ជាតិ
រថយន្តដឹកឈើ១០គ្រឿងទៀត ដែលរកឃើញនៅស្រុកសំឡូត នឹងត្រូវដុតកម្ទេចចោល រូបភាពពី AKP
× ភ្នំពេញ៖រថយន្តដឹកឈើ១០គ្រឿងទៀត នឹងត្រូវដុតកម្ទេចចោល បន្ទាប់ពីអាជ្ញាធររកឃើញថា រថយន្តទាំងនេះ ប្រើប្រាស់ដឹកឈើខុសច្បាប់។ សមត្ថកិច្ចរកឃើញរថយន្តទាំងនេះ នៅក្នុងព្រៃនៃភូមិសាស្ត្រ ចន្លោះឃុំស៊ុង និងឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។
លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថបានប្រាប់សារព័ត៌មានថ្មីៗថា រថយន្តដែលកម្លាំងកងរាជអាវុធហត្ថរកឃើញនេះ ត្រូវបានបំបែកជាផ្នែកៗហើយ ដើម្បីយកទៅកម្ទេចចោល។
«កម្លាំងកងរាជអាវុធហត្ថ កំពុងត្រៀមដុតកម្ទេខរថយន្ត១០ដែលរកឃើញនៅស្រុកសំឡូត។ចំពោះដុតចោលនៅពេលណា រង់ចាំគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិជាអ្នកសម្រេច។ » នេះបើតាមការបញ្ជាក់របស់ លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថបានប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថ្ងៃទី៤កញ្ញា ឆ្នាំ២០១៩។
ពាក់ព័ន្ធរថយន្តទាំង១០គ្រឿងនេះ ត្រូវបានកម្លាំងសមត្ថកិច្ចសង្ស័យថា ជារបស់ក្រុមហ៊ុនរ័ត្នសម្បត្តិ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា។
សូមបញ្ជាក់ថា គិតមកដល់ពេលនេះ អាជ្ញាធរ បានដុតកម្ទេចមធ្យោបាយដឹកជញ្ជូនឈើជាង២០០គ្រឿងហើយ ដោយក្នុងនោះមានប្រភេទរថយន្តកែច្នៃដូចជា ប៉ាកុង សាំយ៉ុង និង ឡុងគ្រីស័រ ជាដើម។ ក្រៅពីរថយន្ត ក៏នៅមានម៉ូតូកែច្នៃមួយចំនួនទៀត ដែលត្រូវបានដុតកម្ទេចចោលដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com