អន្តរជាតិ
មហា​ធៀ​៖ ប្រជាជន​ម៉ាឡេស៊ី មិនត្រូវ​ការបង្កើន​អាយុ​ចូលនិវត្តន៍​ឡើយ​
04, Sep 2019 , 9:59 pm        
រូបភាព
សម្តេចហ៊ុន សែន និង នាយករដ្ឋមន្រ្តីមហាធៀ មហាម៉ាត់ នៅក្នុងវិមានសន្តិភាព, ប្រភពXinhua
សម្តេចហ៊ុន សែន និង នាយករដ្ឋមន្រ្តីមហាធៀ មហាម៉ាត់ នៅក្នុងវិមានសន្តិភាព, ប្រភពXinhua
​នាយករដ្ឋមន្ត្រី​មហា​ធៀ មហាម៉ាត់​កាល​ថ្ងៃទី​០៣ ខែកញ្ញា បាន​ច្រានចោល​លើ​សំណើរ​របស់​រដ្ឋមន្ត្រី​ធនធានមនុស្ស​រឿង​បង្កើន​អាយុ​ចូលនិវត្តន៍​របស់​ប្រជាជន​ម៉ាឡេស៊ី​។ លើសពីនេះ លោក​គូរ​បញ្ជាក់ថា មនុស្ស​ចាស់​ធ្វើការ​មិនសូវមាន​ប្រសិទ្ធភាព​ឡើយ ហើយ​ប្រឈម​នឹង​ជំងឺ​ច្រើន ប៉ុន្តែ​យុវជន​មាន​ទាំង​កម្លាំង និង​ជំនាញ​។


 
​មនុស្ស​ជាច្រើន​នៅក្នុង​វ័យ​៦០ គឺ​ធ្វើការ​មិនសូវមាន​ប្រសិទ្ធភាព​ឡើយ ហើយ​ក្នុង​វ័យ​នេះ ប្រជាជន​ប្រហែលជា​កំពុង​ប្រឈម​នឹង​បញ្ហា​សុខភាព​ទៀតផង​។ នេះ​ជាស​ម្តី​របស់លោក មហា​ធៀ បានលើកឡើង​ពី​ទីក្រុង​ភ្នំពេញ បន្ទាប់ពី​រដ្ឋមន្ត្រី​ធនធានមនុស្ស​ស្នើរ​សុំ​បង្កើន​អាយុ​ចូលនិវត្តន៍​របស់​ប្រជាជន​។ 
 
​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​វ័យ​៩៤​ឆ្នាំ​រូបនេះ បាន​អះអាងថា​៖« ខ្ញុំ​គិតថា​ចូលនិវត្តន៍​នៅ​អាយុ ៦០​ឆ្នាំ គឺ​គ្រប់គ្រាន់​ហើយ​។ កុំ​ប្រៀបធៀប​ពួកគេ​ជាមួយ​ខ្ញុំ ខ្ញុំ​បាន​ចូលនិវត្តន៍​រួចហើយ តែ​ត្រូវបាន​គេ​ហៅ​ឲ្យ​មក​ធ្វើការ​វិញ​»​។ លោក​បាន​សង្ង​ត់​ធ្ងន់​ទៀតថា កាល​លោក​ជា​នាយករដ្ឋមន្ត្រី រដ្ឋាភិបាល​បាន​បង្កើន​អាយុ​ប្រជាជន​ពី​៥៥​ឆ្នាំ ទៅ ៥៦​ឆ្នាំ​។ តែ​បន្ទាប់ពី​គាត់​ចាក​ចេញពី​តំណែង​មួយ​នេះ រដ្ឋាភិបាល​ជំនាន់​ក្រោយ​បាន​បង្កើន​អាយុ​ចូលនិវត្តន៍​ដល់​៦០​ឆ្នាំ​។ 
 
​យ៉ាងណាមិញ លោក​មហា​ធៀ ក៏​គាំទ្រ​នឹង​ការលើកឡើង​របស់​រដ្ឋ​មន្ត្រី​វ័យក្មេង​ម៉ាឡេស៊ី លោក Syed Saddiq Syed Abdul Rahman ថា​ការបង្កើន​អាយុ​ចូលនិវត្តន៍ គឺ​ប្រៀបដូចជា ដាក់​របាំង​ការពារ​មិន​ឲ្យ​យុវជន​កាន់តំណែង​ណាមួយ​ដែរ​។ ជាការ​យល់ស្រប​នឹង​មតិ​របស់​រដ្ឋមន្ត្រី​វ័យ 26​ឆ្នាំ លោក​មហា​ធៀ​ការពារ​ថា បើ​រដ្ឋាភិបាល​កំណត់ថា​ចូលនិវត្តន៍​នៅ​អាយុ ៦៥​ឆ្នាំ វា​នឹង​បង្ក​ការលំបាក​ដល់​យុវជន​ដែលមាន​ជំនាញ​ត្រឹមត្រូវ​ក្នុងការ​កាន់​មុខងារ​ណាមួយ​។ 
 
​ខណៈពេល​លោក​ប្រមុខ​រដ្ឋាភិបាល​ម៉ាឡេស៊ី​ច្រានចោល​លើ​សំណើរ​បង្កើន​អាយុ​ចូលនិវត្តន៍​របស់លោក​រដ្ឋមន្ត្រី​ធនធានមនុស្ស គូ​ឡា​ស៊ី​ហ្គា​រ៉ា​ន់​(M Kulasegaran) លោក​មហាម៉ាត់​ក៏​ឆ្លៀត​ប​ញ្ជេ​ញ​យោបល់​ឲ្យ​សហគ្រិន​ម៉ាឡេស៊ី​ហ៊ាន​ចេញ​រកស៊ី​ទៅ​ក្រៅប្រទេស ជាពិសេស​នៅក្នុង​អាស៊ាន ព្រោះ​រដ្ឋាភិបាល​បាន​ជួយ​សម្របសម្រួល​ជំនួញ​របស់​ពួកគេ​រួចហើយ​។ បានសេចក្តីថា​ការពង្រីក​ជំនួញ​នៅក្រៅ​ប្រទេស ក៏​ប្រៀបដូចជា​ការពង្រឹង​សេដ្ឋកិច្ច​នៅក្នុង​ស្រុក​ដែរ​។  
 
​ជាការ​ពិត កាលពី​ថ្ងៃទី​០១ ខែកញ្ញា សភា​សហព័ន្ធ​ពាណិជ្ជកម្ម​ម៉ាឡេស៊ី និង​លោក​រដ្ឋមន្ត្រី​ធនធានមនុស្ស បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បង្កើន​អាយុ​ចូលនិវត្តន៍​របស់​ប្រជាជន និង​ការចំណាយ​នៃ​ថ្លៃ​រស់នៅ ៥០០ រីង​ហ្គី​ត ឬ​ច្រើនជាង​នេះ តែ​ត្រូវ​រដ្ឋមន្ត្រី​យុវជន និង​កីឡា​បដិសេធ ហើយ​ឲ្យ​រដ្ឋាភិបាល​គិតគូរ​ពី​ឪ​កាស​ការងារ​សម្រាប់​យុវជន​ម៉ាឡេស៊ី​ល្អ​ជាង​។  
 
​សូមបញ្ជាក់ថា លោក​មហា​ធៀ មហាម៉ាត់ បានធ្វើ​ទស្សនៈកិច្ច​មក​កម្ពុជារ​យៈ​ពេល ៣​ថ្ងៃ មុនពេល​គាត់​ចូលរួម​វេទិការ​សេដ្ឋកិច្ច​អាស៊ី​ខាងកើត នៅ​ទីក្រុង វ្លា​ឌី​វ៉ូ​ស្តុក (Vladivostok) ប្រទេស​រុស្ស៊ី​។ ក្នុង​ដំណើរ​ទស្សនៈកិច្ច​លើក​នេះ លោកនាយក​រដ្ឋមន្ត្រី ក៏បាន​លើកឡើង​ពី​ជំនួញ​របស់​ម៉ាឡេស៊ី​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ ហើយ​សរសើរ​ថា​កម្ពុជា គឺជា​ប្រទេស​មាន​សក្តានុពល​សម្រាប់​សហគ្រិន​ម៉ាឡេស៊ី   និង​ការវិនិយោគ​៕

Tag:
 មហា​ធៀ​
  ម៉ាឡេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com