ជាតិ
លទ្ធផល​បឋម​នៃ​ជំរឿន​ឆ្នាំ ២០១៩ គឺជា​ក្តីសង្ឃឹម​សម្រាប់​ការអភិវឌ្ឍ​នៅ​កម្ពុជា​
31, Aug 2019 , 11:59 am        
រូបភាព
ដោយ: ថ្មីៗ
​លទ្ធផល​បឋម​នៃ​ជំរឿន​ឆ្នាំ ២០១៩ ដែលជា​ការធ្វើជំរឿន​លើក​ទី​៣ តាំងពី​ឆ្នាំ ១៩៩៨ មក  បានផ្តល់​នូវ​ក្តីសង្ឃឹម​ជាច្រើន​សម្រាប់​ការអភិវឌ្ឍ​នៅ​ប្រទេស​កម្ពុជា​។ ជំរឿន​លើក​នេះ​បាន​ជួយ​ពង្រឹងគុណភាព​ទិន្នន័យ​ជំរឿន​ធ្វើ​កន្លងៗ​មក ដែល​កម្ពុជា​អាច​ប្រើប្រាស់ ជា​ជំនួយ​ក្នុង​វិស័យ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​បាន​កាន់តែ​ប្រសើរ​ថែមទៀត​។ រាជរដ្ឋាភិបាល​កម្ពុជា នឹង​អាច​ប្រើប្រាស់​ទិន្នន័យ​បណ្តោះអាសន្ន​នេះ តាក់តែង​គោលនយោបាយ ក្នុង​គោលដៅ​បង្កើន​កិច្ចអភិវឌ្ឍន៍​ប្រកបដោយ​សមភាព និង​មាន​លក្ខណៈ ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង​។​

 
​ទោះជា​ការចេញផ្សាយ​លទ្ធ​ផល​បឋម បានបង្ហាញ​ទិន្នន័យ​ប្រជាសាស្ត្រ​មិនទាន់​លំអិត​យ៉ាងណាក៏ដោយ យើង​ក៏​អាច​ប្រើប្រាស់​លទ្ធផល​នេះ ជា​មូលដ្ឋាន​សម្រាប់​ចង្អុល​ផ្លូវ​ទៅរក​ការអភិវឌ្ឍ​នា​ឆ្នាំ​បន្តបន្ទាប់​បានដែរ ក្នុងពេលដែល​យើង​កំពុង​រង់ចាំ​លទ្ធផល​ដែលមាន​លក្ខណៈ​វិភាគ​ស៊ីជម្រៅ​នៅ​ឆ្នាំក្រោយ​។ 
 
​ផ្អែក​តាម​ជំរឿន ២០១៩ ប្រជាជន​កម្ពុ​ជាមាន​ចំនួន ១៥,២៨៨,៤៨៩ នាក់ កើនឡើង​ចំនួន ១,៨៩២,៨០៧ ពី​ឆ្នាំ ២០០៨​។ តួលេខ​នេះ​បញ្ជាក់ថា អត្រាកំណើន​មាន ១៤.១ ភាគរយ ឬ​មានន័យថា អត្រាកំណើន​ប្រចាំឆ្នាំ​គឺ ១.២​ភាគរយ​។ អត្រាកំណើន​នេះ​មាន​ទំនោរ​ធ្លាក់ចុះ​ជា​បន្តបន្ទាប់ ដែលមាន ២.១ ភាគរយ​ក្នុង​ឆ្នាំ ១៩៩៨ មក​នៅ ១.៥​ភាគរយ ក្នុង​ឆ្នាំ ២០០៨​។ ការធ្លាក់ចុះ​នៃ​អត្រាកំណើន​ប្រជាជន បណ្តាលមកពី​ការធ្លាក់ចុះ​នៃ​អត្រា​លទ្ធភាព​បង្ក​កំណើត និង​ការធ្វើ​ចំណាកស្រុក​របស់​ប្រជាជន​ទៅ​ប្រទេសជិតខាង​។​
 
​ការធ្លាក់ចុះ​នៃ​អត្រា​លទ្ធភាព​បង្ក​កំណើត បានបង្ហាញ​ពី​សមិទ្ធិផល​នៃ​គោលនយោបាយ​របស់ រាជរដ្ឋាភិបាល ដោយ​គោរព​គោលការណ៍​សិទ្ធិ​របស់​បុគ្គល ជាជាង​ការកំណត់​ចំនួន​កូន​។ គោ​លន​យោ​យ​បាយ​នេះ ផ្អែកលើ​សិទ្ធិ​នៃ​ជម្រើស​របស់​ស្ត្រី ថា​តើ​គួរ​មានកូន​នៅពេលណា និង​ប៉ុន្មាន​នាក់ ព្រមទាំង​លើកកម្ពស់​ការអប់រំរ​បស់​ស្ត្រី​ដោយ​ផ្តល់នូវ​សេវា​សុខភាព​បន្ត​ពូជ​ប្រកបដោយ​គុណភាព ព្រមទាំង​ការពន្យារ​កំណើត និង​សិទ្ធិអំណាច​របស់​ស្ត្រី​ក្នុងការ​សម្រេចចិត្ត​ដោយ​ផ្អែកលើ​ព័ត៌មាន​ត្រឹមត្រូវ និង​ជាក់លាក់​។​
 
​កម្ពុជា គឺជា​ប្រទេសមួយ​ដែល​តស៊ូ​មតិ និង​គាំំ​ទ្រ​សិទ្ធិ​នៃ​សុខភាព​បន្ត​ពូជ​។ យើង​អាច​មើលឃើញ​តាមរយៈ​គោលនយោបាយ​ជាតិ​នានា ជាពិសេស​គោលនយោបាយ​ជាតិ​ប្រជាជន​ឆ្នាំ ២០១៦ - ២០៣០ ដែល​ស្របទៅនឹង​គោលការណ៍​ផែនការ​សកម្មភាព​នៃ​សន្និសីទ​អន្តរជាតិ​ស្តីពី​ប្រជាជន និង​ការអភិវឌ្ឍ​ឆ្នាំ ១៩៩៤ ទទួលស្គាល់ថា ស្ត្រី និង​គូស្រករ​ទាំងអស់ មាន​សិទ្ធិ​ជ្រើសរើស​ចំនួន​កូន និង​គួរ​មានកូន​នៅពេលណា​។​
 
​អត្រា​លទ្ធភាព​បង្ក​កំណើត​ធ្លាក់ចុះ បាន​បង្ហាញថា ប្រទេស​កម្ពុជា​កំពុងស្ថិត​ក្នុងដំណាក់កាល​នៃ​ឱកាស​ទាញយក​ភាគលាភ​ពី​ប្រជាសាស្ត្រ ដែល​មានន័យថា ចំនួន​ប្រជាជន​សិ្ថ​ត​ក្នុង​វ័យ​ពេញកម្លាំង​ធ្វើការ មាន​ចំនួន​ច្រើនជាង​ប្រជាជន​ក្នុងបន្ទុក (​វ័យក្មេង និង​វ័យ​ចំណាស់​)​។ នេះ​គឺជា​សក្តានុពល​ដែល​កម្ពុជា​អា​ចព​ន្លឿ​ន​វិស័យសេដ្ឋកិច្ច​តាមរយៈ​ការវិនិយោគ​ក្នុង ការអប់រំ សុខាភិបាល និង​ឱកាស​សេដ្ឋកិច្ច ជាដើម ពីព្រោះ​ធនធាន​មាន​កាន់តែ​ច្រើនឡើងៗ​។​
 
​នៅពេល​លទ្ធភាព​បង្ក​កំណើត​មានការ​ធ្លាក់ចុះ គ្រួសារ​ចាប់ផ្តើម​មានកូន​តិចជាង​មុន​។ កំណើន​នៃ​អត្រា​ប្រជាជន​សកម្ម​ធៀប​នឹង​ប្រជាជន​អសកម្ម (​វ័យក្មេង និង​វ័យ​ចំណាស់​) បានផ្តល់​ឱកាស​ឱ្យ​កម្ពុជា​អា​ចព​ន្លឿ​ន​កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ទូទៅ​បាន​ប្រសើរ ដោយសារ ប្រជាជន​ពេញកម្លាំង​មាន​ចំនួន​ច្រើន​។ ឯ​ការវិនិយោគ​លើ​សុខភាព និង​ការអប់រំ​របស់​កូនៗ​កាន់តែ​ច្រើនឡើងៗ ព្រោះ​គេ​គ្មាន​អ្នក​នៅក្នុង​បន្ទុក​ដែល​ត្រូវ​ចំណាយ​បន្ថែមទៀត ដូចនេះ​គេ​អាច​សន្សំ​ថវិកា​សម្រាប់​ការវិនិយោគ​នៅ​ថ្ងៃ​អនាគត​បាន​។​
 
​ប្រទេសមួយ អាច​ទាញយក​អត្ថប្រយោជន៍​ពី​បំលាស់ប្តូរ​នៃ​បម្រែបម្រួល និង​ភាគលាភ​ប្រជាសាស្ត្រ​បាន លុះត្រាតែ​ប្រទេស​នោះបាន​វិនិយោគ​លើ​ធនធានមនុស្ស​ជា​ចាំបាច់​។​
 
​នៅពេលដែល​ប្រជាជន​វ័យ​ពេញកម្លាំង​ធ្វើការ​បានទទួល​ការអប់រំ​ល្អ មាន​ជំនាញ​ត្រឹមត្រូវ និង​មាន​ការងារ​សមស្រប ពេលនោះ​ភាពលំអៀង​ក្នុង​បញ្ហា​យេនឌ័រ​គ្រប់​ទម្រង់ និង វិសមភាព​យេនឌ័រ មិន​កើតមាន​ក្នុងសង្គម​នោះទេ​។​
 
​ទាំងនេះ​អាចបង្កើត​បរិយាកាស​ស​ម្រា​ប់​ការវិនិយោគ រួមទាំង ការវិនិយោគ​ក្នុងស្រុក និង​វិនិយោគ​ការបរទេស​ដោយផ្ទាល់ ក្នុង​វិស័យ​សុខាភិបាល ការអប់រំ ការបង្កើត​ការងារ អភិបាលកិច្ច និង​ការផ្តល់អំណាច​ដល់​ស្ត្រី ដើម្បី​ឈានទៅរក​កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ប្រកបដោយ​ស្មើភាព និង​សម្រាប់​ទាំងអស់គ្នា​។​
 
​ពេលដែល​កម្ពុជា​ឆ្ពោះទៅ​សម្រេច​គោលដៅ​ពោរពេញ​ដោយ​មហិច្ឆតា​របស់ខ្លួន ដើម្បី​ក្លាយជា​ប្រទេស​មាន​ចំណូល​សេដ្ឋកិច្ច​មធ្យម​នា​ឆ្នាំ ២០៣០ ការធ្វើ​បច្ចុប្បន្នភាព​ទ​និ្ន​ន័យ នឹង​អាច​ផ្តល់ ឱកាស​ដល់​ប្រទេស​នេះ​ពង្រឹង​គោលនយោបាយ​ដោយ​ផ្អែកលើ​សិទ្ធិ​ជា​មូលដ្ឋាន និង​មាន​លក្ខណៈ​ស៊ីជម្រៅ និង​គ្រប់​ជ្រុងជ្រោយ ដើម្បី​ទទួលបាន​នូវ​ផលប្រយោជន៍​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។ 
 
​ក្នុងឱកាស​ខួប​លើក​ទី​២៥ នៃ​ផែនការ​សកម្មភាព​សន្និសីទ​អន្តរជាតិ​ស្តីពី​ប្រជាជន និង​ការអភិវឌ្ឍ ការចេញផ្សាយ​លទ្ធផល​បឋម​នៃ​ជំរឿន​ឆ្នាំ ២០១៩ គឺជា​ពេលវេលា​ដ៏​សមស្រប ដើម្បី ក្រើនរំលឹក​អំពី​សារៈសំខាន់​គោលការណ៍​មូលដ្ឋាន​នៃ​សិទ្ធិ និង​ជម្រើស ក្នុង​ដំណើរការ​អនុវត្ត​ផែនការ​សកម្មភាព​អ​ភ​វិ​ឌ្ឍ​ន៍​ឆ្ពោះទៅ​សម្រេច​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព នា​ឆ្នាំ ២០៣០ ដែល​ពិភពលោក​បាន​សន្យាថា នឹងមិន​ទុក​នរណាម្នាក់​ចោល​ឡើយ​។ 
 
​លោកស្រី Rizvina de Alwis  គឺជា​តំណាង​ប្រចាំ​ប្រទេស​នៃ​មូលនិធិ​សហប្រជាជាតិ​សម្រាប់​ប្រជាជន (UNFPA)  ដែលជា​ស្ថាប័ន​អង្គការសហប្រជាជាតិ មាន​គោលដៅ​លើកកម្ពស់​សុខភាព​បន្ត​ពូជ និង​ផ្លូវភេទ ដែល​កំពុង​គៀងគរ​កិច្ចប្រជុំ​កំពូល​សន្និសីទ​អន្តរជាតិ​ស្តីពី ប្រជាជន និង​ការអភិវឌ្ឍ​នៅ​ទីក្រុង​ណៃ​រ៉ូ​ប៊ី នៅ​ខែ វិច្ឆិកា ខាងមុខនេះ ជាមួយនឹង​រដ្ឋាភិបាល​កេ​ន​យ៉ា និង​ឌែ​ណឺ​ម៉ាក​។​
 
​ដោយ​លោកស្រី Rizvina de Alwis  តំណាង​ប្រចាំ​ប្រទេស​នៃ​មូលនិធិ​សហប្រជាជាតិ​សម្រាប់​ប្រជាជន UNFPA នៅ​កម្ពុជា

© រក្សាសិទ្ធិដោយ thmeythmey.com