​ក្រសួង​អប់រំ​៖ មន្ត្រី​ធ្វើការ​ពេញ​ដោយ​បទពិសោធន៍ និង​ជំនាញ ដូច្នេះ​លទ្ធផល​បាក់​ឌុប​គឺ​សុក្រឹត​
ជាតិ
បាក់ឌុប
​ក្រសួង​អប់រំ​៖ មន្ត្រី​ធ្វើការ​ពេញ​ដោយ​បទពិសោធន៍ និង​ជំនាញ ដូច្នេះ​លទ្ធផល​បាក់​ឌុប​គឺ​សុក្រឹត​
12, Sep 2019 , 12:17 pm        
រូបភាព
លោករដ្ឋមន្ត្រី ហង់ ជួន ណារ៉ុន ចុះពិនិត្យផ្ទាល់​រាល់ដំណាក់កាល។ រូបថត MoEYS Cambodia
លោករដ្ឋមន្ត្រី ហង់ ជួន ណារ៉ុន ចុះពិនិត្យផ្ទាល់​រាល់ដំណាក់កាល។ រូបថត MoEYS Cambodia
​ភ្នំពេញ​៖ ដំណើរការ​គ្រប់​ដំណាក់កាល​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) សម័យ​ប្រឡង ១៩ សីហា ២០១៩ ត្រូវបាន​ក្រសួង​អប់រំ យុវជន និង​កីឡា អះអាងថា អាច​ទទួលយកបាន ដោយសារតែ​មន្ត្រី​ដែល​ទទួលបន្ទុក ធ្វើការ​ប្រកបដោយ​ជំនាញ និង​មានបទពិសោធន៍​ខ្ពស់​។ សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង នា​ថ្ងៃទី​១២ ខែកញ្ញា នេះ ដែរ ក៏បាន​លើកឡើង​ជាពិសេស​ទាក់ទង​នឹង​សុក្រឹតភាព​នៃ​ការ​ស្រង់​ពិន្ទុ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ផងដែរ​។​

 
បន្ទាប់ពី​មាន​បេក្ខជន​ប្រមាណ​១០០​នាក់ ដោយ​ខ្លះ​ពុំ​សុខចិត្ត​លើ​លទ្ធផល​ប្រឡង​ធ្លាក់ និង​បេក្ខជន​មួយចំនួនទៀត​ពុំ​សុខចិត្ត​លទ្ធផល​ដែល​ខ្លួន​ទទួល​និទ្ទេស B ឬ C នោះ ក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ដើម្បី​បញ្ជាក់​ពី​សុក្រឹតភាព​នៃ​ការងារ​របស់ខ្លួន ជាមួយនឹង​ការបកស្រាយ​៦​ចំណុច​។​
 
​ក្រសួង​បាន​អះអាងថា ដំណាក់កាល​សំណេរ កំណែ និង​បូក​ស្រង់​ពិន្ទុ  មាន​យន្តការ​ត្រួតពិនិត្យ​ផ្នែក​បច្ចេកទេស​យ៉ាង​ហ្មត់ចត់ តាមរយៈ​ការបង្កើត​គណៈកម្មការ​បច្ចេកទេស​ជាច្រើន ដោយ​មន្ត្រី​ដែល​បំពេញភារកិច្ច​ទាំងនោះ ពោលគឺ​សាស្ត្រាចារ្យ​ប្រកបដោយ​បទពិសោធន៍​ខ្ពស់ បាន​អនុវត្តបាន​គោលការណ៍​ច្បាប់ រក្សា​យុ​តិ្ត​ធម៌ និង​សម្ងាត់​។ 
 
​ទាក់ទង​នឹង​ដំណាក់កាល​បូក​ស្រង់​ពិន្ទុ​ដោយ​ប្រើប្រាស់​កុំព្យូទ័រ ក្រសួង​អប់រំ បាន​បង្កើត​មជ្ឈមណ្ឌល​បូក​ស្រង់​ពិន្ទុ  ដោយបាន​កែលម្អ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ Hardware និង​ដាក់ឱ្យ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​Software​ថ្មី ព្រមទាំង​មានការ​ត្រួតពិនិត្យ​ដែល​អនុវត្ត​ទៅតាម​Protocol បច្ចេកវិទ្យា និង​គណៈកម្មការ​ត្រួត​ពិនិត្យ​ផ្ទៀងផ្ទាត់​។ 
 
​រួមជាមួយ​នឹង​ដំណើរ​អនុវត្ត​ទាំងនេះ មន្ត្រី​អប់រំ​ដែល​ក្រសួង​ជ្រើសរើស​ឱ្យមក​បំពេញភារកិច្ច​ក្នុង​ដំណើរការ​ប​ញ្ជូ​ល​ពិន្ទុ​លើ​ប្រព័ន្ធ​កុំព្យូទ័រ បាន​ឆ្លងកាត់​ការប្រឡង​ធ្វើតេស្ត​សមត្ថភាព និង​វគ្គ​បំប៉ន​ប​ចេ្ច​ក​ទេស​បន្ថែម​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា នា​ថ្ងៃទី​១២​កញ្ញា​។  
 
​ការ​កែស​ន្លឹ​កិច្ចការ​របស់​បេក្ខជន ត្រូវបាន​ធ្វើឡើង​ដោយមាន​លក្ខណៈ​សម្ងាត់​និង​យុត្តិធម៌ តាមរយៈ​ការផ្តល់​ពិន្ទុ​ដោយ​សាស្ត្រ​ចា​រ្យ​២​រូប លើ​សន្លឹក​កិច្ចការ​តែមួយ ដើម្បី​ធានា​សង្គតិភាព​លើក​ការកែ​នេះ​។ 
 
​ជា​លទ្ធផល​នៃ​ដំណើរ​ការកែ​និង​បូក​ស្រង់​ពិន្ទុ របស់​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​)​ក្នុងសម័យ​ប្រឡង​១៩-២០​សីហា ឆ្នាំ​២០១៩ មាន បេក្ខជន​ប្រឡង​ជាប់​ស្ថាពរ​សរុប ៧៩,០៥២​នាក់ ស្មើនឹង​៦៨,៦២​ភាគរយ ក្នុងចំណោម​បេក្ខជន​ដែលមាន​វត្តមាន​ក្នុងការ​ប្រឡង​ចំនួន​១១៥,២០៨​នាក់​។ ក្រសួង​បាន​បន្ថែមថា​៖ «​ចំនួន​បេក្ខជន​ដែល​ជាប់​បាក់​ឌុប​នេះ គឺជា​លទ្ធផល​ដែល​មិនអាច​កាត់ផ្តាច់​បាន អំពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​មន្ត្រី​អប់រំ គ្រប់​គណៈកម្មការ​ទាំង​អស់ និង​ការគាំទ្រ​យ៉ាង​ពេញទំហឹង​បំផុត​ពី​សំណាក់​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​»​។ 
 
​ការតវ៉ា​របស់​បេក្ខជន មាន​មួយចំនួន​ពុំ​សុខចិត្ត​លើ​លទ្ធផល ធ្លាក់ ប៉ុន្តែ​មួយចំនួនទៀត ពុំ​សុខចិត្ត​ដោយសារ​ទទួលបាន​និទ្ទេស​ត្រឹម B ឬ C ហើយ​ពួកគេ​ទាមទារ​យក​និទ្ទេស A​។ ក្រៅពី​បង្ហាញ​ការជឿជាក់​លើ​មន្ត្រី​របស់ខ្លួន ក្រសួង​បាន​រំលឹកថា លទ្ធផល​ប្រឡង​នេះ​គឺ​ឆ្លុះបញ្ចាំង​សារសំខាន់​បីយ៉ាង​។ ទី​១.​អ្នកចេះ​គឺជា​ប់ ទី​២. ការប្រឡង​ប្រព្រឹត្ត​ទៅដោយ​យុ​តិ្ត​ធម៌ តម្លាភាព​គោលការណ៍​ច្បាប់ និង​ភាព​ទទួលយកបាន​។ ទី​៣. លទ្ធផល​ប្រឡង​ពុំមែន​ជាការ​កំណត់​វាសនា​រប​ស់​បេក្ខជន​ទេ ប៉ុន្តែ​ជា​ការវាស់ស្ទង់​សមត្ថភាព និង​ជំរុញឱ្យមាន​ការខិតខំ​ប្រឹង​បន្ត​ទៅមុខទៀត​៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com