ជាតិ
នយោបាយជាតិ
លោក កឹម សុខា នៅតែឲ្យតម្លៃលើ «ភាពស្ងៀមស្ងាត់ ហើយចៀសវាងប្រើហិង្សា» លោក សម រង្ស៊ី និង លោក កឹម សុខា ស្ថិតក្នុងពិធិសូត្រមន្ត មុននឹងចាប់ផ្តើមដឹកនាំធ្វើមហាបាតុកម្មនៅភ្នំពេញកាលពីឆ្នាំ២០១៣ ដើម្បីទាមទារឲ្យនាយករដ្ឋមន្រ្តី ហ៊ុន សែន ចុះចេញពីតំណែង (រូបពី AFP)
× លោក កឹម សុខា ប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំក្នុងផ្ទះ នៅតែចង់ឲ្យមានការរក្សាភាពស្ងៀមស្ងាត់ ជាពិសេសក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ។ អ្នកស្រី ម៉េង សុភារី មេធាវីម្នាក់របស់លោក កឹម សុខា បានបង្ហោះទស្សនៈរបស់លោក លើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩។
អ្នកស្រី ម៉េង សុភារី ដែលអ្នកអះអាងថា បានទៅជួបលោក កឹម សុខា ជាមួយលោកមេធាវី ផែង ហេង កាលពីថ្ងៃទីទី១៩ ខែកញ្ញា បានសរសេរពីសម្តីរបស់លោក កឹម សុខា យ៉ាងដូច្នេះ៖«ស្ងប់ស្ងៀមដោយប្រើបញ្ញា ប្រសើរជាងហិង្សាដោយឆ្កួតវង្វេង»។
អ្នកស្រីមេធាវី ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា លោក កឹម សុខា ដែលជាអ្នកអហិង្សានិយម ពុំបាននិយាយអ្វីផ្សេង ក្រៅតែពីសារខាងលើនោះទេ។ អ្នកស្រី បន្ត ក្រុមមេធាវី នៅតែទាមទារឲ្យទម្លាក់បទចោទចេញពីលោក កឹម សុខា។
ថ្មីៗនេះ មានមន្ត្រីនិងសកម្មជននៃអតីតគណបក្សប្រឆាំងដល់ទៅ៦នាក់ ដែលត្រូវចាប់ខ្លួន។ អ្នកទាំងនោះ គឺ កញ្ញា យូ ចាន់ធានី លោក យ៉ាត ភារម្យ លោក ទុំ ប៊ុនថន លោក លី ម៉េងឃាង លោក លី លីន និង លោក ឈុន ថៃយុទ្ធ។ កន្លងមក មានសកម្មជនជិត២០នាក់ផ្សេងទៀត ក៏ត្រូវបានចាប់ខ្លួនផងដែរ ដែលមកដល់ពេលនេះ ពួកគេ កំពុងតែជាប់ឃុំ។
សហរដ្ឋអាមេរិក តាមរយៈអ្នកស្រី Morgan Ortagus អ្នកនាំពាក្យការបរទេស បានស្នើមករដ្ឋាភិបាលកម្ពុជា ឲ្យដោះលែងសកម្មជននៃអតីតគណបក្សសង្គ្រោះជាតិទាំង៦នាក់នោះ ដែលទើបនឹងត្រូវបានចាប់ខ្លួន និង អ្នកដែលត្រូវបានចាប់ខ្លួននាពេលកន្លងមក រួមទាំងលោក កឹម សុខា ផងដែរ។ អ្នកស្រី បានហៅការចាប់អ្នកទាំងនោះ ថាធ្វើឡើងតាមអំពើចិត្តនិងខុសច្បាប់។
ការថ្លែងសាររបស់អ្នកនាំពាក្យការបរទេសរបស់សហរដ្ឋអាមេរិក គឺធ្វើឡើងតាមរយៈវីដូអូឃ្លីប ជិតមួយនាទី កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩។ អ្នកស្រី បញ្ជាក់ដូច្នេះថា៖«យើង នៅតែទទូចឲ្យរដ្ឋាភិបាលកម្ពុជា ស្តារលទ្ធិប្រជាធិធិបតេយ្យសេរីពហុបក្សឡើងវិញ ហើយការពារសិទ្ធិមនុស្ស និង សិទ្ធិជាមូលដ្ឋានផ្សេងទៀត»។
អតីតគណបក្សប្រឆាំង បានចេញសេចក្តីថ្លែងការណ៍ពីក្រៅប្រទេសមក ដោយបានថ្តោលទោសរដ្ឋាភិបាលកម្ពុជា។ សេចក្តីថ្លែងការណ៍ដែលចេញនៅថ្ងៃទី១៤ ខែកញ្ញា បានសរសេរថា៖«ការចាប់និងឃុំខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិខាងលើ គឺជាទង្វើរំលោភបំពានយ៉ាងកម្រោលលើច្បាប់ជាតិនិងអន្តរជាតិ ព្រមទាំងរដ្ឋធម្មនុញ្ញកម្ពុជា.....»។
រដូវបុណ្យភ្ជុំបិណ្ឌមកដល់ សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានបង្គាប់ទៅគ្រប់អភិបាលរាជធានី-ខេត្ត ឲ្យដាក់កម្លាំងឃ្លាំមើលអ្នកគាំទ្រគណបក្សប្រឆាំង នៅតាមវត្តអារាម ដោយបារម្ភថា ពួកគេ យកលេសនៃការទៅវត្ត ដើម្បីជួបជុំគ្នា ហើយលួចជជែកគ្នាពីផែនការខ្មៅងងឹត។ រដ្ឋមន្ត្រីមហាផ្ទៃ ដែលមានសិទ្ធិអំណាចមើលការខុសត្រូវលើអភិបាលរាជធានី-ខេត្ត ដែលជារដ្ឋបាលថ្នាក់ក្រោមជាតិ បានដាក់បញ្ជាថា៖«សូមនាំគ្នាចាត់ចែង»។
លោក សម រង្ស៊ី ដែលតែងប្រកាសថាលោកជាដៃគូនយោបាយស្លាប់រស់របស់លោក កឹម សុខា ហាក់ដូចជាមានយុទ្ធសាស្ត្រនយោបាយផ្ទុយពីលោក កឹម សុខា ដោយលោក បានរៀបចំផែនការផ្លាស់ប្តូរ ដោយប្រើកម្លាំងមហាជន និងបានអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធផ្តាច់ខ្លួនពីរដ្ឋាភិបាល ហើយចូលរួមជាមួយលោក។ លោក ដាក់ផែនការថា លោក និងបក្សពួក នឹងចូលមកកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។
ដោយឡែក លោក កឹម សុខា តែងរក្សាភាពស្ងៀមស្ងាត់ ដោយមិនសូវបញ្ចេញសារនយោបាយអ្វីឡើយ ចាប់តាំងពីលោក ត្រូវបានចាប់ខ្លួន កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៧មក ។ លោក ជាប់ឃុំក្នុងពន្ធនាគារត្រពាំងផ្លុងអស់រយៈពេលមួយឆ្នាំ ហើយក្រោយត្រូវបានផ្ទេរឲ្យទៅរស់នៅក្នុងផ្ទះ ដោយគិតមកដល់ពេលនេះ មានរយៈពេលមួយឆ្នាំដែរហើយ។ ក្នុងរយៈពេលពីរឆ្នាំមកនេះ ក្រុមប្រឆាំង និងសហគមន៍អន្តរជាតិមួយចំនួន តែងអំពាវនាវជាដដែលៗ ឲ្យដោះលោក កឹម សុខា និងហៅការឃុំខ្លួនលោក ថាអយុត្តិធម៌៕
© រក្សាសិទ្ធិដោយ thmeythmey.com