អន្តរជាតិ
លោក មហា​ធៀ ស្ងើចសរសើរ​វឌ្ឍនភាព​និង​ការអភិវឌ្ឍ​របស់​វៀត​ណា​ម​
29, Aug 2019 , 10:35 am        
រូបភាព
នាយករដ្ឋមន្ត្រី មហាធៀ និងសមភាគីវៀតណាម នៅក្រុងហាណូយ ថ្ងៃទី ២៧ សីហា ២០១៩ (Bernama)
នាយករដ្ឋមន្ត្រី មហាធៀ និងសមភាគីវៀតណាម នៅក្រុងហាណូយ ថ្ងៃទី ២៧ សីហា ២០១៩ (Bernama)
ដោយ:
​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក មហា​ធៀ មហាម៉ាត់ បាន​លើកឡើងថា លោក​កោតសរសើរ​ចំពោះ​វឌ្ឍនភាព​និង​ការអភិវឌ្ឍ​ដែល​វៀតណាម​សម្រេចបាន​ដូច​សព្វថ្ងៃនេះ​។ មេដឹកនាំ​ចាស់វស្សា​រូបនេះ ក៏​លើកសរសើរ​ពលរដ្ឋ​វៀតណាម​ទៀតថា ជា​មនុស្ស​ប្រឹងប្រែង​ធ្វើការ និង​រៀន​ឆាប់​ចេះ​នូវ​បច្ចេកវិទ្យា​ទំនើប ដូចជា បញ្ញា​សិប្បនិម្មិត (AI) ជាដើម ហើយ​នេះ​បង្ហាញថា ពួកគេ​ស្រេកឃ្លាន​ភាពជោគជ័យ​។​

​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃទី​២៨ ខែសីហា ក្រោយ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​៣​ថ្ងៃ​នៅ​ប្រទេស​វៀតណាម លោក មហា​ធៀ បញ្ជាក់ថា​៖ «​បច្ចុប្បន្ន យើង​អាច​មើលឃើញ​ទីក្រុង​ហាណូយ​លូតលាស់​យ៉ាង​លឿន​រហ័ស ដោយមាន​អាជីវកម្ម និង​ឧស្សាហកម្ម​ជាច្រើន​។ ហើយ​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ វៀតណាម បាន​អូសទាញ​មហាសេដ្ឋី​ឲ្យ​ធ្វើ​វិនិយោគ​ក្នុង​ឧស្សាហកម្ម​ផលិត​រថយន្ត និង​អភិវឌ្ឍ​បច្ចេកវិទ្យា​ព័ត៌មាន​»​។ 
 
​ប្រជាជន​វៀតណាម​ទទួលជោគជ័យ​ព្រោះតែ​ពួកគេ​ប្រឹងប្រែង​ធ្វើការ និង​រៀនសូត្រ​។ វៀតណាម មាន​សាកលវិទ្យាល័យ​ជាច្រើន ដែល​បង្រៀន​បច្ចេកវិទ្យា AI ដល់​និស្សិត ៥​ម៉ឺន​នាក់​។ លោកនាយក​រដ្ឋមន្ត្រី​វ័យ​៩៤​ឆ្នាំ​រូបនេះ​លើកឡើង​បែបនេះ ដោយ​បន្ថែមថា ពលរដ្ឋ​ម៉ាឡេស៊ី ពុំ​ចង់​សិក្សា​មុខជំនាញ​នេះឡើយ ទោះជា​រដ្ឋាភិបាល​ផ្តល់​អាហារូបករណ៍​ឲ្យ​ពួកគេ​ក្តី​។  លោក​សង្កត់ធ្ងន់​
​ថា​៖ «​ប្រសិនបើ​យើង​មិន​រៀនសូត្រ យើង​នឹង​ក្រីក្រ​»​។​
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Bernama លោក មហា​ធៀ ក៏បាន​រំឭក​ពេល​លោក​បានធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម​កាលពី​ឆ្នាំ​១៩៩៦ អំឡុងពេល​លោក​ជា​នាយករដ្ឋមន្ត្រី​ទី​៤​របស់​ម៉ាឡេស៊ី​។ ត្រង់ចំណុច​នេះ លោក អះអាងថា កាលនោះ វៀតណាម​ដើរ​រ​យឺត​ជាង​ម៉ាឡេស៊ី​ឆ្ងាយ​ណាស់ ហើយ​ប្រជាជន​វៀតណាម មាន​ត្រឹម​កង់​ជិះ​ប៉ុណ្ណោះ​។​
 
«​ពេលនោះ វៀតណាម ពុំមាន​សួន​ឧស្សាហកម្ម ហើយ​យើង​ធ្លាប់បាន​បង្ហាញ​ពួកគេ​អំពី​គំរូ និង​ចែករំលែក​ព័ត៌មាន​។ ឥឡូវនេះ ពួកគេ​ទាក់ទាញ​វិស័យ​ឯកជន​ឲ្យ​បង្កើត​សួន​ឧ​ហ្សា​ហក​ម្ម​មួយ ហើយ​វាទ​ទួលបាន​ជោគជ័យ​។​» លោក មហា​ធៀ បញ្ជាក់​បែបនេះ​៕

Tag:
 ម៉ាឡេស៊ី​
  វៀតណាម​
  មហា​ធៀ
© រក្សាសិទ្ធិដោយ thmeythmey.com