អន្តរជាតិ
ការ​រឹតត្បិត​នៅ​តំបន់​កា​ស្មៀ​រ បង្ក​ឲ្យ​មានការ​តវ៉ា និង​មនុស្ស​របួស​ជាច្រើន​នាក់​
29, Aug 2019 , 3:16 pm        
រូបភាព
​មន្ត្រីជាន់ខ្ពស់​ឥណ្ឌា នៅ​ថ្ងៃទី​២៨ ខែសីហា ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា ការតវ៉ា​បានកើត​ឡើង​យ៉ាងហោចណាស់ ៥០០​ករណី​នៅក្នុង​តំបន់​កា​ស្មៀ​រ ចាប់តាំងពី​ទីក្រុង​ញូវដែលី ដក​ឋានៈ​ស្វ័យភាព​ពិសេស​។ ការតវ៉ា​នេះ​បង្ក​ឲ្យ​ប្រជាជន​ស៊ីវិល​របួស​ជិត​១០០​នាក់ និង​សមត្ថកិច្ច​ជាង​៤០០​នាក់​។ ប៉ុន្តែ អាជ្ញាធរ សន្យាថា នឹង​បង្កើត​ការងារ​ឲ្យ​បាន​៥​ម៉ឺន​កន្លែង​នៅក្នុង​តំបន់​។ 


 
​ជាការ​ពិត​ជ្រលង​ហិមាល័យ ត្រូវបាន​រដ្ឋាភិបាល​ឥណ្ឌា​ដក​ឋានៈ​ស្វ័យភាព​ពិសេស ដើម្បី​យកមក​ដាក់​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ខ្លួន​។ ការអនុវត្ត​របស់រ​ដ្ឋា​ភិ​បាល​ទីក្រុង​ញូវដែលី​បែបនេះ គឺ​កើតឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយពេល​ខ្លួន បាន​រឹតត្បិត​យ៉ាង​តឹងតែង​បំផុង​លើ សេរីភាព​នៃ​ការចេញចូល ប្រព័ន្ធ​ទូរ​សព្ទ និង​សេវា​អ៊ីនធឺណិត ។ កងទ័ព​ជាច្រើន​ម៉ឺន​នាក់ ត្រូវបាន​បញ្ជូនទៅ​តំបន់​កា​ស្មៀ​រ ក្នុង​បំណង​ការពារ​ការបះ​បោរ​ពី​សំណាក់​ក្រុម​ផ្តាច់​ទឹកដី ដែល​បាន​តស៊ូ​តាំងពី​ឆ្នាំ​១៩៨៩ មក​ម្ល៉េះ​។​
 
​ប៉ុន្តែ​ការតវ៉ា​នៅតែ​កើតមាន​ដដែល ជាពិសេស​គឺ​នៅក្នុង​ទីក្រុង Srinagar ប៉ូលិស​បាន​ប្រើ​កាំភ្លើង​ខ្យល់ និង​ឧស្ម័ន​បង្ហូរទឹកភ្នែក ដើម្បី​បំបែកហ្វូង​អ្នក​តវ៉ា​។ 
 
​តាមរយៈ​ប្រភព​មន្ត្រីជាន់ខ្ពស់​របស់​ឥណ្ឌា យ៉ាងហោចណាស់​មាន​បាតុកម្ម​៥០០​ករណី​កើតឡើង និង​មានការ​ចោល​ដុំថ្ម​តាំងពី​ថ្ងៃទី​៥ ខែសីហា មក​ម្ល៉េះ ហើយ​ភាគច្រើន​កើតឡើង​នៅក្នុង​ទីក្រុង Srinagar​។ ការតវ៉ា​នេះ​ ធ្វើ​ឲ្យ​ប្រជាជន​ស៊ីវិល​រងរបួស​ជិត ១០០​នាក់ ហើយ​ប៉ូលិស​៣០០​នាក់ និង​កងរាជអាវុធហត្ថ​ជាង​១០០​នាក់ ត្រូវ​រងរបួស​ស្រាល​។ ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ប្រភព​ដដែល​លើកឡើងថា តួលេខ​នៃ​ការតវ៉ា ប្រហែល​ជាធំ​ជាង​នេះ និង​ខ្ពស់ជាង​នេះ ប្រសិនបើ​គ្មាន​ការទប់ស្កាត់​ពី​កម្លាំងប្រដាប់អាវុធ​។ 
 
​ជីវិត​ទាំងអស់​នៅក្នុង​តំបន់​កា​ស្មៀ​រ គឺមាន​តម្លៃ​សម្រាប់​យើង​។ នេះ​ជា​អ្វីដែល​លោក Satya Pal Malik អ្នកគ្រប់គ្រង​នៅ​តំបន់ Jammu និង Kashmir បាន​និយាយបាន​ទីភ្នាក់ងារសារព័ត៌មាន AFP​។ ទន្ទឹម​ជាមួយគ្នានេះដែរ លោក​បាន​បន្ថែមទៀតថា ការ​រឹតត្បិត​គឺមាន​សារៈសំខាន់​ណាស់ ព្រោះ​វា​មិន​បង្ក​អោយ​ប្រជា​ជា​ស្លាប់​ទេ ហើយ​មាន​មនុស្ស​តែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​របួស​នៅពេល​ធ្វើ​ការតវ៉ា ហើយ​អ្នក​ទាំងនោះ​សុទ្ធតែ​រងរបួស​ស្រាល​។ 

​យ៉ាងណាមិញ ទីភ្នាក់ងារសារព័ត៌មាន AFP បាន​និយាយ​ទៅកាន់​គ្រួសារ​របស់​អ្នកស្លាប់ ៣​នាក់ ហើយ​ពួកគេ​បាន​ចោទ​កម្លាំង​សន្តិសុខ​ថា បាន​ប្រើ​អំពើហិង្សា​លើ​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​នៅពេល​បំបែកហ្វូង​បាតុកម្ម និង​ធ្វើ​ឲ្យ​យុវជន​ម្នាក់ទៀត លង់ទឹក​ស្លាប់​ពេល​ប៉ូលិស​កំពុង​ដេញចាប់​។ 
 
​យ៉ាងណាក៏ដោយ លោក Malik សន្យា​រក្សា​អត្តសញ្ញាណ ភាសា វប្បធម៌ និង​កេរមរតក​នៅក្នុង​តំបន់​កា​ស្មៀ​រ​ឲ្យ​បាន ជាពិសេស​គឺ​បង្កើត​ការងារ ៥​ម៉ឺន​កន្លែង​សម្រាប់ ២ ឬ​៣​ខែ​ខាងមុខ​ទៀត​។​
 
​សូមបញ្ជាក់ថា បញ្ហា​​តំបន់​កា​ស្មៀ​រ​នៅតែមាន​សភាព​តានតឹង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដោយសារតែ​ការដក​ឋានៈ​ស្វ័យភាព​ពិសេស ​របស់​រដ្ឋាភិបាល​ទីក្រុង ញូវដែលី ដែល​បង្ក​ឲ្យ​មានការ​រិះគន់​ពី​ប៉ា​គី​ស្ថាន និង​ចិន​។  ដោយឡែក​សម្រាប់​ស្ថានភាព​នៅ​ទីក្រុង Srinagar ប្រជាជន​នៅតែ​បដិសេធ​ការចាប់ផ្តើម​រស់នៅ​ជាធម្មតា​របស់គេ ខណៈពេល​អាជ្ញាធរ​បាន​បើក​សាលារៀន ប៉ុន្តែ​សិស្ស​នៅតែ​មិន​ចូល​សាលា​។ រីឯ​ហាង​លក់ទំនិញ​មួយចំនួន ​នៅតែ​បិទ​ដដែល​៕

Tag:
 ​ឥណ្ឌា​
  កា​ស្មៀ​រ​
© រក្សាសិទ្ធិដោយ thmeythmey.com