អន្តរជាតិ
ចិន បង្ហាញ​គំរោង​ធ្វើ​ព្យុហយាត្រា​យោធា​ដ៏​ធំជាងគេ​បំផុត​
29, Aug 2019 , 10:39 pm        
រូបភាព
ប្រធានាធិបតី ស៊ី ជិនពីង
ប្រធានាធិបតី ស៊ី ជិនពីង
​មន្ត្រី​រដ្ឋាភិបាល​ចិន​នៅ​ថ្ងៃទី​២៩ ខែសីហា បានប្រកាសថា ចិន​នឹងធ្វើ​ព្យុហយាត្រា​យោធា ជាមួយនឹង​ការដាក់​បង្ហាញ​គ្រឿង​សព្វាវុធ​ដ៏​ទំនើប​ជាងគេ​បំផុត​របស់ខ្លួន ដើម្បី​ប្រារព្ធ​ខួប​នៃ​ការចាប់​កំណើត​រដ្ឋ​កុំម្មុយនិស្ត​លើក​ទី​៧០​នេះឡើយ​។


 
​ការ​ប្រារព្ធ​ខួប​លើក​នេះ​គឺ​ស្រប​ជាមួយ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក ខណៈពេល​នាវា​របស់​ប្រទេស​ទាំងពីរ​កំពុងដណ្តើម​ឥទ្ធិពល​គ្នា​នៅក្នុង​អាស៊ី​អា​គ្នេ​ណ៍​។ ជាពិសេស​បូករួម ជាមួយនឹង​ការធ្វើ​បាតុកម្ម​ឥត​ស្រាក​ស្រា​ន​នៅ​ទីក្រុង​ហុងកុង​។ 
 
​តាមរយៈ​ការធ្វើ​ស​ន្និសិទ​កាសែត​នៅ​ថ្ងៃទី​២៩ ខែសីហា លោក​មេបញ្ជាការ Cai Zhijun និយាយថា​៖« ពួកយើង​ចង់​ចង្អុល​បង្ហាញថា ព្យុហយាត្រា​យោធា​នេះ នឹងមិន​ដាក់​គោលដៅ​លើ​ប្រទេស ឬ​តំបន់ និង​ឧបទ្ទវហេតុ​ណាមួយ​ឡើយ​»​។ ក្នុងនេះ​ន័យ លោក​ចង់​បញ្ជាក់ថា ទំហំ​នៃ​ព្យុហយាត្រា​ដ៏​ធំ​បែបនេះ មិនមែនជា​សញ្ញា​នៃ​ការឈ្លានពាន​ទេ ប៉ុន្តែ​សញ្ញា​នៃ​ការចូលរួម​ថែរក្សា​សន្តិភាព​ពិភពលោក និង​ស្ថេរភាព​នៅក្នុង​តំបន់​។ សមាជិក​សេនាធិការ​កងទ័ព​ចិន​រូបនេះ បាន​បន្ថែមទៀតថា ព្យុហយាត្រា​មួយ​នេះ នឹងមាន​ដាក់​បង្ហាញ​អាវុធ​ទំនើប​ខ្លះៗ​ជា​លើកដំបូង​។​
 
​យ៉ាងណាមិញ បើតាម​លោក Wang Xiaohui  អនុប្រធាន​ប្រតិបត្តិ​នៃ​ក្រសួង​សាធារណៈ នៃ​បក្ស​កុំម្មុយនិស្ត​ចិន អះអាងថា ប្រធានាធិបតី ស៊ី ជិន​ពីង នឹង​ថ្លែង​សុន្ទ​កថា​មួយ​ដ៏​សំខាន់​ទៅ​ប្រជាជាតិ​។ ចំណែកឯ​កម្មវិធី​ផ្សេងទៀត​មាន​ជា​អា​ថិ៍ ការប្រគុំ​តន្ត្រី ការបង្ហាញ​ឯកសារ​ចាស់ៗ ការបាញ់​កាំជ្រួច ការប្រគល់រ​ង្វ​ន់ ជាដើម​។ 
 
​ជាការ​ពិត នៅ​ថ្ងៃទី​១ ខែតុលា ចិន​នឹងធ្វើ​ព្យុហយាត្រា​ដ៏​ធំជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន ដើម្បី​រំលឹក​ថ្ងៃ ដែល​បក្ស​កុំម្មុយនិស្ត​បាន​គ្រប់គ្រង​ចិនដីគោក​ទាំងមូល​តាំង​ឆ្នាំ​ពី​ឆ្នាំ​១៩៤៩​មក​។ 
​សូមបញ្ជាក់ថា ការធ្វើ​ព្យុហយាត្រា​គឺមាន ២​ដង​ធំជាងគេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ចិន​។ លើកទីមួយ គឺ​នៅពេល​បញ្ជ​ប់​សង្គ្រាមលោកលើកទី​២​។ លើក​ទី​២ គឺ​នៅពេល​ប្រារព្ធ​ខួប​លើក​ទី​៦០​ឆ្នាំ​។ ប៉ុន្តែ​មន្ត្រី​យោធា​បាន​បញ្ជាក់ថា វា​ធំ​ជាង​ពេលណាៗ​ទាំងអស់ ឬ​អាចនិយាយបាន​វា​ធំ​ជាង​ពីរលើក​ខាងលើ​ទៅទៀត​។​
 
​មែនទែនទៅ ការ​ប្រារព្ធ​ពិធី​ដ៏​អធិកអធម​បែបនេះ ខណៈពេល​បាតុកម្ម​នៅ​ទីក្រុង​ហុងកុង​កំពុងតែ​ឡើងក​ម្តៅ បូករួម​ជាមួយនឹង​សង្គ្រាម​ពាណិជ្ជកម្ម និង​ការដណ្តើម​ឥទ្ធិពល​គ្នា​ជាមួយ​អាមេរិក​នៅក្នុង​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​៕

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com