្នា​។​
 
​សាស្ត្រាចារ្យ​សង្គមវិទ្យា​នៃ​សាលា​វិទ្យាសាស្ត្រ​សង្គម​ធាន​ជី​ង (Tianjin) លោក Zhang Baoyi បាន​ប្រាប់​មក​សារព័ត៌មាន China Youth Daily ថា យើង​ត្រូវ​ទទួលស្គាល់​ការចូលរួមចំណែក​និង​ឲ្យ​តម្លៃ​ដល់​មេផ្ទះ​។ បុរស​កំពុងមាន​ឆន្ទៈ​ចូលរួម​ក្នុង​សកម្មភាព​រស់នៅ​របស់​កូនៗ​ពួកគេ​ឲ្យ​បាន​ច្រើន ដែល​បង្ហាញថា ផ្នត់គំនិត​បុរាណ​រប​ស់​ប្តី​ប្រពន្ធ​បច្ចុប្បន្នកំពុង​មានការ​ផ្លាស់ប្តូរ​។ លោក Zhang បាន​បន្ថែមទៀតថា ចំនួន​ឪពុក ម្តាយ​ដែល​នៅផ្ទះ​មើលថែ​កូន​កំពុង​កើនឡើង​ពីព្រោះ​ពូកគេ​កំពុង​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ទៅលើ​ការអប់រំ​របស់​កូនៗ​ពួកគេ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com