ជាតិ
ក្រសួង​នឹង​បង្កើត សន្ទានុក្រម​មុខម្ហូប​ចិន ដើម្បី​ពង្រឹងគុណភាព​សេវា​ម្ហូបអាហារ​ចិន
01, Sep 2019 , 9:29 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកក្រសួងទេសចរណ៍
រូបភាពពីហ្វេសប៊ុកក្រសួងទេសចរណ៍
​ភ្នំពេញ​៖ ក្រសួងទេសចរណ៍​គ្រោង​បង្កើត សន្ទានុក្រម​ម្ហូប​ចិន ដើម្បី​ពង្រឹងគុណភាព​សេវា​ម្ហូបអាហារ​ចិន​និង សម្រាប់​សម្រួល​ដល់​អា​ជី​កម្ម​ទេសចរណ៍​នៅតាម​មូលដ្ឋាន ដែល​បម្រើសេវា​ម្ហូបអាហារ​ចិន​។


 
​លោក តុ​ប សុភ័ក អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការបង្កើត​សន្ទានុក្រម​មុខម្ហូប​ចិន​នេះ ដោយសារ​កន្លងមក​នៅ​តាម​អាហារ​ដ្ឋា​ន​មានការ​ខុសឆ្គង ក្នុងការ​សរសេរ​ឈ្មោះ​មុខ​ម្ហូ​ម​អាហារ​និង​មិនទាន់មាន​បញ្ជី​ឈ្មោះ​ត្រឹមត្រូវ ទើប​ក្រសួងទេសចរណ៍ សហការ​ជាមួយ​ស្ថានទូត​ចិន​នៅ​កម្ពុជា និង​ចុងភៅ​កម្ពុជា រួមទាំង​ភាគី​ពាក់ព័ន្ធ ពិភាក្សាគ្នា​បង្កើត​ឲ្យ​មាន​សន្ទានុក្រម​ម្ហូបអាហារ​ចិន​។ បើតាម​លោក សុភ័ក ស​ន្ទា​ន​នុ​ក្រម​មុខម្ហូប​ចិន​នេះ មាន​ខ្លឹមសារ​ជា​ភាសា​ខ្មែរ អង់គ្លេស និង​ភាសា​ចិន​។ 
 
​បន្ថែម​ពីនេះ​លោក មាន វ៉ាន់​ដេ​ត ប្រធាន​នាយកដ្ឋាន​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ នៃ​ក្រសួងទេសចរណ៍ ដែលជា​អ្នករៀបចំ​គម្រោង​នេះ បាន​បញ្ជាក់ថា ក្រៅពី​សន្ទានុក្រម​នេះ ក្រសួង​ក៏​នឹងធ្វើ​បច្ចុប្បន្នភាព​មុខម្ហូប​ថ្មី បន្ថែមទៀត ទៅតាម​ការវិវត្ត​សង្គម និង​ការរីកចម្រើន​នៃ​វិស័យ​ម្ហូបអាហារ និង​ភេសជ្ជៈ​ផងដែរ​។ 
 
«​ការបង្កើត​ស​ន្ទា​ន​នុ​ក្រម​មុខម្ហូប​នេះ គឺ​ផ្តោត​សំខាន់​លើ​មុខម្ហូប​ចិន ហើយ​ក៏មាន​ម្ហូប​អឺរ៉ុប​និង​ខ្មែរ​មួយចំនួន​ដែរ ដោយសារ​ជនជាតិ​ចិន​ខ្លះ​ក៏ត្រូវ​ការ​ប្រភេទ​ម្ហូប​នេះ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក វ៉ាន់​ដេ​ត ដែល​បាន​បន្ថែមថា មុខម្ហូប​និង​ភេសជ្ជៈ​ប្រមាណ​២០០​ទៅ​៣០០​មុខ នឹងត្រូវ​ដាក់ចូល​ស​ន្ទា​ន​នុ​ក្រម​មុខម្ហូប​នេះ ៕ 
 

Tag:
 ម្ហូបអាហារ​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com