ភ្នំពេញ៖ ២ឆ្នាំហើយ ដែលលោក កឹម សុខា ប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ដែលបានជាប់ឃុំ និងកំពុងរស់នៅក្នុងគេហដ្ឋាន ស្ថិតនៅក្រោមការត្រួតពិនិត្យក្រោមផ្លូវតុលាការ ដោយសារបណ្តឹងរបស់រដ្ឋាភិបាលពីបទ សន្និដ្ឋិភាពជាមួយបរទេស (សមគំនិតជាមួយបរទេស) តាមមាត្រា៤៤៣នៃក្រមព្រហ្មទណ្ឌ។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចូលចាប់ខ្លួននៅគេហដ្ឋានទាំងពាក់កណ្តាលអាធ្រាត្រថ្ងៃទី២ចូលថ្ងៃទី៣ខែកញ្ញាឆ្នាំ២០១៧ ពោលគឺមុន២ខែ ដែលគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ ដោយសារអំណាចតុលាការកំពូល កាលពីថ្ងៃទី១៦ ខែវិច្ចិកា ។ តុលាការកំពូល បានសម្រេចរំលាយគណបក្សសង្គ្រោះជាតិ តាមរយៈបណ្ដឹងពីខាងគណបក្សហ្វ៊ុនស៊ិនប៉ិចរបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ និងគណបក្សយុវជនកម្ពុជារបស់លោក ពេជ្រ ស្រស់ ក្រោមហេតុផលស្រដៀងគ្នាថា លោក កឹម សុខា បានជាប់សង្ស័យក្នុងអំពើក្បត់ជាតិ ដែលមិនគួរលើកលែងឲ្យបាន រួមទាំងគណបក្សសង្គ្រោះជាតិទាំងមូលផងដែរ។ មិនត្រឹមតែអស់បក្សនោះទេ សូម្បីតែសមាជិកបក្ស ក៏ត្រូវអស់សិទ្ធិធ្វើនយោបាយ៥ឆ្នាំ ដោយសារបម្រាមតុលាការកំពូលផងដែរ។
មួយឆ្នាំក្រោយនៃការបាត់បង់គណបក្ស លោក កឹម សុខា ក៏ត្រូវបានតុលាការសម្រេចដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ដោយផ្ទេរពីការឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង មកគេហដ្ឋានវិញ កាលពីខែថ្ងៃទី១០ កញ្ញា ២០១៨។ ការសម្រេចដោះលែងលោក កឹម សុខា ពីការឃុំខ្លួនក្នុងពន្ធនាគារ ត្រូវបានតុលាការអះអាងថា វាជាការអនុវត្តដោយយោងទៅលើមូលហេតុសុខភាព និងការធានាផ្នែកនីតិវិធីច្បាស់លាស់ដែលថា «ជនត្រូវចោទឈ្មោះ កឹម សុខា នឹងមិនអាចរត់គេចខ្លួនពីនីតិវិធីតុលាការឡើយ»។
មេធាវីការពារក្តី បានអះអាងថា លោក កឹម សុខា មានបញ្ហាឈឺដៃខាងឆ្វេង ដោយសារតែលោក មានជំងឺកៀបសរសៃដៃ។ ជុំវិញបញ្ហាជំងឺនេះ លោក ចាន់ ចេន មេធាវីការពារក្តី បានប្រាប់សារព័ត៌មានថ្មីៗនៅថ្ងៃទី២ កញ្ញានេះថា លោក កឹម សុខា ត្រូវការវះកាត់ត្រឹមត្រូវ តាមវេជ្ជបញ្ជារគ្រូពេទ្យ ប៉ុន្តែដោយសាររឿងក្តីក្ដាំនេះ លោក កឹម សុខា មិនត្រូវបានអនុញ្ញាតឱ្យទទួលព្យាបាលនៅឡើយ។ «បញ្ហាសុខភាពជាចម្បងរបស់គាត់ (លោក កឹម សុខា) គឺតម្រូវការពេទ្យជំនាញនិងឧបករណ៍ពិនិត្យ និងវះកាត់តាមវេជ្ជបញ្ជា ហើយរហូតមកដល់ពេលនេះ ជំងឺគាត់នៅតែមិនទទួលបានការពិនិត្យ និងព្យាបាលនៅឡើយ។ សមត្ថកិច្ចសុទ្ធតែទទួលបាននិងដឹងពីស្ថានភាពជំងឺគាត់តាមរយៈវេជ្ជបញ្ជារបស់គ្រូពេទ្យជំនាញហើយ»។ នេះជាការបញ្ជាក់របស់លោក ចាន់ ចេន មេធាវីការពារក្តីលោក កឹម សុខា។
គិតមកដល់ពេលនេះ ក្រុមមេធាវីការពារក្តីលោក កឹម សុខា បានសំណើរទៅតុលាការជាច្រើនលើកច្រើនសារ ដើម្បីស្នើសុំឱ្យពន្លឿននីតិវិធី និងទម្លាក់បទចោទលើកូនក្តីខ្លួន ក្រោយពីតុលាការពន្យាពេលស៊ើបអង្កេតអស់ជាង១ឆ្នាំមកហើយនេះ។ លោក ចាន់ ចេន មេធាវីការពារក្តីលោក កឹម សុខា យល់ឃើញថា វាជាពេលវេលាសមល្មម និងគ្រប់គ្រាន់ហើយ ដែលតុលាការគួរតែឆាប់សម្រេចលើសំណុំរឿងមេដឹកនាំនៃអតីតបក្សប្រឆាំងនេះ។
មេធាវីរូបនេះ បាននិយាយដូច្នេះថា៖«ដំណើរការក្ដីរហូតមកដល់ពេលនេះ ហាក់បីដូចជានៅទ្រឹង ហើយអត់មានអ្វីថ្មីទេ។ ហើយកន្លងមកខាងក្រុមមេធាវី បានដាក់ពាក្យស្នើសុំទម្លាក់បទចោទ ហើយបើគិតពីពេលវេលាវាសមល្មម ដែលចៅក្រមល្មមទម្លាក់បទចោទលើកូនក្តី(កឹម សុខា)។ ទោះបីកូនក្តីខ្ញុំ ដែលស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ប៉ុន្តែសេរីភាពរបស់គាត់ នៅតែមានការរឹតបន្តឹង ស្ថិតនៅក្រោមការឃ្លាំងមើល ដូចមាននៅក្នុងសេចក្តីសម្រេចរបស់ចៅក្រមស៊ើបសួរ។ ហើយសូម្បីតែគ្រួសាររបស់គាត់(កឹម សុខា) គឺភរិយារបស់គាត់ ក៏ស្ថិតនៅក្រោមការឃ្លាំងមើលទាំងការចេញចូលផ្ទះផងដែរ»។
មុននឹងតុលាការសម្រេចដោះលែងឱ្យនៅក្រៅឃុំ ហើយឱ្យមករស់នៅក្នុងផ្ទះវិញនេះ លោក កឹម សុខា ក៏ត្រូវបានពន្យាពេលស៊ើបអង្កេត និងជាប់ឃុំអស់រយៈពេលមួយឆ្នាំ នៅក្នុងពន្ធនាគារត្រពាំងផ្លុង។ តាមច្បាប់ ជនត្រូវចោទ នឹងត្រូវដោះលែងឬក៏បញ្ជូនទៅជំនុំជម្រះ ក្រោយពីប្រើពេលយ៉ាងយូរត្រឹម១៨ខែ ក្នុងការស៊ើបសួរ។ តែចំពោះលោក កឹម សុខា តុលាការ អាចប្រើពេលលើសពី១៨ខែ ដើម្បីដាក់លោកឲ្យរស់នៅក្នុងផ្ទះ និងស្ថិតនៅក្រោមការត្រួតពិនិត្យ។
សារព័ត៌មានថ្មីៗ មិនអាចទាក់ទងលោក គី ឬទ្ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដែលគ្រប់គ្រងនិងឃ្លាំមើលលោក កឹម សុខា នោះឡើយ។
តែយ៉ាងណាការដាក់ឱ្យលោក កឹម សុខា ស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការនេះ វាក៏ជាការរឹតដ្បិតសេរីភាព និងការរំលោភសិទ្ធិមនុស្សផងដែរ។ នេះជាការលើកឡើងរបស់លោក អំ សំអាត ដែលស្នើឱ្យតុលាការពន្លឿននីតិវិធី ឬទម្លាក់បទចោទលើករណីលោក កឹម សុខា បើសិនជារកមិនឃើញភស្តុតាងពាក់ព័ន្ធនឹងបទចោទប្រកាន់ «សន្និដ្ឋិភាពជាមួយបរទេស (សមគំនិតជាមួយបរទេស)» ទេនោះ។
មន្ត្រីជាន់ខ្ពស់នៃអង្គការលីកាដូរូបនេះ បាននិយាយដូច្នេះថា៖«ខ្ញុំយល់ឃើញថា នៅក្នុងទិដ្ឋភាពច្បាប់ ឬក្នុងសន្ធិសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិមនុស្ស ក៏គេចែងដែរថា ជនជាប់ចោទត្រូវតែបានការជំនុំជម្រះ ឱ្យបានឆាប់ចំពោះមុខច្បាប់ មិនត្រូវអូសបន្លាយពេលវេលាដល់ជនជាប់ចោទទេ ពីព្រោះវាប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់គាត់។ បើទោះបីជាគាត់(កឹម សុខា) ស្ថិតនៅក្នុងការត្រួតពិនិត្យ ហើយគេកំណត់ព្រំដែនឱ្យនៅក្នុងតែផ្ទះ អ៊ីចឹងគឺវាប៉ះពាល់ដល់សិទ្ធិសេរីភាពក្នុងការដើរហើររបស់គាត់។ អ៊ីចឹងក្នុងច្បាប់អន្តរជាតិ គឺគេថា ឱ្យមានការពន្លឿនជំនុំជម្រះឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន។ ហើយនៅក្នុងរដ្ឋធម្មនុញ្ញយើង ក៏មានចែងពីការទទួលបានសិទ្ធិស្មើគ្នានៅក្នុងការជំនុំជម្រះ»។
បើតាមលោក អំ សំអាត តុលាការគួរតែអនុវត្តនីតិវិធីច្បាប់លើលោក កឹម សុខា ឱ្យបានត្រឹមត្រូវ ខណៈដែលអន្តរជាតិកំពុងយកចិត្តទុកដាក់តាមដានករណីមេដឹកនាំនៃអតីតគណបក្សប្រឆាំងរូបនេះ។
កន្លងមកអ្នករាយការណ៍សិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ និងក្រុមអន្តរជាតិផ្សេងទៀត តែងតែទាមទារឱ្យតុលាការទម្លាក់បទចោទលើលោក កឹម សុខា ដោយពួកគេយល់ឃើញថា ការអនុវត្តនីតិវិធីរបស់តុលាការកំពុងរំលោភមនុស្ស និងការធ្វើទុក្ខបុកម្នេញអ្នកនយោបាយបក្សប្រឆាំង។ ប៉ុន្តែការលើកឡើងរបស់អន្តរជាតិនេះ ត្រូវបានរដ្ឋាភិបាល ច្រានចោល ហើយចាត់ទុកសម្តីពួកគេទាំងនោះ គ្រាន់តែជាបំណងចង់ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជាប៉ុណ្ណោះ៕