អន្តរជាតិ
ចិន​និង​ហ្វីលីពីន អាចមាន​គម្រោង​អភិវឌ្ឍ​រួមគ្នា​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​
30, Aug 2019 , 8:39 pm        
រូបភាព
​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង នៅ​ពី​ថ្ងៃទី​២៩ ខែសីហា លើកឡើងថា ចិន និង​ហ្វ៊ី​លី​ពី​ន​អាច​ជ្រើស​យក «​ជំហាន​ដ៏​ធំ​មួយ​» ក្នុងការ​អភិវឌ្ឍ​រួមគ្នា​លើ​ធនធាន​ប្រេង និង​ឧស្ម័ន​ធម្មជាតិ​នៅក្នុង​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ប្រសិនបើ​ហ្វីលីពីន​អាច​គ្រប់គ្រង​ជម្លោះ​អធិបតេយ្យភាព​បាន​ត្រឹមត្រូវ​។


 
​ចិន និង​ហ្វីលីពីន អាចឈាន​ជំហាន​ដ៏​ធំ​ក្នុងការ​អភិវឌ្ឍ​រួមគ្នា​លើ​ដែនទឹក​សមុទ្រ​ចិន​ខាងត្បូង ដែលមាន​ផ្ទុក​ធនធាន​ប្រេង និង​ឧស្ម័ន​។ នេះ​ជា​អ្វី ដែល​លោក​ប្រធានាធិបតី ស៊ី ជិន​ភីង បានលើកឡើង​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ នៅ​ទីក្រុង​ប៉េកាំង​នៅ​ថ្ងៃទី​២៩ ខែសីហា​។ នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​ប្រាំ​របស់លោក ឌូ​ទើ​តេ ទៅកាន់​ទឹកដី​ចិន​។ 
​ជាការ​ពិត ដំណើរ​ទស្សនកិច្ច​រប​ស់​ប្រធានាធិបតី​ហ្វីលីពីន​ទៅ​ដឹកនាំ​ចិន​លើក​នេះ គឺ​ចំពេល​បរិបទ​ចម្រូងចម្រាស​ជាអាទិ៍​ការរុករក​ថាមពលរ​បស់​ទូក​ចិន​ន​នៅក្នុង​ដែនទឹក​មាន​ជម្លោះ​រវាង​វៀតណាម ម៉ាឡេស៊ី និង​ហ្វីលីពីន និង​ការចោទប្រកាន់​របស់​អា​មេ​រិ​ក​ទៅលើ​ចិន​ថា បាន​ឈាន​ពាន​ដែនទឹក​វៀតណាម​។ ប៉ុន្តែ​ហ្វីលីពីន​ក្នុង​អាណត្តិ​លោក ឌូ​ទើ​តេ មាន​ជំហរ​ទន់ភ្លន់​ច្រើន​ជាមួយ​ចិន​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​។​
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន Reuters ប្រធានាធិបតី​ចិន​វ័យ​៦៦​ឆ្នាំ​រូបនេះ បាន​ជំរុញ​ឲ្យ​ភាគី​ទាំងពីរ ទុក​បញ្ហា​ជម្លោះ​នៅ​ម្ខាង និង​ផ្តោតទៅលើ​ការធ្វើ​សហប្រតិបត្តិការ កិច្ចខិតខំ​ប្រឹង​ប្រឹង និង​ស្វែងរក​ការអភិវឌ្ឍ​។ ទីភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua បាន​ស្រង់ពាក្យ​សម្តី​របស់លោក ស៊ី ថា​៖ «​រហូតដល់​ភាគី​ទាំងសងខាង​អាច​គ្រប់គ្រង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​បាន​ត្រឹមត្រូវ នោះ​បរិយាកាស​នៃ​ទំនាក់ទំនង​ទ្វេភាគី​នឹង​ល្អប្រសើរ ចំណែក​ទំនាក់​ទំនងជា​មូលដ្ឋាន​នឹងមាន​ស្ថិរភាព​។ ជាពិសេស សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់​នឹងត្រូវ​បាន​ធានា​។​» 
 
​វា​ប្រាកដជា​រឿង​ពិបាក​ណាស់​ក្នុងការ​ធ្វើ​ឲ្យ​ដូច​ទៅនឹង​សម្តី​របស់​ប្រធានាធិបតី​ចិន​លើកឡើង​ខាងលើ ព្រោះ​ប្រទេស​ទាំងពីរ​បានទាមទារ​យុត្តាធិការ​ផ្តាច់មុខ​លើ​កោះ Reed Bank ដែលជា​កន្លែង​ស្តុក​ប្រេង និង​ឧស្ម័ន​ធម្មជាតិ​យ៉ាងសំខាន់​។ 
 
​យ៉ាងណាមិញ​សម្រាប់​ការអភិវឌ្ឍ​រួមគ្នា​នេះ ហ្វ៊ី​លី​ពី​ន​បានស្នើ​សុំ​៦០​ភាគរយ​នៃ​ធនធានធម្មជាតិ ដែល​ខ្លួន​ទទួលបាន ខណៈពេល​ចិន​ទទួលបាន​៤០%​ប៉ុណ្ណោះ​។ 
 
​សូមបញ្ជាក់ថា​កាលពី​ឆ្នាំ​២០១៦ ហ្វ៊ី​លី​ពី​ន​បានដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​ម​ជ្ឈ​កម្ម​អន្តរជាតិ ដើម្បី​ទាមទារ​សមត្ថកិច្ច​លើ​ដែនទឹក ដែល​កំពុងមាន​ជម្លោះ តែ​ចិន​ច្រានចោល​យុត្តាធិការ​របស់​តុលាការ​។ ទាក់ទង​នឹង​បញ្ហា​នេះ ប្រធានាធិបតី ឌូ​ទើ​តេ បានចាប់ផ្តើម​ខិត​ទៅរក​ចិន​បន្តិច​ម្តងៗ ដែលជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការដាក់​សម្ពាធ​ពី​សំណាក់​ប្រជាជន​ក្នុងស្រុក​យ៉ាងខ្លាំង ប៉ុន្តែ​ហ្វីលីពីន​ទទួលបាន​ផលប្រយោជន៍​ច្រើន​ពី​ការ​ងាក​ទៅ​ចិន​នេះ​៕
 

Tag:
 ស៊ី ជិន​ពីង​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com