អន្តរជាតិ
ចិន បដិសេធ​ការចូល​ចត​នាវា​អាមេរិក​ជាថ្មីទៀត ចំពេល​កំពុងមាន​ភាព​តានតឹង​
29, Aug 2019 , 4:27 pm        
រូបភាព
ឆ្នេរសមុទ្រទីក្រុងឈីងតាវ ជាទីដែលចិនបដិសេធសំណើសុំចូលចតរបស់នាវាអាមេរិក។ រូបភាព AFP
ឆ្នេរសមុទ្រទីក្រុងឈីងតាវ ជាទីដែលចិនបដិសេធសំណើសុំចូលចតរបស់នាវាអាមេរិក។ រូបភាព AFP
​ដោយ៖ ឈួន ឈី​វ​អ៊ីង​
 
​ជាថ្មី​ម្ដងទៀត ចិន​បាន​ច្រានចោល​ចំពោះ​សំណើ​របស់​នាវាចម្បាំង​អាមេរិក​ដើម្បី​ចូល​សំចត​នៅ​កំពង់ផែ ឈី​ង​តាវ (Qingdao) ។ នេះ​បើតាម​ការលើកឡើង​រប​ស់ម​ន្ត្រី​ក្រសួងការពារជាតិ​អាមេរិក​នៅ​ថ្ងៃទី​២៨ ខែសីហា​។ ការបដិសេធ​របស់​ចិន ធ្វើឡើង​ចំពេល​ភាព​តានតឹង​កំពុង​កើនឡើង រវាង​មហាអំណាច​ទាំងពីរ​លើ​ផ្នែក​ពាណិជ្ជកម្ម និង​បាតុកម្ម​នៅ​ហុងកុង​។


 
​លោក Randall Schriver ជា​ឧបការី​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​ទទួលបន្ទុក​នៅ​អាស៊ី បាន​និយាយថា ថ្មីៗ​នេះ អាមេរិក​បានទទួល​ពាក្យ​បដិសេធ​ដែលថា ចិន​មិនអាច​ទទួល​នាវាចម្បាំង​អាមេរិក​ជា​ភ្ញៀវ​នៅឯ​កំពង់ផែ ឈី​ង​តាវ (Qingdao)​។ នេះ​ជាការ​បដិសេធ​លើក​ទី​ពីរ​របស់​ចិន​ក្នុង​ខែ​នេះ ដែល​លើក​មុន​គឺ​ការទាត់ចោល​សំណើ​ចូល​ចត​នៅ​ហុងកុង​។ 
 
​ទោះជា​យ៉ាងណា លោក Schriver អះអាងថា សហរដ្ឋអាមេរិក​សង្ឃឹម​ថា នឹង​អាច​រៀបចំ​ពេលវេលា​សុំ​សំចត​នាវា​នេះ​ម្តងទៀត ព្រោះ​យោធា​នៃ​ប្រទេស​ទាំងពីរ​គួរតែ​ព្យាយាម​ជំរុញ​ការសម្របសម្រួល​គ្នា និង​បង្កើត​វិធានការ​សុវត្ថិភាព​ផងដែរ​។ ប៉ុន្តែ អាមេរិក​នៅតែមាន​ការ​ព្រួយបារម្ភ​ជុំវិញ​បញ្ហា​យោធា​របស់​ចិន​ទៅលើ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង និង​ការបង្ក្រាប​ក្រុម​អ្នកប្រឆាំង​នៅ​ហុងកុង​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ពត៌មាន AFP ។ 
 
​ការទាត់ចោល​របស់​ក្រុង​ប៉េកាំង​លើ​ការសុំ​ចូល​ចត​ជា​បន្តបន្ទាប់​នេះ កើតឡើង​ស្រប​ពេលដែល​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម កើនឡើង​មិន​ឈប់ឈរ​រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទាំង​២​ក្នុង​ពិភពលោក​។ លោក ដូ​ណា​ល់ ត្រាំ ទាមទារ​ឲ្យ ប៉េកាំង​បញ្ឈប់​ការ​លួច​កម្ម​សិទ្ធ​បញ្ញា និង​ទិញ​ផលិតផល​អាមេរិក​បន្ថែម​។​
 
​កាលពី​សប្តាហ៍​មុននេះ លោក​ត្រាំ បានប្រកាស​យក ប្រធានាធិបតី​ចិន លោក​ស៊ី ជីន​ពីង ធ្វើជា​សត្រូវ​និង​ប្រកាស​ដំឡើង​ពន្ធ​នាំចូល ៥៥០​ពាន់​លាន​ដុល្លារ​អាមេរិក មុនពេល​និយាយថា​នឹងមាន​ការចរចា​ក្នុងពេល​ឆាប់​នេះ​៕

© រក្សាសិទ្ធិដោយ thmeythmey.com